ជនជាតិចិនពីរក្រុម កាប់ចាក់គ្នា ក្នុងកាសុីណូណានហៃ ក្នុងក្រុងព្រះសីហនុ របួសធ្ងន់ពីរនាក់
ខេត្តព្រះសីហនុ ៖ ប្រភពបានឲ្យដឹងថា មានហេតុការណ៍ភ្ញាក់ផ្អើលបង្កឡើងដោយ ក្រុមជនជាតិចិន ចំនួនពីរក្រុម បានប្រើហិង្សាវាយកាប់ចាក់គ្នាទៅវិញទៅមក នៅក្នុងកាសុីណូណានហៃ បណ្តាលរងរបួសធ្ងន់ស្រាលចំនួនពីរនាក់។ ហេតុការណ៍នេះ បានកើតឡើង នៅម៉ោងជិត ៨យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង- ខេត្តព្រះសីហនុ។
ក្រោយកើតមានអំពើហិង្សា កម្លាំងសមត្ថកិច្ចនគរបាល ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យមួយក្រុម ដែលប្រើហិង្សាវាយតប់លើជនជាតិចិនម្នាក់ ឱ្យរងរបួសធ្ងន់បែកក្បាល ដួលសន្លប់នៅកន្លែងកើតហេតុ។ ហើយ ត្រូវបានបញ្ជូនភ្លាមៗ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
ប្រភពដដែល បានបន្តថា បច្ចុប្បន្នជនសង្ស័យមួយក្រុម ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធ ករណីប្រើហិង្សាខាងលើនេះ កំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
តាមប្រភពពី ប្រជាពលរដ្ឋ ក៏ដូចជាក្រុមបុគ្គលិក បម្រើការងារនៅជិតទីតាំង កាសុីណូណានហៃ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ទីតាំងខាងលើនេះ ធ្លាប់កើតមានរឿងរ៉ាវជាបន្តបន្ទាប់ រួមមាន៖ ករណីាមានមនុស្សធ្លាក់ពីលើអាគារស្លាប់ជាដើម។ ប៉ុន្តែ ករណីខាងលើមុនៗ មិនបានបែកធ្លាយចេញមកខាងក្រៅនោះទេ។
ប្រពភបន្តថា ករណីហិង្សាបង្កដោយ ក្រុមជនជាតិចិន ពីរក្រុមប្រើហិង្សាវាយកាប់ចាក់គ្នា នៅក្នុងកាសុីណូណានហៃ គឺបានបណ្ដាលឱ្យមាន បុរសជនជាតិចិនពីរនាក់ រងរបួសធ្ងន់ស្រាល ដោយជនរងគ្រោះម្នាក់ មានស្នាមកាំបិតចាក់លើរាងកាយជាង ១០កន្លែង។
យ៉ាងនេះក្តី នៅមិនទាន់មានការបញ្ជាក់ពី កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ជុំវិញអំពើហិង្សាខាងលើនេះ កើតឡើងដោយសារអ្វី ឲ្យពិតប្រាកដនោះទេ៕