ព្រឹត្តិការណថ្ងៃរះ ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ទាក់ទាញទេសចរជាតិ អន្តរជាតិជិត ៤ម៉ឺននាក់
ខេត្តសៀមរាប ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងបញ្ចប់ នូវព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលកណ្តាល ប្រាសាទអង្គរវត្ត ទោះជាផ្ទៃមេឃមិនអំណោយផល ក៏ប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយ ទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ បានមកប្រមូលផ្តុំខាងមុខប្រាង្គប្រាសាទអង្គរបតាំងព្រឹកព្រលឹម ដើម្បីរង់ចាំទស្សនាថ្ងៃរះ ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ។
សមរាត្រីប្រចាំឆ្នាំលើកទី២នេះ មានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ។ ឆ្នាំនេះបើទោះជារយៈពេល ៣ថ្ងៃជាប់ៗគ្នា ផ្ទៃមេឃអាប់អួបន្តិចក្តី តែទេសចរជាតិ អន្តរជាតិ នៅតែបានក្រោកតាំងពីព្រលឹមស្រាងៗ មករង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ ជាមួយនឹងការឆ្លៀតចូលទស្សនាសម្រស់ ប្រាសាទអង្គរវត្តនាព្រឹកព្រហាមផងដែរ ។
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៣ ខែកញ្ញានេះ បានស្រង់ថេរដីកា ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប មកបញ្ជាក់ថា នេះជាលើកទីពីរ ដែលព្រះអង្គ បាននិមន្តមកទស្សនាថ្ងៃរះ ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុ មិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃ ក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោកយាយ ម៉ម វាត់ អាយុ ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បាននិយាយថា នេះជាលើកទី៥ហើយ ដែលលោកយាយ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះ ចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត ព្រមទាំងបាននាំបងប្អូនញាតិមិត្ត មកទស្សនាថែមទៀត។លោកយាយបន្តថា បើទោះបីឃើញថា អាកាសធាតុមិនអំណោយផលល្អ តែលោកយាយ នៅតែចង់មកទស្សនាប្រាសាទអង្គរវត្ត ព្រោះតែកោតសសើរស្នាដៃបុព្វបុរសខ្មែរ ដែលលោកបានកសាងអង្គរវត្ត និងប្រាសាទបុរាណជាច្រើនលើទឹកដី នៃខេត្តសៀមរាប។
ប្រភពពី អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត ៤ម៉ឺននាក់ បានចូលមកទស្សនាថ្ងៃរះ នៅប្រាសាទអង្គរវត្ត។
សូមជម្រាបជូនថា ព្រឹត្តិការណ៍សមរាត្រី តែងតែកើតឡើងនៅចំកំពូលប្រាសាទអង្គរ ក្នុងមួយឆ្នាំចំនួនពីរដង គឺនៅខែមីនា និងខែកញ្ញា៕
ដោយ៖មុនី