ប្រជាពលរដ្ឋស្រុកអូររាំង រីករាយពេលបានផ្លូវធ្វើដំណើរស្អាត ពិសេសសិស្សសាលា
ខេត្តមណ្ឌលគិរី ៖ ផ្លូវបេតុងថ្មីមួយខ្សែ ដែលជាជំនួយ របស់សប្បុរសជន បានធ្វើឱ្យ ប្រជាពលរដ្ឋ រស់នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសសិស្សសាលា ខណៈផ្លូវមួយខ្សែនេះ ពីមុនមានសភាពលំបាកខ្លាំងនៅរដូវវស្សា ហើយផ្លូវតូចចង្អៀត រអិលពេលមានភ្លៀងធ្លាក់។
ប្រជាពលរដ្ឋ បានបង្ហាញថា ពីមុនផ្លូវនេះគឺលំបាកខ្លាំង និងតូចចង្អៀត ពិសេសនៅរដូវវស្សាផ្លូវរអិលខ្លាំង។ ក្មេងៗធ្វើដំណើរទៅសាលាក៏ពិបាកណាស់ដែរ ។ ប៉ុន្តែបច្ចុប្បន្ន ផ្លូវស្អាតល្អ ធំទូលាយ ធ្វើដំណើរបានងាយស្រួល ។
ក្រុមប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលខិតខំស្ថាបនាផ្លូវបេតុងនេះឡើង ធ្វើឱ្យពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាព។
អភិបាលស្រុកអូររាំង លោក សៀក មុន្នី បានឱ្យដឹងថា ការស្ថាបនាផ្លូវនេះគឺក្នុងបំណងធ្វើឱ្យ ប្រជាពលរដ្ឋ ធ្វើដំណើរបានងាយស្រួល។ ថវិកាស្ថាបនាផ្លូវបេតុងមួយខ្សែនេះ ចំណាយជាង ២០ម៉ឺនដុល្លារ ដែលជាថវិការ របស់សប្បុរសជនក្រៅស្រុក ហើយរដ្ឋបាលស្រុក បានរួមចំណែកក្នុងផ្ដល់កម្លាំងពលកម្មខ្លះៗ រួមគ្នាស្ថាបនាផ្លូវនេះឡើង។
លោកអភិបាលស្រុក បានបន្តទៀតថា ផ្លូវបេតុងមួយខ្សែនេះ មានប្រវែង ២០០០ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ហើយបានបញ្ចប់ការស្ថាបនាជាស្ថាពរហើយ កាលពីប៉ុន្មានថ្ងៃមុន។ លោកបន្តថា រដ្ឋបាលស្រុក មានផែនការតភ្ជាប់ផ្លូវបេតុងនេះ ឱ្យដល់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូររាំង ខណៈដែលតំបន់ព្រំដែន ក៏បានបោះបង្គោលកំណត់ព្រំប្រទល់រួចរាល់។
សូមបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែ ដែលរដ្ឋបាលស្រុកអូររាំង បានស្វែងរកសប្បុរសជនស្ថាបនា ឱ្យពលរដ្ឋប្រើប្រាស់នេះ ផ្តល់អត្ថប្រយោជន៍សម្រាប់ ប្រជាជនក្នុងតំបន់ ដែលសុទ្ធជា បងប្អូនជនជាតិដើមភាគតិចព្នង ហើយបងប្អូនខ្មែរក៏អាស្រ័យលើផ្លូវនេះ ដើម្បីមកទិញផលដំណាំនានា ឬទិន្នផលបន្លែផ្លែឈើធម្មជាតិ ដែលបងប្អូនជនជាតិដើមបានរកមកពីក្នុងព្រៃ៕