វឌ្ឍនភាព នៃការងារជួសជុល ប្រាសាទជម នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF) កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម តាមបច្ចេកទេសអាណាស្ទីឡូស ឱ្យមានភាពប្រសើរឡើងវិញ។

ស្ថាបត្យករកូរ៉េ ដែលកំពុងអនុវត្តគម្រោងជួសជុលប្រាសាទជម លោក EO JINKYU ឱ្យដឹងថា នេះគឺជាដំណាក់កាល នៃការត្រូវពង្រឹងគ្រឹះប្រាសាទ ដែលត្រូវរៀបខឿនទាំងបីស្រទាប់ របស់ប្រាសាទឡើងវិញ ជាមុនសិន បន្ទាប់មក ទើបអាចរៀបចំផ្នែកខាងក្នុងនៃគ្រឹះ។

លោកបន្តថា ក្នុងការរៀបចំគ្រឹះនេះ សម្រាប់កន្លែងណា ដែលមានថ្មបាយក្រៀមចាស់ ដែលនៅល្អមានគុណភាពរឹងមាំ គឺត្រូវរក្សាទុកដដែល ប៉ុន្តែ សម្រាប់កន្លែង ដែលមានថ្មបាយក្រៀមពុកផុយ អស់គុណភាព គឺត្រូវប្ដូរជំនួសដោយថ្មបាយក្រៀមថ្មី។

លោក EO JINKYU ឱ្យដឹងទៀតថា ការជួសជុលប្រាសាទជម មានបញ្ហាលំបាកច្រើន ដោយសារស្ថានភាពប្រាសាទខូចខាតធ្ងន់ធ្ងរ ដូចជា ៖ ថ្មមានការខូចខាតច្រើន ទាមទារឱ្យជួសជុលឡើងវិញ។ ថ្មខ្លះជាប្រភេទថ្មប្រើប្រាស់ឡើងវិញ ដែលដូនតាបានយកពីប្រាសាទផ្សេងៗ ធ្វើឱ្យពិបាករកថ្មផ្គុំឡើងវិញ និងការពិបាកកំណត់ទីតាំងដើម នៃថ្មជាដើម។

ទោះជាយ៉ាងណាក្តី ក្នុងរយៈពេល៧ខែចុងក្រោយនេះ ក្រុមការងារ បានខិតខំប្រឹងប្រែងដំឡើងគ្រឹះថ្មី របស់ប្រាសាទជមបាន៨០ភាគរយ ជួសជុលថ្មដែលខូចគុណភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូកចេញជារូបរាង ឡើងវិញ បានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិសហើយ។

គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ហើយត្រូវបានផ្អាកមួយរយៈពេល ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩។ ប៉ុន្តែកាលពីឆ្នាំ២០២១ គម្រោងជួសជុលបានចាប់ផ្តើមឡើងវិញ ហើយបន្តរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា/ថៃ យ៉ាម៉ង់

អត្ថបទដែលជាប់ទាក់ទង