តុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនជនឆបោកស្ទីលថ្មី ចែកដីរដ្ឋ ៦០០០ឡូតិ៍ ជូនពលរដ្ឋមិនយកប្រាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន
ខេត្តកំពង់ស្ពឺ ៖ ជនឆបោកស្ទីលថ្មីចែកដីរដ្ឋ ៦០០០ឡូតិ៍ រយៈពេល ៧ថៃ្ង មិនយកប្រាក់ ប៉ុន្តែយកថ្លៃសេវារដ្ឋបាល ៤៥០ដុល្លារ ក្នុងមួយឡូតិ៍ ចំនួន ០២នាក់ ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ ហេីយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។
ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ និងបានអះអាងថា មានងារជា ឯកឧត្ដម។ ជនសង្ស័យរូបនេះ មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជាមេក្លោងចែកដី។
ចំណែកជនសង្ស័យមួយរូបទៀត ឈ្មោះ មិន ផាន់នី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត និងជាអ្នកសម្របសម្រួលលេីកិច្ចការចែកដី ៦០០០ ឡូតិ៍។
យោងតាមការប្រកាស និងផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម សារព័ត៌មាន KH Plus News ដែលមានចាងហ្វាងការផ្សាយ រហ័សនាម ពូ ហ៊ន បានទទួលធ្វេីការសម្ភាសន៍ផ្ទាល់ជាមួយ ឈ្មោះ ជួន គន្ធា ភេទប្រុស ដែលអះអាងថា អតីតមានងារឯកឧត្ដម ដោយបញ្ជាក់ច្បាស់ៗថា ឯកឧត្ដម នឹងរៀបចំចែកផ្ដល់ដីចំនួន ៦០០០ ឡូតិ៍ដោយមិនយកប្រាក់ ពីសំណាក់ ប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនី អ្នកដែលចាញ់បោកក្រុមហ៊ុន អចលនទ្រព្យតាមគម្រោងបុរី ផ្ទះល្វែង ដីឡូតិ៍កន្លងមក។
តាមការបញ្ជាក់ពីពូ ហ៊ន ថាដីដែលចែកនោះ គឺស្ថិតនៅទីតាំងចំណុច ភូមិរោងម៉ាសុីន ភូមិធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកពង់ស្ពឺ។
សេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គល ដែលប្រឌិតព័ត៌មាន ក្នុងការចែកដីជូនប្រជាពលរដ្ឋ ៦០០០ ឡូត៍ លើផ្ទៃដីសរុបមានទំហំ ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងនោះដោយឯកឧត្ដម អះអាងថា ជាដីខ្លួន បានទិញពីប្រជាពលរដ្ឋ ក្នុងតម្លៃធូរ និងមានឯកសារត្រឹមត្រូវស្របច្បាប់១០០% និងបានកាន់កាប់ជួសជុលផ្លូវលំ ចូលមកដល់ទីតាំងដីរួចរាល់ទៀតផង ជាក់ស្ដែងចំណុចដី ដែលគេអះអាងថាចែកជូនពលរដ្ឋ Free គឺជាដីរដ្ឋ ស្ថិតនៅក្នុងតំបន់ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលគ្រប់គ្រងដោយឧទ្យានុរក្ស ក្រសួងបរិស្ថាន។
ជនសង្ស័យ ជួន គន្ធា និងបក្ខពួក បានរៀបចំផែនការ ដេីម្បីអោយពលរដ្ឋជ្រួលច្របល់ និងមកទទួលដីខុសច្បាប់ រួចបង្កេីតទំនាស់អោយពលរដ្ឋ នាំគ្នាការពារដីប្រឆាំង នឹងមន្រ្ដីរាជការសាធារណៈ (ច្បាប់)៕