អ្នកឧកញ៉ា ទៀ វិចិត្រ អំពាវនាវឱ្យ​យុវជន ខំរៀន លេងកីឡា និងជៀសពីគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ អំពាវនាវដល់ក្រុមយុវជន ត្រូវចូលរួមលេងកីឡា ឱ្យបានច្រើនជាប្រចាំ នៅពេលទំនេរពីការសិក្សា ហើយងាកឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។

អ្នកឧកញ៉ា បានបន្តរំលឹកដល់ក្រុមយុវជន ត្រូវខិតខំរៀនសូត្រ ឱ្យមានចំណេះ និងជំនាញ ពិតប្រាកដ ប្រយោជន៍ដើម្បីមានចំណេះស្វែងរកការងារធ្វើល្អៗ និងទទួលបានប្រាក់កម្រៃខ្ពស់ សម្រាប់កសាងអនាគតគ្រួសារ ឱ្យមានភាពប្រសើរឡើង។ ជាពិសេសជាងនេះ ដើម្បីរួមចំណែកកសាង ឬអភិវឌ្ឍន៍សង្គមជាតិ ជាមួយរាជរដ្ឋាភិបាល ឱ្យកាន់តែរីកចំរើនថែមទៀត នាថ្ងៃខាងមុខ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាស ដែលរូបលោក បានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់មហាជន លក្ខណៈមិត្តភាព រវាងក្រុមកីឡាបាល់ទាត់ “ជី.ធី.វី.ស៊ី, អេហ្វស៊ី” (G.T.V.C, FC) របស់អ្នកឧកញ៉ាផ្ទាល់ ជាមួយក្រុមកីឡាបាល់ទាយ “កម្ពុជាថ្ងៃនេះ” (Cambodia Today) ខេត្តព្រះសីហនុ នៅទីលានបាល់ទាត់ ក្នុងសាលាអនុវិទ្យាលយ័សម្តេចឪ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ការប្រកួតដ៏ស្វិតស្វាញនេះ ស្ថិតក្រោមក្រសែភ្នែក អ្នកចូលរួមទស្សនា ទាំងយុវជនប្រុសស្រី និងមនុស្សវ័យចំណាស់យ៉ាងច្រើនកុះករ។

ដោយឡែក ចំពោះលទ្ធផលបច្ចេកទេស ក្រោយការប្រកួត ដ៏ជក់ចិត្ត ៩០នាទី គឺក្រុមកីឡាបាល់ទាត់មហាជន G.T.V.C FC បានយកឈ្នះក្រុមកីឡាបាល់ទាត់មហាជន Cambodia Today ២-០ ។

នាឱកាសនោះ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថម្ភថវិកាដល់ ក្រុមកីឡាបាល់ទាត់ទាំង ០២ក្រុម ដោយក្នុងមួយក្រុមៗ ទទួលបានថវិកាចំនួន ១០លានរៀល និងឧបត្ថម្ភថវិកាមួយចំនួនទៀត ជូនដល់ ក្រុមអាជ្ញាកណ្តាល, ក្រុមអ្នកសម្របសម្រួលការប្រកួត (MC) និងអ្នកមើលការខុសត្រូវ ទីលានបាល់ទាត់នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង