ក្រុមឧក្រិដ្ឋជននិងអ្នកទោស មេខ្លោងគ្រឿងញៀន១៣នាក់ បានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស

រាជធានីភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជន និងអ្នកទោសមេខ្លោងគ្រឿងញៀន ចំនួន ១៣នាក់ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្នកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ជនសង្ស័យទាំង ១៣នាក់នោះ ត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារព្រៃស ពីបទជាច្រើនដូចជា៖ ការរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ផ្តើមគំនិត ក្នុងអំពើចាប់ ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់ មានស្ថានទម្ងន់ទោស លួចរត់មានស្ថានទម្ងន់ទោស ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធ ក្នុងទីកន្លែងសាធារណៈ និងបទល្មើសសម្អាតប្រាក់ តាមបញ្ញត្តិ មាត្រា ៤៨៦ មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ មាត្រា ៥៦៤ មាត្រា ២៨ មាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បទសមគំនិត ក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស (ដោយមានប្រើប្រាស់អាវុធ) តាមបញ្ញត្តិ មាត្រា ២៩ និងមាត្រា ៥៦៤ នៃក្រមព្រហ្មទណ្ឌ។ បទសមគំនិត ក្នុងអំពើរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៤៨៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ បទសមគំនិត ក្នុងអំពើចាប់ ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ។

បទបោះបង់អាវុធ ក្នុងទីកន្លែងសាធារណៈ ផ្តើមគំនិត ក្នុងអំពើបោះបង់អាវុធ ក្នុងទីកន្លែងសាធារណៈ និងសមគំនិត ក្នុងអំពើបោះបង់អាវុធ ក្នុងទីកន្លែងសាធារណៈ តាមបញ្ញត្តិមាត្រា ២៨ មាត្រា ២៩ និងមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ។

ជាមួយនឹង បទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់មានស្ថានទម្ងន់ទោសតាមបញ្ញត្តិមាត្រា ៤៨៦ មាត្រា ៤៨៥ និងមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ និងបទកាន់កាប់ និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន និងអ្នកទោសមេខ្លោងគ្រឿងញៀន ចំនួន ១៣នាក់ ដែលធ្វើសកម្មភាពរំដោះអ្នកទោសនៅខេត្តសៀមរាប ក្នុងនោះមានជនជាតិចិន ជនជាតិខ្មែរ ជនជាតិខ្មែរកាត់អាមេរិក និងជនជាតិតួកគី៕

អត្ថបទដែលជាប់ទាក់ទង