អ្នកជំនាញ បន្តជួសជុលរចនាសម្ព័ន្ធ មុខព្រហ្មរបស់ខ្លោងទ្វារខាងកើត ប្រាសាទតាព្រហ្ម
ខេត្តព្រះសីហនុ ៖ អាជ្ញាធរជាតិអប្សរា តាមរយៈ កិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បន្តជួសជុលកំពូលមុខព្រហ្ម របស់ខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម ជាបន្តទៀត បន្ទាប់ពីក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk) បានអនុញ្ញាតឱ្យប្រើថ្មថ្មីមកជំនួសថ្មចាស់ ដែលខូចខាត និងបាត់បង់ ដើម្បីអាចឱ្យខ្លោងទ្វារនេះមានរូបរាងពេញលេញឡើងវិញ។
ប្រធានគ្រប់គ្រងការដ្ឋានជួសជុល នៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម គឺសម្រេចបានតួខ្លោងទ្វារ រួមទាំង ស្លាបសងខាង និងរចនាសម្ពន្ធដំបូល។
បច្ចុប្បន្ន ក្រុមការងារជួសជុល បានបន្តចាប់ពីរចនាសម្ពន្ធចង្ការ នៃផ្ទៃមុខព្រហ្មឡើងទៅលើបន្ថែមទៀត តាមថ្មចាស់ ដែលនៅសេសសល់ ដើម្បីឱ្យខ្លោងទ្វារនេះ មានរូបរាងដូចដើមឡើងវិញ។
ក្រុមការងារ បង្ហាញការត្រេកអរ ដែលអ្នកជំនាញ អាយ ស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានអនុញ្ញាត។ ហើយរំពឹងថា ខ្លោងទ្វារទាំងមូលនឹងបង្ហាញរូបរាងពេញលេញតាមលំនាំដើម ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្មនេះ បានចាប់ផ្ដើមជួសជុលកាលពីដើមឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខ។ នៅមុនពេលជួសជុល ខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោមខ្លាំង គឺប្រាង្គកណ្ដាលផ្នែកខាងលើ និងថ្មដំបូលរលុះទាំងស្រុង គឺនៅសល់ផ្នែកខ្លះ នៃស្លាបសងខាងប៉ុណ្ណោះ តែគ្មានលំនឹង ហែក ក្រៀកចេញពីគ្នា ក្នុងស្ថានភាពហានិភ័យខ្ពស់៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា