ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចចក្រី ហេង សំរិន ចុះពិនិត្យ និងព្យាបាលជំងឺ ជូនពលរដ្ឋក្រុងសួង
ខេត្តត្បូងឃ្មុំ ៖ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ រស់នៅក្រុងសួង ដោយឥត ថ្លៃ ខណៈការចុះពិនិត្យ និងព្យាបាលនេះបគឺជាការរួមចំណែក យ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក្នុងការថែទាំសុខមាលភាព ជូនប្រជាពលរដ្ឋក្នុងសហគមន៍ ដោយមិនប្រកាន់ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ ។
នាឱកាសនោះ លោក ប៉ែន កុសល្យ បានឱ្យដឹងថា ការខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋយ៉ាងសកម្ម ចាប់ពីតំបន់ប្រជុំជន រហូតដល់តំបន់ជនបទ ដាច់ស្រយ៉ាល ជាលទ្ធផល បានឆ្លុះបញ្ចាំងឱ្យឃើញថា វឌ្ឍនៈភាពជាជំហ៊ានៗ ឈរលើ ប្រតិបត្តិការយ៉ាងសកម្ម នៃវិស័យសុខាភិបាល ក្នុងការថែទាំងសុខភាពជូន ប្រជាពលរដ្ឋ ពិតជាបានកែលម្អ ជាពិសេសអត្រាមរណៈភាពមាតា ទារក និងកុមារ ត្រូវបានកាត់បន្ថយគួរឱ្យកត់សំគាល់ ។
លោកបន្តថា ទន្ទឹមគ្នានោះដែរ ហេដ្ឋារចនាសម្ព័ន្ធរូនវន្ត័ វិស័យសុខាភិបាល ត្រូវបានកែលម្អ ពង្រីក និងលើកកម្ពស់ជាប្រចាំ លើការផ្តល់សេវាសុខាភិបាល តាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីពេទ្យបង្អែក រួមមាន សេវាសម្ភពបន្ទាន់ សេវាសង្គ្រោះបន្ទាន់ សេវាថែទាំទារក និងកុមារ ក៏ដូចជា៖ សេវាអន្តរាគមន៍សុខភាពសាធារណៈផ្សេងៗទៀត កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវបានជម្រុញឱ្យកាន់តែខិតជិត ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ជាមួយគ្នានោះ លោក ក៏បានអំពាវនាវដល់មន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីពេទ្យ មណ្ឌលសុខភាព សូមបន្តយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ក្នុងបរិយាកាសយោគយល់ សាមគ្គីភាព និងនាំមកនូវគំនិតថ្មីៗ សំដៅលើកកម្ពស់សមត្ថភាព និងគុណភាព នៃប្រព័ន្ធសុខាភិបាល ទំនើប ធ្វើយ៉ាងណាឱ្យការអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីសុខាភិបាល នៅគ្រប់មូលដ្ឋានទាំងអស់ ទទួលបានជោគជ័យខ្ពស់បំផុត ដើម្បីជាឧត្តមប្រយោជន៍ជូន ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ងាយរងគ្រោះនៅតំបន់ដាច់ស្រយ៉ាល ។
លោក កែវ វណ្ណៈ ប្រធានមន្ទីសុខាភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ គឺ មានបេសកកម្មធ្វើសកម្មភាព ពិនិត្យ និងព្យាបាលជំងឺគ្រប់ទិសទី នៅទូទាំងប្រទេស ទៅតាមកម្មវិធីបេសកកម្មរបស់ខុទ្ទការល័យ និងសម្តេចចក្រី ហេង សំរិន ខណៈការពិនិត្យ និងព្យាបាលជូន ប្រជាពលរដ្ឋ គ្រប់រូបមិនប្រកាន់ជាតិសាស និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ដោយធ្វើបេសកកម្ម ក្នុងន័យមនុស្សធម៌ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ ប្រជាពលរដ្ឋ ដែលជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគត់តែមួយ ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចអគ្គមាហាចក្រី ហេង សំរិន នឹងធ្វើការពិនិត្យ ព្យាបាល ជំអឺទូទៅជូន ប្រជាពលរដ្ឋក្រុងសួង ខេត្តត្បូងឃ្មុំ រយៈពេល ០១ថ្ងៃ គឺនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ខណៈតាមគម្រោង អាចទទួលប្រជាពលរដ្ឋ ដែលមកទទួលសេវាប្រម៉ាណ ១៥០០នាក់ ៕