ពលរដ្ឋ ស្នើឱ្យអាជ្ញាធរខេត្តមណ្ឌលគិរី ជួយអន្តរាគមន៍ករណីជះក្លឹនស្អុយ ភាយចេញពី ក្រុមហ៊ុនទិញជ័រកៅស៊ូ សេង ណារ៉ុង នៅស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអាជ្ញាធរ ស្រុកកែវសីមា បានដឹកនាំកម្លាំងចុះពិនិត្យទីតាំងក្រុមហ៊ុនទទួលទិញជ័រកៅស៊ូ សេង ណារ៉ុង អ៊ឹមផត អ៊ិចផត ដែលស្ថិតនៅបណ្ដោយផ្លូវជាតិឆ្ពោះទៅច្រកទ្វារទ្វេភាគីឡាបាខេ ស្ថិតនៅ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោយពី ពលរដ្ឋ សុំឱ្យអន្តរាគមន៍ ករណីមានក្លិនស្អុយ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅប្រចាំថ្ងៃ របស់ពួកគាត់។
ក្នុងដំណើរការចុះត្រួតពិនិត្យ របស់អាជ្ញាធរស្រុក និងក្រុមការងារ របស់មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីជំនាញរកឃើញថា សេង ណារ៉ុង អ៊ឹមផត អ៊ិចផត ពិតជាមិនបានគ្រប់គ្រង់ទុកដាក់សំណល់រាវ ឱ្យបានត្រឹមត្រូវប្រាកដមែន ទីតាំងក្រុមហ៊ុន ទិញជ័រ មានតែរណ្តៅស្តុកទឹកស្អុយតែមួយប៉ុណ្ណោះ ពុំមានអាងប្រត្តិកម្មបន្សាបក្លិនស្អុយនោះទេ។
ជុំវិញករណីនេះ អាជ្ញាធររួមនឹងមន្ត្រីជំនាញ តម្រូវឱ្យក្រុមហ៊ុនធ្វើអាងស្តុកកាកសំណល់ ឱ្យបានត្រឹមត្រូវ ស្របតា មបទដ្ឋានបច្ចេកទេស ដេីម្បីកាត់បន្ថយក្លិនស្អុយ ដែលបង្កធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ នៅជុំវិញនោះផងដែរ ។
គួរបញ្ជាក់ថា កន្លងមក ប្រជាពលរដ្ឋនៅភូមិអូរអាមជិត ២០០គ្រួសារ ធ្លាប់នាំគ្នាផ្តិតមេដៃ ស្នេីរសុំកិច្ចអន្តរាគមន៍ពី មន្ត្រីជំនាញ ករណីក្លិនស្អុយចេញពី ក្រុមហ៊ុន សេង ណារ៉ុង អ៊ឹមផត អ៊ិចផត បានបង្ហូរទឹកកាកសំណល់ជ័រកៅស៊ូ ធ្វេីឱ្យ ប្រជាពលរដ្ឋ រស់នៅក្បែរក្រុមហ៊ុនខាងលេី ជះក្លិនស្អុយខ្លាំង ប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ នៅជុំវិញនោះ ហើយត្រូវបានប្រជាពលរដ្ឋ ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ និងមន្ត្រីជំនាញជាច្រើនលើកច្រើនសារមកហើយ បើទោះបីជាអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធចុះអប់រំ និងធ្វើកិច្ច សន្យាយ៉ាងណាក៏ដោយ គេសង្កេតឃើញថាហាក់បីដូចជា មិនមានប្រសិទ្ធភាពនោះទេ។
ក្រោយមក ប្រជាពលរដ្ឋ ក៏បានស្នើសុំឱ្យ ធ្វើការផ្សព្វផ្សាយដើម្បីឱ្យអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញពន្លឿនការដោះស្រាយ រវាងម្ចាស់ក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ៕