​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ រដ្ឋាភិបាលនិងអ្នកសារព័ត៌មាន គឺជាដៃគូមិនអាចខ្វះបាន ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីផលប្រយោជន៍​ពលរដ្ឋ និង​សង្គម

រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ ៖ «ក្នុងភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងអ្នកព័ត៌មា គឺមិនអាចកាត់ផ្តាច់ នូវផ្នែកណាមួយនោះទេ ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋ និងពាំនាំនូវព័ត៌មាន ពីប្រជាពលរដ្ឋដើម្បីសុខដុមនីយកម្ម ក្នុងសង្គម ការយល់ដឹង និងការដោះស្រាយបញ្ហានានា ឱ្យបានទាន់ពេលវេលា និងឆ្លើយតបនឹងបំណង ដ៏ពិសិដ្ឋ របស់ប្រជាពលរដ្ឋ»។

លោកមានប្រសាសន៍បែបនេះ ធ្វើឡើងកាលរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជាអធិបតី នៃ«វេទិកាសារធារណៈ អ្នកសារព័ត៌មាន ដើម្បីក្តាប់ នូវសំណើនិងសំណូមពរ បញ្ហាប្រឈម របស់អ្នកសារព័ត៌មាន ដើម្បីស្វែងរកដំណោះស្រាយ ដែលសហការរៀបចំដោយ ក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច MSJ នៅទីស្តីការក្រសួងព័ត៌មាន។

​នាឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​បញ្ជាក់ថា សារព័ត៌មាន និង ក្រសួងស្ថាប័ន គឺជាមិត្ត និងជាដៃគូដ៏ល្អ។ ដូច្នេះ​ ការរៀបចំវេទិកានេះឡើង គឺជាជម្រើសដ៏ល្អ នៅក្នុងការលើកយកបញ្ហាដាក់លើ​តុ ហើយ​ពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរួម។ លោកបន្តថា បញ្ហាប្រឈមនានា ដែលត្រូវបានលើកលែងដូចជា៖ ការសហការពីសំណាក់ អ្នកនាំពាក្យតាមក្រសួងស្ថាប័ន នៅមានកម្រិតនៅឡើយ, ការគោរពគោលការណ៍គ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួន នៅមានកម្រិត និងកង្វះខាតនៃការយល់ដឹងច្បាប់ ដែលពាក់ព័ន្ធ ដែលពេលខ្លះនាំឱ្យអ្នកសារព័ត៌មាន​ បំពានលើសិទ្ធិអ្នកដទៃ និងផ្សព្វផ្សាយព័ត៌មាន ដែលគ្មានតុល្យភាពព័ត៌មាន ឬមានភាពច្របូកច្របល់ រវាងការផ្សាយព័ត៌មាន និងការបញ្ចេញមតិ​ ឬរំលោភបំពានលើសិទ្ធិឯកជនភាព របស់បុគ្គលផ្សេងៗ និងរួមទាំងការជេរប្រមាថ និងញុះញង់ផងដែរ។

លោក​ នេត្រ ភក្ត្រា បានបន្តថា គោលដៅរួម របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មាន គឺធ្វើយ៉ាងណាធានា នូវសិទ្ធិទទួលព័ត៌មាន របស់ប្រជាពលរដ្ឋ ហើយធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានពិតត្រឹមត្រូវ។ ដូច្នេះជម្រើសយកភាពជាដៃគូ រវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងសារព័ត៌មាន ជាផ្នែកនៃកិច្ចសហប្រតិបត្តិការមួយ ប្រកបដោយសុខដុមនីយកម្ម នៅក្នុងសង្គម រវាងអ្នកផ្តល់ព័ត៌មាន និងអ្នកដែលប្រមូលព័ត៌មាន ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ។

យ៉ាងណា លោក នេត ភក្ត្រា បានថ្លែងកោតសរសើរដល់អ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយអំពីរឿងរ៉ាវទាំងឡាយ ដែលបានកើតឡើងនៅ ក្នុងប្រទេសកម្ពុជាប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ហើយតាមរយៈតួនាទី របស់ប្រពន្ធ័ផ្សព្វផ្សាយនេះហើយ បាននាំយកនូវរឿងរ៉ាវពិតប្រាកដនៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយបានទាន់ពេលវេលា។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនពីដំណើរការងារ របស់ក្រសួងព័ត៌មាន ក្នុងការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ អាចយកទៅអនុវត្តបានទាំងអស់គ្នា ក្នុងគោលបំណង រួមចំណែកលើកតម្កើងតម្លៃវិជ្ជាជីវៈសារព័ត៌មាន និងអភិវឌ្ឍវិស័យព័ត៌មាន នៅកម្ពុជាឱ្យកាន់រីកចម្រើនឡើងថែមទៀត។

ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏កំពុងដំណើរការរៀបចំច្បាប់ស្តីពី របបសារព័ត៌មាន ដែលមានវ័យចំណាស់ ២៩ ឆ្នាំនេះឡើងវិញ រួមនឹងបានបង្កើន សកម្មភាពបណ្តុះបណ្តាលផ្ទៃក្នុង និងការសហការជាមួយសមាគមអ្នកសារព័ត៌មាន ដើម្បីបណ្តុះបណ្តាលបង្កើនសមត្ថភាព ធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មាន ដែលកំពុងប្រកបអាជីព របស់ខ្លួន។

លោក​ នេត្រ ភក្ត្រា ឲ្យដឹងដូច្នេះ រួចថ្លែងបន្តថា ចំពោះការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាកិច្ចការអាទិភាពចម្បង ក្នុងចំណោមបេសកកម្មសំខាន់ៗ របស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧នេះ សម្រាប់ជាមូលដ្ឋានរឹងមាំ ក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន កសាងបន្ថែម និងថែរក្សា ទំនុកចិត្ត របស់ប្រជាជន និងសង្គមជាតិទាំងមូល មកលើវិស័យព័ត៌មានកម្ពុជា។ ហេតុដូច្នេះ ការគោរព និងអនុវត្តក្រមសីលធម៌ ជាកាតព្វកិច្ចដែលផ្សារភ្ជាប់ ជាមួយនឹងសិទ្ធិ ក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

ចំណែក ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ  បានចាត់ទុក «វេទិកាសារធារណៈអ្នកសារព័ត៌មាន»នេះថា រៀបចំឡើង ដើម្បី ស្វែងរកចំណុចរួមមួយ នៃទំនាក់ទំនងព័ត៌មាន រវាងអ្នកសារព័ត៌មាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានលើកឡើង នូវសំណូមពរចំនួន ៦ ចំណុចដើម្បីបង្កើនគុណភាពវិស័យសារព័ត៌មាននៅកម្ពុជា។

សូមបញ្ជាក់ថា ​វេទិកាសារធារណៈនេះ ក៏បានផ្តល់ឱកាស ជូនអ្នកសារព័ត៌មាន ក្នុងការផ្លាស់ប្តូរយោបល់ បទពិសោធ ក៏ដូចជាការលើកជាសំនួរទៅកាន់ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមន្ត្រីជំនាញ ដែលត្រូវផ្តល់ព័ត៌មាន ឬឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន ពិសេសធ្វើការតម្រង់ទិស ដល់អ្នកសារព័ត៌មានផងដែរ៕ រូបថតដោយ ខឹម សុវណ្ណារ៉ា

អត្ថបទដែលជាប់ទាក់ទង