អ្នក​ភូមិ​ដាច់ស្រយាល​មួយ ​នៅ​ខេត្ត​កំពត​ អំពាវនាវ​ដល់​​អ្នក​ពាក់ព័ន្ធ​ ពិនិត្យ​ការ​ចាយវាយ​ថវិកា​ជាតិ​ តាម​សាលា​រដ្ឋ​ ឱ្យ​មាន​ប្រសិទ្ធភាព 

ខេត្តកំពត ៖ អ្នក​ភូមិ​ជនបទ​ដាច់ស្រយាល​មួយ​កន្លែង​ នៅ​ខេត្ត​កំពត​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​ការ​ចាយវាយ​ថវិកា​ជាតិ នៅ​តាម​សាលា​រដ្ឋ​ ឱ្យ​មាន​ប្រសិទ្ធភាព។ ពួកគាត់​មួយ​ចំនួន ​ថ្លែង​ដូចៗគ្នា​ថា ខ្លួន​ពុំ​ធ្លាប់​បាន​ដឹង​ពី​ចំនួន ​នៃ​កញ្ចប់​ថវិកា​ដែល​ក្រសួង​អប់រំ​ ដាក់​មក​សាលា​ដែល​កូនៗ​ពួកគាត់ ​កំពុង​រៀន​នោះ​ទេ។ ពួកគេ​បន្ត​ថា បើ​រដ្ឋ​មាន​ថវិកា​បែងចែក​គ្រប់គ្រាន់​មក​ហើយ សូម​ធ្វើ​យ៉ាងណា​ចាយ​វាយ​ឱ្យ​បាន​ត្រឹមត្រូវ និង​តម្លាភាព។

ចំណែក​នាយក​សាលា​មួយ​កន្លែង ​ស្ថិត​នៅ​ឃុំ​ស្រែជាខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត ឆ្លើយ​តប​ថា សាលា​មាន​របាយការណ៍​ ចំណូល​ចំណាយ​ជាក់ស្ដែង ដោយ​តម្លាភាព និង​បិទ​ផ្សព្វផ្សាយ​នៅ​កន្លែង​ផ្ដល់​ព័ត៌មាន​របស់​សាលា ប៉ុន្តែ លោក​ថា អាណាព្យាបាល​ទេ ដែល​មិន​ចូលរួម​តាម​ដាន និង​សាកសួរ​មក​គណៈ​គ្រប់គ្រង​សាលា។

រីឯ​សង្គម​ស៊ីវិល ​ដែល​ឃ្លាំមើល​វិស័យ​អប់រំ និង​សិទ្ធិមនុស្ស​ថា ក្រសួង​គួរ​ជំរុញ​ទៅ​ការិយាល័យ​អប់រំ ​ស្រុក​ពង្រឹង​យន្តការ ​របស់​ក្រសួង​អប់រំ​ ឱ្យ​មាន​តម្លាភាព ចំណែក​អាណាព្យាបាល ​គួរ​ស្វែងយល់​ពី​សិទ្ធិ ​របស់​ខ្លួន​បន្ថែម​ ដើម្បី​ចូលរួម​អភិវឌ្ឍ និង​កសាង​អនាគត​កូនៗ ​របស់​ខ្លួន។

អ្នក​ភូមិ​នៅ​ក្បែរ​ភ្នំ​វល្លិ អតីត​ជំរុំ​ របស់​ខ្មែរ​ក្រហម ស្ថិត​នៅ​ឃុំ​ស្រែជាខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត ជាប់​នឹង​ស្រុក​ដំណាក់ចង្អើរ​ ខេត្ត​កែប ភាគច្រើន​លើសលប់​ជា​កសិករ​ ធ្វើ​ស្រែ​ចម្ការ តាម​យថាផល នា​រដូវ​វស្សា​ នៅ​ពេល​មាន​ទឹក​ភ្លៀង​ជោគជាំ។

តំបន់​នេះ មាន​ចម្ងាយ​ជាង ១៥០​គីឡូម៉ែត្រ ខាង​ត្បូង​ រាជធានី​ភ្នំពេញ និង​ប្រមាណ ៦០​គីឡូម៉ែត្រ ភាគ​ខាង​កើត ​នៃ​ទីរួមខេត្ត​កំពត។

សាលា​បឋមសិក្សា​មួយ​ឈ្មោះ​ថា ខ្នាចប្រីយ៍ បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២។ សាលា​នេះ​ មាន​អគារ​ថ្ម​ផ្ទាល់​ដី ពីរ​ខ្នង ៧​បន្ទប់ និង​អគារ​ចាស់​ប្រក់​ស័ង្កសី ១ខ្នង ២បន្ទប់ ផ្ទុក​សិស្ស​ពី​ថ្នាក់​មត្តេយ្យ ដល់​ថ្នាក់​ទី​៦ ចំនួន ១៤១​នាក់។ អាណាព្យាបាល​ខ្លះ​ចំណាយ​ពេល​នាំ​កូនៗ​ របស់​ខ្លួន​មក​សាលា ទិញ​អាហារ​ពេល​ព្រឹក ដើម្បី​ទទួល​ទាន​មុន​រគាំង​ចូល​សាលា ​នៅ​មុន​ម៉ោង​៧ ជា​ប្រចាំ។

សិស្ស​ធំៗ​បន្តិច​ជិះ​កង់​ឌុប​គ្នា ខ្លះ​ជិះ​តែឯង ខ្លះ​ផ្ទះ​នៅ​ជិត​សាលា នាំ​គ្នា​ដើរ​ស្ពាយ​កាតាប​មក​ជា​ក្រុម និង​មាន​កាន់​លុយ​ទិញ​ចំណី​អាហារ ​ក្នុង​ទីធ្លា​សាលា។

សាលារៀន​នេះ ស្ថិត​នៅ​កណ្ដាល​ភូមិ​ជាប់​របង​វត្ត​ខ្នាចប្រីយ៍ ព័ទ្ធ​ដោយ​ផ្ទះ​តូច​ធំ​មួយៗ ជុំជិត​ដោយ​ចម្ការ​ស្វាយ​ណែនណាន់តាន់តាប់។

អ្នក​ភូមិ​ភាគច្រើន ​សុទ្ធតែ​អះអាង​ថា ពុំ​ដែល​ដឹង​ពី​​កញ្ចប់​ថវិកា​ជាតិ ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បែងចែក​មក​សាលា​រៀងរាល់​ឆ្នាំ​ទេ។ ពួកគាត់​ដឹង​ត្រឹម​ថា លុយ​រដ្ឋ​ ឱ្យ​មក​នាយក​សាលា​ចាត់ចែង ហើយ​ពួកគាត់​ចូលរួម​ថវិកា​តិចតួច​ ពេល​នាយក​ស្នើ​សុំ​សម្រាប់​កិច្ចការ​ទូទៅ ដូចជា៖ ធ្វើ​របង និង​ព្រីន​សំណៅ​ឯកសារ​កូនៗ ​ប្រឡង​ម្ដងម្កាល​ប៉ុណ្ណោះ។

អតីត​ទាហាន​ខ្មែរ​ក្រហម​មួយ​រូប លោក ជៅ វ៉ាន់នី និង​ភរិយា​ដែល​មាន​វ័យ​ជាង ៦០​ឆ្នាំ ស្របាល​គ្នា បាន​ជួប​ជជែក​ជាមួយ​អ្នក​សារព័ត៌មាន​យើង​នៅ​មុខ​ផ្ទះ ​របស់​ពួកគាត់ ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​របង​សាលារៀន​ថា បច្ចុប្បន្ន​នេះ ពួកគាត់​មាន​ចៅ​ប្រុស​ម្នាក់​រៀន​នៅ​សាលារៀន​ក្បែរ​ផ្ទះ​នេះ។ រៀងរាល់​ព្រឹក ចៅ​គាត់​បាន​ដើរ​ទៅ​រៀន​ដូច​ក្មេងៗ​ដទៃ​ដែរ។ ពួកគេ​គាត់​អះអាង​ថា តាំង​ពី​កូន​ត​មក​ចៅ​ជាង ២០​ឆ្នាំ​នេះ ពួកគាត់​មិន​ដែល​ដឹង​ថា សាលា​ខ្វះខាត ឬ​មាន​លុយ​ប៉ុនណា ដើម្បី​អភិវឌ្ឍ​សាលា​ទេ។ ពួកគាត់​ថា ម្ដងម្កាល​នាយក​សាលា​ ស្នើ​ជួប​អាណាព្យាបាល ហើយ​ស្នើ​សុំ​ថវិកា​ធ្វើ​នេះ​ធ្វើ​នោះ ពួកគាត់​បាន​ត្រឹម​ចូល​លុយ តិចតួច តាម​លទ្ធភាព។

លោក ជៅ វ៉ាន់នី រៀបរាប់​បន្ត​ថា៖ «កាល​មុន​ចូល​ឆ្នាំ (ខែ​មីនា) សាលា​ធ្លាប់​ហៅ​ឪម៉ែ (អាណាព្យាបាល) ទៅ​ប្រជុំ​ បាទ! ហើយ​សុំ​ឱ្យ​ជួយ​ធ្វើ​របង​សាលា​អ៊ីនឹង។ គ្រូ​ធី សុំ​ថា ម្នាក់​១ម៉ឺន (រៀល) ព្រោះ​ខ្វះ​លុយ​ជាង​ចាក់​បង្គោល​អ៊ី​ជាដើម»។

អតីត​ទាហាន​ខ្មែរ​ក្រហម​រូប​នេះ​បន្ត​ថា ពួកគាត់​តែង​ចូលរួម​តាម​លទ្ធភាព​ជានិច្ច ទោះ​ពេល​ខ្លះ ​សាលា​ស្នើ​សុំ ១ពាន់​រៀល សម្រាប់​បោះពុម្ព​ឯកសារ​ប្រឡង ឬ​ធ្វើ​អ្វី​មួយ។ ចុង​ក្រោយ​លោក​ស្នើ​ថា បើ​សាលា​មាន​ថវិកា​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ទម្លាក់​មក​ទៀងទាត់ និង​គ្រប់គ្រាន់​ហើយ​នោះ សូម​ធានា​ថា ការ​ចាយ​វាយ​គ្រប់​យ៉ាង​ឱ្យ​បាន​ត្រឹមត្រូវ និង​តម្លាភាព។

មិន​ខុស​ពី​លោក ជៅ វ៉ាន់នី ភរិយា​អតីត​ទាហាន​ខ្មែរ​ក្រហម​មួយ​រូប​ទៀត លោកស្រី យឹម ងឹម បាន​រៀបរាប់​ស្រដៀង​គ្នា​នេះ​ថា ពួកគាត់​ចង់​តែ​ឱ្យ​សាលា​មាន​លុយ​អភិវឌ្ឍ​គ្រប់គ្រាន់ ប្រើប្រាស់​ច្បាស់លាស់ ហើយ​ពួកគាត់​ក៏​នឹង​ចូលរួម​បន្ថែម​ទៀត​តាម​លទ្ធភាព។ លើស​ពី​នេះ​លោកស្រី​ស្នើ​ឱ្យ​ក្រសួង​អប់រំ និង​អ្នក​ពាក់ព័ន្ធ​ពិចារណា​បង្កើន​ដល់​អនុវិទ្យាល័យ​នៅ​ទីតាំង​សាលាបឋមសិក្សា​ខ្នាចប្រីយ៍​នេះ​ផង។

លោកស្រី យឹម ងឹម រៀបរាប់​បន្ត​ថា៖ «ពូ​អើយ! បើ​សាលា​មាន​លុយ​ពី​លើ (ក្រសួង) ធ្វើ​នេះ​ធ្វើ​នោះ​គ្រប់គ្រាន់​ហើយ សុំតែ​ច្បាស់លាស់​អី​ទៅ។ បើ​ជួយ​ដល់​ឱ្យ​មានទី៧ ទី៩ ទៀត កាន់តែ​ល្អ ព្រោះក្មេងៗ​ទៅ​ស្រែជា (អនុវិទ្យាល័យ) ឆ្ងាយ​ដែរ​ហ្នឹង។ ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង»។

ឆ្លើយតប​នឹង​ការ​លើកឡើង ​របស់​ពលរដ្ឋ នាយក​សាលាបឋមសិក្សា​ខ្នាចប្រីយ៍ លោក ផូ សុធី អះអាង​ប្រាប់​សារព័ត៌មាន “​កម្ពុជា​ថ្ងៃ​នេះ” កាល​ពី​ថ្ងៃទី២៤ ខែកក្កដា ថា សាលា​របស់​លោក​ មាន​របាយការណ៍​ចំណូល​ចំណាយ​ជាក់ស្ដែង តម្លាភាព និង​បិទ​ផ្សព្វផ្សាយ​ការ​ចំណាយ​រៀងរាល់ ៦​ខែ​ម្ដង នៅ​កន្លែង​ផ្ដល់​ព័ត៌មាន​របស់​សាលា ប៉ុន្តែ លោក​ថា អាណាព្យាបាល​ភាគច្រើន​មិន ​ដែល​ចូលរួម​តាម​ដាន មើល​ព័ត៌មាន​នៅ​កន្លែង​ផ្សព្វផ្សាយ និង​សាកសួរ​មក​គណៈ​គ្រប់គ្រង​សាលា។

លោក ផូ សុធី អះអាង​បន្ត​ថា សាលា​មាន​ហិរញ្ញិក​ធ្វើ​របាយការណ៍​ចំណាយ​​រៀងរាល់​ខែ​ ដាក់​ជូន​ទៅ​ការិយាល័យ​អប់រំ​ស្រុក និង​​ស្នើ​កញ្ចប់​ថវិកា​ជា​ប្រចាំ​មក​ចំណាយ​​តាម​តម្រូវ​ជាក់ស្ដែង ដូច​ការ​ណែនាំ​ពី​ថ្នាក់​លើ។

លោក ផូ សុធី រៀបរាប់​ថា៖ «នេះ​ជា​លោក​គ្រូ ញ៉ឹប សម្បត្តិ នាយករង​សាលា។ គាត់​ធ្វើ​របាយការណ៍​ចំណាយ ដាក់​ទៅ​ការិយាល័យ​អប់រំ​ស្រុក និង​មាន​បិទ​ផ្សាយ​នៅ​ក្ដារ​ព័ត៌មាន​បន្ទប់​ប្រជុំ ៦​ខែ​ម្ដង។ មាន​អី​សួរ​រឿង​លុយ​កាក់​ចាយ​នេះ ចាយ​នោះ គាត់ (ញឹក សម្បត្តិ) ប្រាប់​បាន។ គាត់​នៅ​នឹង​ស្រាប់»។

បន្ទាប់​ពី​រៀបរាប់​រួច លោក ផូ សុធី ក៏​ងើប​ដើរ​ទៅ​ក្ដារ​ព័ត៌មាន​ ដើម្បី​បង្ហាញ​ក្រដាស​របាយការណ៍​ចំណាយ។ ប៉ុន្តែ នៅ​លើ​ក្ដារ​ព័ត៌មាន​នោះ​មិន​មាន​ក្រដាស​ ដែល​លោក​អះអាង​ថា ជា​របាយការណ៍​ចំណាយ​​រៀងរាល់ ៦​ខែ​ម្ដង​ឡើយ។

លោក​ងាក​មក​វិញ ហើយ​ប្រាប់​ថា ក្រដាស​នេះ​ទំនង​ជា​រហែក​ជ្រុះ​ពី​​ពី​ក្ដារ​ព័ត៌មាន​ហើយ។

ទោះជាយ៉ាងណា នាយករង​​សាលាបឋមសិក្សា​ខ្នាចប្រីយ៍​លោក ញ៉ិប សម្បត្តិ ដែល​ជា​ហិរញ្ញិក គ្រប់គ្រង​របាយការណ៍​ចំណាយ បាន​បង្ហាញ​ថា សាលាបឋមសិក្សា​ជនបទ​ដាច់​ស្រយាល​មួយ​នេះ មាន​កញ្ចប់​ថវិកា​ពី​ថ្នាក់​ជាតិ សរុប​ជាង ១០​លាន (១០.១៨៦.៧០០) រៀល ក្នុង​រយៈពេល​១ឆ្នាំ។ ក្នុង​នោះ​ចំណាយ​ថេរ ឬ​ចំណាយ​គាំទ្រ ដែល​ចំណាយ​លើ​ថ្លៃ​រដ្ឋបាល ទឹក ភ្លើង និង​អភិវឌ្ឍ​សាលារៀន​ដូចជា ធ្វើ​របង សួនច្បារ ជាដើម ជាង ៥​លាន ៥​សែន (៥.៥៥០.០០០) រៀល។ ចំណែក​លើ​អាហារូបករណ៍​សិស្ស​ក្រីក្រ ១៣​នាក់ ជាង ២លាន (២.១៦៩.២០០) រៀល។ ចំណាយ​បន្ថែម​សម្រាប់​តម្រូវ​ការ​សាលា ២​លាន​រៀល និង​ចំណាយ​សម្រាប់​ថ្នាក់​មត្តេយ្យ ជិត ៥០​ម៉ឺន (៤៦៧.៥០០) រៀល​ទៀត។

លោក​បន្ត​ថា រៀងរាល់​ខែ សាលា​ត្រូវ​រាយការណ៍​ទៅ​ការិយាល័យ​អប់រំ​ស្រុក​ដងទង់ នៅ​មុន​ដាច់​ខែ ដូចជា ថ្លៃ​អគ្គិសនី ថ្លៃ​ទិញ​សម្ភារៈ​ការិយាល័យ និង​ស្នើ​បន្ថែម​សម្រាប់​ខែ​ខាង​មុខ​ជាដើម។ រាល់​របាយការណ៍​ថវិកា​ទាំង​អស់ សាលា​ត្រូវ​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ ភ្ជាប់​នឹង​វិក្កយបត្រ​ពី​ហាង​ទំនិញ​ជាក់ស្ដែង ដើម្បី​ជូន​ការិយាល័យ​អប់រំ​ស្រុក ហើយ​ត្រូវ​បញ្ចូល​ទិន្នន័យ​នោះ ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ចំណាយ​របស់​ថ្នាក់​ជាតិ តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លុះ​នៅ​ដើម​ខែ​សីហា គណៈ​គ្រប់គ្រង​សាលាបឋមសិក្សា​ខ្នាចប្រីយ៍ បាន​បិទ​ក្រដាស​ថ្មី​ស្ដីពី​របាយការណ៍​ចំណូល​ដែល​សាលា​ទទួល​បាន​ពី​ក្រសួង បន្ទាប់​ពី​រហែក​ជ្រុះ​ពី​ក្ដារ​ព័ត៌មាន។

ប័ណ្ណ​ចំណូល​កាល​ពី​ថ្ងៃទី២១ ខែ​កុម្ភៈ ២០២៤ បង្ហាញ​ថា សាលាបឋមសិក្សា​ខ្នាចប្រីយ៍​ទទួល​បាន​ថវិកា​ពី​រដ្ឋ​ចំនួន ៦.៧៥២.២០០​រៀល។ ចំណែក កាល​ពី​ថ្ងៃទី​២ ឧសភា ២០២៤ សាលា​នេះ​ទទួល​បាន​ថវិកា​ចំនួន ១.០៤០.០០០​រៀល។ ហើយ​កាល​ពី​ថ្ងៃទី​២៨ មិថុនា ២០២៤ សាលា​ដដែល​នេះ​ទទួល​បាន​ថវិកា​ចំនួន ៥០០.០០០ រៀល​បន្ថែម​ទៀត។

សារព័ត៌មាន ​កម្ពុជា​ថ្ងៃ​នេះ បាន​ព្យាយាម​សុំ​ទិន្នន័យ​លម្អិត​ពី​ចំណូល និង​ចំណាយ​នៅ​តាម​បណ្ដា​សាលាបឋម​សិក្សា​ផ្សេង​ទៀត​ក្នុង​ស្រុក​ដងទង់ ពី​មន្ត្រី​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​ដងទង់ ប៉ុន្តែ មន្ត្រី​ប្រចាំ​ការ​អះអាង​ថា រាល់​របាយការណ៍​ថវិកា​ទាំងអស់ ពុំ​ត្រូវ​អនុញ្ញាត​ឱ្យ​ចែកចាយ​ទេ បើ​ពុំ​មាន​ការ​អនុញ្ញាត​គណៈអភិបាល​ស្រុក។ មន្ត្រី​បាន​ប្រាប់​ត្រឹម​ថា សូម​ចុះ​ទៅ​តាម​សាលា និង​សុំ​ពី​គណៈគ្រប់គ្រង​សាលារៀន​ផ្ទាល់ ពី​របាយការណ៍​ចំណាយ​ជាក់ស្ដែង​នៅ​តាម​សាលារៀន​នោះ។

ចំណែក​សាលាបឋមសិក្សា​មួយ​​ទៀត ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែជាខាងជើង​ដែរ ហើយ​មាន​សិស្ស​ជិត ៣០០ (២៩៣) នាក់។ សាលារៀន​នេះ​មាន​បិទ​ព័ត៌មាន​​ថវិកា​ដែល​សាលា​ទទួល​បាន​ក្នុង​រយៈពេល ១ឆ្នាំ។ ទឹក​ប្រាក់​ចំនួន ១២.៨៤២.១០០​រៀល បង្ហាញ​ថា ជា​មូលនិធិ​ដំណើរការ​សាលារៀន (SOF) ១០០​ភាគរយ ជា​ថវិកា​បាន​ពី​កម្មវិធី (PB) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

របាយការណ៍​ដែល​សាលាបឋមសិក្សា​ត្រពាំងផ្នែល​ចំណាយ ចំនួន ២.៥៧៦.០០០​រៀល សម្រាប់​កិច្ច​ដំណើរការ​សាលារៀន ដូចជា ការងារ​រដ្ឋបាល ការ​ប្រឡង សម្ភារៈ បរិក្ខារ សង្ហារិម សាងសង់ ថែទាំ ជួសជុល និង​សេវា​ផ្សេងៗ ដូច​ជា​ទឹក ភ្លើង​ជាដើម។ ចំណែក​​ថវិកា ចំនួន ១០.២៦៦.១០០​រៀល​ផ្សេងទៀត សម្រាប់​កែ​លម្អ​គុណភាព​អប់រំ ដូចជា ការ​ចូល​រៀន​ដោយ​សមធម៌ សម្ភារៈ​រៀន និង​បង្រៀន បរិស្ថាន ទីធ្លា​កម្សាន្ត បំណិន​ជីវិត កីឡា អាហារូបករណ៍​សិស្ស​ក្រីក្រ​បង្ការ​សិស្ស​បោះបង់​ការ​រៀន​សូត្រ​ជាដើម។

នាយក​សាលាបឋមសិក្សា​ត្រពាំងផ្នែល លោក អែម យ៉ាត ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្ងៃ​នេះ​ដែរ​ថា រាល់​របាយការណ៍​ចំណូល​ចំណាយ​របស់​សាលា គឺ​ខាង​គណៈ​គ្រប់គ្រង​បាន​ធ្វើ​របាយការណ៍​ជា​ប្រចាំ​ខែ និង​មាន​តម្លាភាព​ដាក់​ជូន​ការិយាល័យ​អប់រំ​ស្រុក និង​បញ្ចូល​ក្នុង​ប្រព័ន្ធ​ទិន្នន័យ។

លោក អែម យ៉ាត បន្ត​ថា ថវិកា​ដែល​សាលា​ទទួល​បាន​ពី​ក្រសួង​អាស្រ័យ​លើ​ចំនួន​សិស្ស។ លោក​អះអាង​ថា ក្រៅ​ពី​តម្លាភាព​លោក​គិតគូរ​ដល់​គុណភាព​អប់រំ​ជា​ចម្បង។

លោក អែម យ៉ាត រៀបរាប់​ថា៖ «សាលា​ខ្ញុំ​សិស្ស​ច្រើន ហើយ​គោលដៅ​ខ្ញុំ​គឺ​គុណភាព​សំខាន់។ ខ្ញុំ​ចង់​បាន​លទ្ធផល​ល្អ​ប្រសើរ។ ឥឡូវ​កំពុង​ស្នើ​អាណាព្យាបាល និង​សប្បុរសជន​ជួយ​ទិញ​Slide យក​បញ្ចាំង​បង្រៀន​សិស្ស​អីផង»។

ពលរដ្ឋ​ជា​អាណាព្យាបាល​សិស្ស​ម្នាក់​នៅ​ភូមិ​ខ្នាចប្រីយ៍ ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​សារព័ត៌មាន​កម្ពុជា​ថ្ងៃ​នេះ​ដឹង​ថា លោក​ចង់​ឱ្យ​នាយក​សាលាបឋមសិក្សា​ខ្នាចប្រីយ៍ ផ្លាស់ប្ដូរ​ការ​ដឹកនាំ​ដើម្បី​ផល​ប្រយោជន៍​សហគមន៍​ខ្លួន។ លោក​លើក​ហេតុផល​ថា នាយក​សាលា​ពុំ​សូវ​ហៅ​ឪពុកម្ដាយ​ជជែក​ពី​រឿង​កូន​រៀន​សូត្រ ដើម្បី​ប្រាប់​ពី​ការ​ខ្វះខាត​របស់​កូន​ៗ​របស់​លោក​ទេ។ ចំណែក​សៀវភៅ​តាមដាន​ការ​សិក្សា​សិស្ស​ក៏​លោក​ពុំ​ដែល​បាន​ទទួល​ជា​ប្រចាំ​ខែ​ឡើយ គឺ​១​ឆ្នាំ ទើប​គ្រូ​ចែក​មក​អាណាព្យាបាល​ម្ដង។ រីឯ រឿង​ថវិកា​រដ្ឋ​ចំណាយ​បែប​ណា ក៏​លោក​កាន់​តែ​ពុំ​ធ្លាប់​ដឹង ហើយ​កាន់​តែ​មិន​ហ៊ាន​សួរ​នាំ​ជីក​ឫស​ជីក​គល់ ទោះ​លុយ​នោះ​យក​ធ្វើ​អ្វី ខ្វះ​ខាត​អី។ ប៉ុន្តែ លោក​អះអាង​ថា បើ​ខាង​សាលា​ស្នើ​ថវិកា​ធ្វើ​របង ឬ​ព្រីន​ឯកសារ​ប្រឡង​ជាដើម លោក​រីករាយ​ចូលរួម​​ជានិច្ច ដើម្បី​ជួយ​អភិវឌ្ឍ​សាលារៀន។

អាណាព្យាបាល​សិស្ស​ផ្សេង​ទៀត​អះអាង​ដូចៗ​គ្នា​ថា ពួកគេ​បារម្ភ​ពី​គុណភាព​អប់រំ​ចំពោះ​កូនចៅ​របស់​ខ្លួន​ណាស់ តែ​ក្នុង​នាម​ពលរដ្ឋ​ដែល​មិន​សូវ​បាន​យល់​ដឹង និង​មិន​ហ៊ាន​រិះគន់​គ្រូៗ និង​នាយក​សាលា​ក្នុង​សហគមន៍​របស់​ពួកគេ​ទេ។ ពលរដ្ឋ​ខ្លះ​សុខ​ចិត្ត​ដូរ​កូន​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​ផ្សេង ដូច​ជា ទៅ​ត្រពាំងផ្នែល​ជាដើម បើទោះបីជា សាលា​នោះ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​យ៉ាងណាក្ដី។

ឆ្លើយ​តប​នឹង​មតិ​រិះគន់​ភាព​អសកម្ម​របស់​ខ្លួន នាយក​សាលាបឋមសិក្សា​ខ្នាចប្រីយ៍ លោក ផូ សុធី អះអាង​ថា គុណភាព​សិក្សា​របស់​សិស្ស​មិនមែន​ស្ថិត​នៅ​លើ​គ្រូ និង​នាយក​សាលា​ទាំងស្រុង​ទេ។ លោក​ថា អាណាព្យាបាល​សិស្ស​មួយ​ចំនួន​មិន​បាន​ចូលរួម​តាមដាន និង​ជំរុញ​ការ​រៀនសូត្រ​របស់​កូនចៅ​ឡើយ។ រីឯ​សៀវភៅ​តាមដាន​ការ​សិក្សា​សិស្ស​ជាដើម​លោក​ទទួល​បាន​ពី​គ្រូ​បន្ទុក​ថ្នាក់​រៀងរាល់​ខែ ប៉ុន្តែ លោក​អះអាង​ថា ថ្នាក់រៀន​ខ្លះ​ចែក​ដល់​អាណាព្យាបាល​១​ឆ្នាំ​ម្ដង ដូចជា ថ្នាក់​ទី១ ព្រោះ​គ្រូ​បារម្ភ​ពី​ការ​រហែក និង​បាត់​សៀវភៅ​តាមដាន​ជាដើម។ ចំណែក រឿង​ចាយវាយ​លុយ​កាក់​ពី​ក្រសួង និង​បាន​ពី​សប្បុរសជន ឬ​អាណាព្យាបាល​សិស្ស លោក​ពុំ​ដែល​កិបកេង​យក​មាន​ខ្លួន​ឯង​ទេ។ ព្រោះ​លោក​ថា មាន​របាយការណ៍ និង​វិក្កយបត្រ​ទិញ​ត្រឹមត្រូវ​ជានិច្ច។

លោក ផូ សុធី រៀបរាប់​ថា៖ «ខ្ញុំ​មិនដែល​យក​លុយ​ទៅ​មាន​បាន​តែ​ខ្ញុំ​ទេ។ រាល់​ថ្ងៃ​នេះ ខ្ញុំ​មាន​ជីវភាព​សមរម្យ​ហើយ។ ផ្ទះ ដី មុខ​របរ​សម​ល្មម។ ខ្ញុំ​មិន​ចង់​បាន ហើយ​លុយ​ធ្វើ​របង​ក៏​ធ្វើ​ជាប់​មក​រហូត ក៏​អត់​គឺ​ទេ។ តែ​សំខាន់​ចង់​ឱ្យ​ពួកគាត់ (អាណាព្យាបាល) អីហ្នឹង ចូលរួម​តាមដាន​កូនចៅ​គ្រប់ៗគ្នា ទៅ​វិញ​ទេ បាទ!»។

ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ស្រែជាខាងជើង​លោក ខឹម ហ៊ាង ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្ងៃ​នេះ​ថា រដ្ឋបាល​ឃុំ​ពុំ​មាន​កញ្ចប់​ថវិកា​សម្រាប់​ដំណើរការ​សាលា​រដ្ឋ​នៅ​មូលដ្ឋាន​របស់​លោក​ទេ។ ប៉ុន្តែ ម្ដងម្កាល​លោក​និង​សមាជិក​ក្រុមប្រឹក្សា​របស់​លោក​មាន​កម្មវិធី​ចុះ​អប់រំ​ពី​បញ្ហា​អនាម័យ​នៅ​តាម​សាលារៀន​ទាំង ៤​ទីតាំង​នៅ​ឃុំ​របស់​លោក រួម​មាន​សាលាបឋមសិក្សា​ខ្នាចប្រីយ៍ ត្រពាំងផ្នែល ភ្នំតូច និង​បឋមសិក្សា-អនុវិទ្យាល័យ​ស្រែជា។ លោក​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​យន្តការ​ត្រួត​ពិនិត្យ​ការ​ចាយ​វាយ​ថវិកា​នៅ​តាម​សាលា​រដ្ឋ​នោះ​ទេ ព្រោះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ការិយាល័យ​អប់រំ​ស្រុក ប៉ុន្តែ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន​ក៏​ចង់​ឃើញ​គណៈ​គ្រប់គ្រង​សាលា​បែង​ចែក​ថវិកា​ទាំង​នោះ​ដោយ​តម្លាភាព។

 

លោក ខឹម ហ៊ាង រៀបរាប់​ថា៖ «ខ្ញុំ​នេះ​ចង់​ឱ្យ​តែ​តាម​សាលារដ្ឋ​នៅ​មូលដ្ឋាន​ខ្ញុំ​នេះ មាន​តម្លាភាព សុក្រិត្យ​ត្រឹមត្រូវ បាទ។ ព្រោះ​អី​ពេល​គេ​រិះគន់​មក ខ្ញុំ (មេឃុំ) ក៏​អត់​អារម្មណ៍ ហើយ​អត់​សប្បាយ​ចិត្ត​ដែរ។ អ៊ីចឹង សូម​លោកគ្រូ​អ្នកគ្រូ ធ្វើ​អី​ឱ្យ​ត្រឹមត្រូវ​ទៅ បាន​ល្អ​ទាំង​អស់​គ្នា»។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​គោលការណ៍​គ្រប់គ្រង​ថវិកា​ប្រកប​ដោយ​គណនេយ្យភាព​ដូច​តទៅ គឺ​គ្រប់​សាលារៀន​សាធារណៈ សាលាមត្តេយសិក្សា​ធនធាន អគារ​ធនធាន សាលា​គរុកោសល្យ និង​វិក្រិតការ​ខេត្ត និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្ត រាល់​ពេល​ទទួល​បាន​សាច់​ប្រាក់ ត្រូវ​ប្រជុំ​ផ្សព្វផ្សាយ និង​បិទ​ផ្សាយ​លើ​បញ្ជរ​ព័ត៌មាន​ជូន​លោកគ្រូ អ្នកគ្រូ គណៈកម្មការ​គ្រប់គ្រង​សាលារៀន និង​អ្នក​ពាក់ព័ន្ធ​នូវ​ព័ត៌មាន​ពី​ចំនួន​សាច់ប្រាក់​ដែល​ទទួល​បាន និង​គម្រោង​ចំណាយ​ប្រចាំ​ត្រីមាស។ ក្នុង​នោះ​នាយក​សាលា ហិរញ្ញិក​សាលា ឬ​មន្ត្រី​ទទួល​បន្ទុក​គណនេយ្យ​សាលា និង​គណៈកម្មការ​គ្រប់គ្រង​សាលារៀន ត្រូវ​សហការ​ចាត់​ចែង​គ្រប់គ្រង និង​ទទួល​ខុសត្រូវ​លើ​ការ​ចំណាយ​ថវិកា។

រីឯ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​វិស័យ​អប់រំ​យល់​ថា ក្រសួង​គួរ​ជំរុញ​ទៅ​ការិយាល័យ​អប់រំ​ស្រុក​ដើម្បី​ពង្រឹង​យន្តការ​របស់​ក្រសួង​អប់រំ​ដែល​មាន​ស្រាប់ ឱ្យ​កាន់​តែ​មាន​តម្លាភាព។ នាយក​ប្រតិបត្តិ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ (NEP) លោក ខៀវ ចិត្រា ថ្លែង​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្ងៃ​នេះ​ថា នៅ​តាម​សាលារៀន​រដ្ឋ​មាន​យន្តការ​ជំរុញ​ឱ្យ​អាណាព្យាបាល​សិស្ស​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​របស់​កូនៗ​ហើយ តាមរយៈ​គណៈកម្មការ​គ្រប់គ្រង​សាលា ​គណៈកម្មការ​ទ្រទ្រង់​សាលា និង​​គណៈកម្មការ​គ្រប់គ្រង​ថ្នាក់​រៀន​ជាដើម។

លោក ខៀវ ចិត្រា៖ «អ៊ីចឹង​ដើម្បី​ឱ្យ​ឪពុកម្ដាយ​អាច​ចូលរួម ហើយ​ដឹង​លឺ​រឿង​នឹង (តម្លាភាព​ថវិកា)។ ជា​យោបល់​ខ្ញុំ ក្រសួង​គួរ​ជំរុញ​ឱ្យ​សាលា ហើយ​បើ​នៅ​បឋមសិក្សា គួរ​ជំរុញ​ឱ្យ​ថ្នាក់​ស្រុក​បន្ត​​ពង្រឹង​យន្តការ​គណៈកម្មការ​នៅ​តាម​សាលា​នឹង»។

រីឯ​មន្ត្រី​សង្គម​ស៊ីវិល​តាមដាន​កិច្ចការ​អភិវឌ្ឍ​សង្គម និង​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ទាំង​អាណាព្យាបាល និង​គ្រូ​នៅ​សាលា​គួរ​តែ​ឧស្សាហ៍​ជជែក​គ្នា និង​ផ្ដល់​ដំណឹង​ពី​ការ​អភិវឌ្ឍ​នៅ​សាលារៀន​ដើម្បី​កែប្រែ​ការ​អប់រំ​ដល់​កូនៗ​របស់​គាត់។ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CHRAC លោក រស់ សុដ្ឋា ថ្លែង​ថា អាណាព្យាបាល​ត្រូវ​ស្វែងយល់​ពី​សិទ្ធិ​របស់​ខ្លួន​ថា ពួកគាត់​ត្រូវ​មាន​សិទ្ធិ​យល់​ដឹង​ពី​ព័ត៌មាន​របស់​សាលា​អ្វី​ខ្លះ ព្រោះ​សិទ្ធិ​ទាំង​អស់​នោះ គឺ​ជា​ការ​ចូលរួម​អភិវឌ្ឍ និង​កសាង​អនាគត​កូនៗ​របស់​គាត់។ លោក​ណែនាំ​ថា អាណាព្យាបាល​ត្រូវ​មាន​សិទ្ធិ​សួរនាំ​ខាង​សាលា​រាល់​ផែនការ​ដាក់​ចេញ ដែល​វា​ប្រៀប​បាន​នឹង​អាយុ​ជីវិត​របស់​ពួកគាត់។

លោក រស់ សុដ្ឋា រៀបរាប់​ថា៖ «ចំណែក​ខាង​សាលារៀន​ក៏​អ៊ីចឹង​ដែរ គឺ​ត្រូវ​មាន​កាតព្វកិច្ច​ផ្ដល់​ព័ត៌មាន​ទាំងឡាយ​ដល់​អាណាព្យាបាល​ដែរ​បាទ! តាម​មធ្យោបាយ ៣​ចំណុច ដើម្បី​ផ្សព្វផ្សាយ​ផែនការ​គ្រប់គ្រង​ថវិកា​របស់​គាត់​ដែរ។ ទី១ ជូន​ដំណឹង​ពី​ចំនួន​ថវិកា​ប្រចាំ​ឆ្នាំ​ដែល​គាត់​ទទួល​បាន និង​ការ​ចាយវាយ និង​ទី៣ យន្តការ​​ចាយ​វាយ គឺ​ត្រូវ​រៀនសូត្រ​ពី​យន្តការ​ចាយវាយ​​មាន​តម្លាភាព ដោយ​មាន​ការ​ត្រួត​ពិនិត្យ​គណៈកម្មការ​គ្រប់គ្រង​សាលា»។

លោក រស់ សុដ្ឋា បន្ត​ថា បញ្ហា​នេះ​មាន​ភាព​ស្មុគស្មាញ​ណាស់​ច្រើន ព្រោះ​កន្លែង​ខ្លះ​គ្រូ​ក៏​មិន​ទាន់​យល់​ពី​អ្វី​ហៅ​ថា សិទ្ធិ អ្វី​ហៅ​ថា តម្លាភាព និង​អ្វី​ជា​ការ​ចូលរួម ហើយ​ពលរដ្ឋ​ក៏​ដូចគ្នា ដែល​ធ្វើ​ឱ្យ​បញ្ហា​នឹង​នៅ​ប្រឈម​ធំ​ណាស់​ក្នុង​ការ​អនុវត្ត​តម្លាភាព ដោយ​ទំនួលខុសត្រូវ និង​ការ​ចូលរួម​ដើម្បី​អភិវឌ្ឍ​សហគមន៍។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា ពន្យល់​ថា ក្រសួង​អប់រំ​តែង​ទម្លាក់​ថវិកា​ទៅ​តាម​សាលារៀន ដោយ​មាន​មូលដ្ឋាន​គណនា​ផ្អែក​លើ​២​ចំណុច។ ទី១ គឺ​ថវិកា​ថេរ ដែល​ត្រូវ​បែង​ចែក​ច្បាស់លាស់​​ដោយ​កំណត់​តាម​តំបន់​ដូចជា តំបន់​ធម្មតា តំបន់​ដាច់​ស្រយាល ឬ​តំបន់​ជួប​ការ​លំបាក។ ទី២ ថវិកា​អថេរ ដែល​ត្រូវ​ផ្ដល់​ជូន​តាម​ចំនួន​សិស្ស​ម្នាក់ៗ​ក្នុង​១​ឆ្នាំ​សិក្សា។ អ្នកស្រី​បន្ត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រសួង​អប់រំ​តែ​បន្ថែម​ប្រាក់​ដំណើរការ​សាលារៀន​ទៅ​កាន់​សាលារៀន​នីមួយៗ ដើម្បី​កែ​លម្អ​គុណភាព​នៃ​ការ​អប់រំ និង​សាងសង់​អគារ​សាលា ក៏​ដូច​ជា​បំពាក់​នូវ​សម្ភារៈ​នានា​ដែល​ជា​តម្រូវ​ការ​​ក្នុង​ការ​សិក្សា។ លើស​ពី​នេះ​អ្នកស្រី​ថា ក្រសួង​កំពុង​សិក្សា​បន្ថែម​អំពី​ការ​គាំទ្រ​​គ្រប់​សាលារៀន​​ទាំងអស់​​អាច​ទទួល​បាន​ស្តង់ដារ​សាលារៀន​គំរូ។

 

កាល​ពី​ឆ្នាំ​២០២៣ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចំណាយ​ថវិកា​លើ​វិស័យ​របស់​ខ្លួន​ចំនួន ជិត ៤​ពាន់​ពាន់​លាន (៣,៧៣០,១៥៧​លាន) រៀល។ ក្នុង​នោះ ចំណាយ​ចរន្ត សំដៅ​លើ​ការ​ចំណាយ​ជា​ប្រចាំ​សម្រាប់​ទ្រទ្រង់​កិច្ចប្រតិបត្តិការ​ផ្នែក​រដ្ឋបាល ជាង ៣ពាន់​ពាន់​លាន (៣,៥១២,៣១៩លាន) រៀល។ ចំណែក ចំណាយ​មូលធន ដែល​សំដៅ​លើ​ការ​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ក្នុង​កិច្ច​អភិវឌ្ឍន៍​មូលដ្ឋាន​ដើម្បី​បង្កើន​ចំណូល​នៅ​ពេល​អនាគត មាន​ចំនួន ជាង ២០០​ពាន់​លាន (២១៧,៨៣៨លាន) រៀល។

អ្នកស្រី ឃួន វិច្ឆិកា រៀបរាប់​ថា៖ «កន្លង​មក ដើម្បី​រក្សា​តម្លាភាព ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ថវិកា នាយកដ្ឋាន​ជំនាញ​តែងតែ​ទៅ​ធ្វើ ត្រួត​ពិនិត្យ (Spot Check) នៅ​តាម​សាលា​នីមួយៗ និង​ធ្វើ​អធិការ​កិច្ច​ផងដែរ បង! អ៊ីចឹង ទាក់ទង​ជាមួយ​​សាលា​ខាង​លើ​នេះ (សាលាបឋមសិក្សា​ខ្នាចប្រីយ៍) ក្រសួង​នឹង​សិក្សា​លម្អិត​ជាក់ស្ដែង​បន្ថែម​ទៀត។ ហើយ​អរគុណ​ច្រើន​ចំពោះ​ព័ត៌មាន»។

កន្លង​ទៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​បាន​កំណត់​គោលការណ៍ និង​ការ​ណែនាំ​ជាច្រើន​ដើម្បី​គ្រប់គ្រង​ថវិកា​ដោយ​តម្លាភាព និង​គណនេយ្យភាព។ ប៉ុន្តែ អំពើពុករលួយ​នៅ​កម្ពុជា​ពុំ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើយ។ ជាក់ស្ដែង កាល​ពី​ឆ្នាំ​២០២៣ ស្ថានភាព​អំពើពុករលួយ​កាន់​តែ​អាក្រក់​ជាង​មុន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២។

របាយការណ៍​អង្គការ​តម្លាភាព​​​អន្តរជាតិ កាលពី​ថ្ងៃ​ទី៣០ ខែមករា ២០២៤ បង្ហាញ​ថា អំពើ​ពុករលួយ​​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០២៣ អាក្រក់​ជាង​ឆ្នាំ​មុន (២០២២) ដោយសារ​រដ្ឋាភិបាល​គ្មាន​​ឆន្ទៈ​ពិត​ប្រាកដ​​​​​លុប​បំបាត់ និង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ។ របាយការណ៍​នោះ បង្ហាញ​ថា រដ្ឋាភិបាល​​អត់​ឆន្ទៈ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​អ្វី​កាន់​តែ​ឱ្យ​បារម្ភ​ពី​បញ្ហា​ប្រឈម​រ៉ាំរ៉ៃ ដូចជា អត់​ប្រសិទ្ធភាព​ក្នុង​ការ​ផ្ដន្ទាទោស​មន្ត្រី​អំពើ​ពុករលួយ ប្រើ​ធនធាន​មិន​ត្រឹមត្រូវ និង​ខ្វះ​ខាត​គណនេយ្យ​ភាព។ ចំណែក​ការ​សូក​ប៉ាន់​នៅ​បន្ត​កើត​មាន ហើយ​ការ​សូក​បន្ត​រាល់​ថ្ងៃ​ក្នុង​ចរន្ត​អាជីវកម្ម ខណៈ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ឬ​មិន​ដំណើរការ​ដោយសារ​ឥទ្ធិពល​នៃ​ផល​ប្រយោជន៍​ដល់​ក្រុម​មនុស្ស​មួយ​ភាគ​តូច៕

អត្ថបទដែលជាប់ទាក់ទង