អ្នកជំនាញរកឃើញ ព្រះកេសទេវតា ក្នុងកំណាយស្រាវជ្រាវ នៅខ្លោងទ្វារជ័យ ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប ៖ កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវ របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញ ព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយ នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញ ព្រះកេសទេវតាមួយកប់ ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះ ខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។

លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយ នៅខ្លោងទ្វារជ័យ បានបញ្ជាក់ថា ជាង២សប្ដាហ៍មកហើយ ដែលក្រុមការងា របស់លោក បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ។ លោកបន្តថា ការងារនេះ ធ្វើឡើងក្នុងបំណងពិនិត្យមើល រចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់ឯកសារ ក្នុងគម្រោងជួសជុលចំណុចនេះឡើងវិញ។

តាមការលើកឡើង របស់លោក អន សុភាព ជាការចៃដន្យ ក្នុងពេលក្រុមការងារលោក កំពុងកំណាយនោះ ក៏បានប្រទះឃើញ ព្រះកេសមួយនៅស្អាត កប់ក្នុងរណ្ដៅជើងគ្រឹះ ទេវតាទាញព្រ័ត្រ។

ក្រោយការសិក្សា និងពិនិត្យ អ្នកជំនាញសន្និដ្ឋានថា ព្រះកេសនោះ បានបាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក។ ព្រះកេសធ្វើពីថ្មភក់នេះ មានបណ្ដោយ ២០ស.ម ទទឹង ១១ស.ម និងកម្ពស់ ១២ស.ម។

ក្រោយកំណាយស្រាវជ្រាវ បានមួយផ្នែកធំ អ្នកជំនាញបានសន្និដ្ឋានថា គ្រឹះចម្លាក់កូរសមុទ្រទឹកដោះ នៅខ្លោងទ្វារជ័យនេះ នៅមានភាពមាំល្អ ព្រោះធ្លាប់បានជួសជុលម្ដង នៅសម័យកណ្ដាល និងសម័យបារាំង។

យ៉ាងណា លោក អន សុភាព បញ្ជាក់ថា តាមការឱ្យយោបល់ពីអ្នកពាក់ព័ន្ធ គេត្រូវកំណាយស្រាវជ្រាវ នៅផ្នែកខាងលើបន្ថែមទៀត មើលស្ថានភាពតួស្ពានទាំងមូល ដើម្បីមើលស្ថានភាពជួសជុលនៅពេលនោះ ឱ្យបានល្អិតល្អន់ មុននឹងមានគម្រោងជួសជុលចម្លាក់ កូរសមុទ្រទឹកដោះ នាពេលខាងមុខ៕ អត្ថបទ៖ នាង សំណាង

រូបភាព៖ ភោគ ជា

អត្ថបទដែលជាប់ទាក់ទង