បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ជិត១តោន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ តាមលំហរសមុទ្រ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ជាង ៧៨០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ ប្រទេសឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។

យុទ្ធនាការខាងលើនេះ អនុវត្តតាមបញ្ជា របស់លោក នេត សាវឿន
អគ្គស្នងការនគរបាលជាតិ និង លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

យោងទៅតាមការផ្សព្វផ្សាយ តាមផេកផ្លូវការ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី(DEA) កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង ០៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិន (តៃវ៉ាន់) ០១ក្រុម ដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។

កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១+ក៤) ដឹកនាំដោយ លោក អ៊ិន សុង នាយករងមន្ទីរ និងលោក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជា ០២ក្រុម។

ក្រុមទី១៖ នៅវេលាម៉ោង ០២:៣០(យប់) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

*លទ្ធផល
ក. ឃាត់ជនសង្ស័យ ០២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់):
១. ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២។
២. ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។

ខ. ចាប់យកវត្ថុតាង ៖
១. សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g ។
២. រថយន្ត ០១គ្រឿង -ទូរស័ព្ទ ០២គ្រឿង។

ក្រុមទី២ ៖ នៅវេលាម៉ោង ០៧:៣០(ព្រឹក) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ ០៩ និងលេខ ១១ ផ្លូវលេខ ០៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
*លទ្ធផល ៖
ក. ឃាត់ជនសង្ស័យ ០៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) :
១. ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ” មេខ្លោង” ។
២. ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។
៣. ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។
៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨។
ខ. ចាប់យកវត្ថុតាង ៖
– រថយន្ត ០៣គ្រឿង
– ម៉ូតូ ០២គ្រឿង
-ទូរស័ព្ទ ០៥គ្រឿង។
-គណនីធនាគារ ០៨គណនី ។

សរុបលទ្ធផល ៖
១. ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ។
២. ចាប់យកវត្ថុតាង ៖
– សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g ។
– រថយន្ត ០៤គ្រឿង – ម៉ូតូ ០២គ្រឿង -ទូរស័ព្ទ ០៧គ្រឿង – គណនីធនាគារ ០៨គណនី។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង