អ្នកនេសាទ​ខេត្តកោះកុង អះអាងថា បទល្មើសប្រើឧបករណ៍នេសាទ​​ខុសច្បាប់​ កំពុងធ្វើសកម្មភាពរាល់ថ្ងៃ នៅឃុំថ្មស ស្រុកបូទុមសាគរ

ខេត្តកោះ​​កុង​ ៖​​ ​ប្រជាពលរដ្ឋ ប្រកបរបរធ្វើនេសាទសមុទ្រ បានអះអាងថា បទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ កំពុង​ធ្វើសកម្មភាពរាល់ថ្ងៃ នៅលើលម្ហសមុទ្រ ក្នុងមូលដ្ឋានឃុំថ្មស ស្រុកបូទុមសាគរ ដោយគ្មានការបង្ក្រាបឬទប់ស្កាត់ឳ្យមានប្រសិទ្ធភាពពី កម្លាំងសមត្ថកិច្ចជំនាញ នៃស្ថាប័នពាក់ព័ន្ធនោះ​ទេ។ បទល្មើសនេះ​ ប្រជានេសាទរស់នៅមូលដ្ឋានឃុំថ្មស លើកឡើងថា​ ធ្វើឱ្យ​ប៉ះពាល់ដល់ជីវៈភាពប្រចាំថ្ងៃ របស់ពួកគាត់ ហើយពេលនេះ ​បាននាំគ្នាផ្តិតស្នាមមេដៃ ដើម្បីត្រៀមដាក់ញតិ ជូនថ្នាក់​នាំ​រដ្ឋបាលខេត្តកោះកុង ​ជួយមានវិធានការទប់ស្កាត់ ឱ្យបានឆាប់ និងមានប្រសិទ្ធ​ភាព។

ប្រជាពលរដ្ឋ​ចំនួន ៦ភូមិ រួមមាន៖ ភូមិថ្មស ភូមិស្រែត្រាវ ភូមិស្រែថ្មី ភូមិចំការលើ ​ភូមិចម្លងគោ និងភូមិតានូន ស្ថិតក្នុងឃុំថ្មស និងឃុំតានូន នៃស្រុកបូទុមសាគរ ខេត្តកោះកុង បានអះអាងថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ​២០២៤នេះ មានរយៈពេលជាង ៤ឆ្នាំ​ហើយ ដែលបទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ របស់បុគ្គល ឬឈ្មួញមួយចំនួន មកពីតំបន់ផ្សេងៗ ​មាន៖ ខេត្តកែប ​កំពត និងព្រះសីហនុជាដើម ​បានចូលមក​នេសាទ ក្នុងភូមិសាស្ត្រឃុំថ្មស ​ប៉ុន្តែបែរជា ​កម្លាំងសមត្ថកិច្ច​ ​នៃនាយកដ្ឋាននគរបាល​ការពារព្រំដែនទឹក ក៏ដូចជា​ មន្ត្រីផ្នែក​ជលផល​បូទូមសាគរ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល​ខេត្តកោះកុង​ជាដើម ទុក​បណ្តោយឱ្យធ្វើសកម្មភាពរាល់ថ្ងៃ..។

បុរសវ័យកណ្តាលឈ្មោះ នៅ ធី ស្ថិតក្នុងចំណោមប្រជានេសាទ ជាងមួយរយនាក់ទៀត រស់នៅ​ឃុំថ្មស ស្រុកបូទុមសាគរ ​ខេត្តកោះកុង​ បាន​ផ្តិតស្នាមមេដៃ ដាក់ញតិជូន ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង ឱ្យស្នើសុំបញ្ឈប់សកម្មភាពទូកនេសាទខ្នាតធំៗ, ទូកអូសគូ, ទូកមងហោះ, ទូកលបប្រើសមុខ១០០ ឬលបកន្ទុយកណ្តុរជាដើម កុំឱ្យចូលមកនេសាទនៅតំបន់ទឹករាក់ ក្នុងមូលដ្ឋាននេះឃុំថ្មសទៀត​ ព្រោះ​បានប៉ះពាល់ដល់ការធ្វើរបរនេសាទ ជាលក្ខណៈគ្រួសារ​ របស់​ពលរដ្ឋពួកគាត់ធ្ងន់ធ្ងរ។

អ្នកនេសាទ នៅ ធី រៀបរាប់បន្តទៀតថា៖ «ចាប់តាំងពីមានទូកធំៗប្រើឧបករណ៍នេសាទទំនើបៗទាំងនេះ ចូលមកនេសាទនៅតំបន់ទឹករាក់ ក្នុងឆកកំពង់សោម និងថ្មស គឺ​ឧបករណ៍នេសាទខុសច្បាប់ទាំងនេះ បានអូសលិចចូលជ្រៅ​ក្នុងភក់​ចន្លោះពី ៣ ទៅ ៥តឹក ដោយប្រមូលយកត្រី តូចធំ ក្តាម បង្គារ និងជីវៈចម្រុះគ្រប់ប្រភេទ គ្មានសល់ទេ គឺរលាយហិនហោចតែម្តង»

​អ្នកនេសាទរូបនេះ​បន្តថា ការប្រើឧបករណ៍នេសាទទំនើបខុសច្បាប់​ គឺក្រៅពីបានបំផ្លាញធនធានជីវៈចម្រុះក្នុងបាតសមុទ្រ វាក៏​ប៉ះពាល់ធ្ងន់ធ្ងរ ដល់ការធ្វើរបរនេសាទ​ជាលក្ខណៈគ្រួសារ របស់ពួកគាត់ ដែលប្រើ​ទូកតូចៗ និង​ឧបករណ៍នេសាទសាមញ្ញ​​ៗ ដូចជា៖ មង និងលប ជាដើម សម្រាប់រកប្រាក់ចំណូលចិញ្ចឹមគ្រួសារជាប្រចាំថ្ងៃ​។

​ចំណែកបុរសអ្នកនេសាទម្នាក់ទៀតឈ្មោះ ទូច វឿន ​រស់នៅឃុំថ្មស បានឱ្យដឹងដែរថា ​បច្ចុប្បន្ននេះ ចំពោះការធ្វើរបរនេសាទ​​លក្ខណៈគ្រួសារ ដោយប្រើឧបករណ៍សាមញ្ញៗ ​ដូចជា​៖ ​ដាក់មងក្តាម មងបង្គារ មងត្រី​ ​លប មឹក និងខ្យងជាដើម គឺមិនទទួលបានផលច្រើនដូចពេលមុនទៀតទេ។ ​លោកបន្តថា ជាង៤ឆ្នាំមកនេះ ​​​ទូកនេសាទ​នេសាទ​ធំៗ ដែលប្រើឧបករណ៍​ខុសច្បាប់ បានចូលមកនេសាទតំបន់ទឹករាក់ ហើយ​បើកបុកពន្លិចទូកនេសាទតូចៗ និងអូសបំផ្លាញឧបករណ៍​​នេសាទ​លក្ខណៈគ្រួសារ របស់​ពលរដ្ឋក្នុងមូលដ្ឋាននេះ បំផ្លាញចោលអស់រាប់ពាន់ដៃ ក្នុងមួយឆ្នាំៗ។

អ្នកនេសាទរូបនេះ បន្ថែមថា«បច្ចុប្បន្ននេះ ការធ្វើរបរនេសាទរបស់ពលរដ្ឋ​ក្នុងមូលដ្ឋាននេះ មានការធ្លាក់ចុះប្រមាណ ៧០ភាគរយ នាំឱ្យ​ពួកគាត់ បាត់បង់ចំណូលប្រចាំថ្ងៃ និងពិបាក​រកលុយ​បង់​ធនាគារ ដែលបានខ្ចីមកធ្វើដើមទុនរកស៊ី»

លោក ទូច វឿន បានរំលឹកថា កាលពី​ខែមេសា និងខែឧសភា ឆ្នាំ​២០២៤ មានទូកធំៗប្រើឧបករណ៍ទំនើបៗ​ជាច្រើនគ្រឿង បានចូលមកនេសាទតំបន់ទឹករាក់ ក្នុងឆកសមុទ្រកំពង់សោម និងតំបន់ថ្មស នៃស្រុកបូទុមសាគរ ហើយ​បើកបុកទូកនេសាទ​ពួកគាត់ និង​អូសបំផ្លាញមងក្តាម មងត្រី មងបង្គារ លបខ្យង និងមឹក​ អស់ជាង ២០០ដៃ ដោយក្នុងមួយដៃៗមានតម្លៃ ៧ម៉ឺនរៀល ប៉ុន្តែសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញជលផល ហាក់មិនសូវជួយដល់ពួកគាត់ទេ។

​អ្នកនេសាទម្នាក់ទៀតឈ្មោះ ហម ធឿន ​រស់នៅឃុំតានូន ​បញ្ជាក់ថា បទល្មើសនេសាទ ដែលចូលមកធ្វើសកម្មភាពនៅស្រុកបូទុមសាគរ គឺអ្នកនេសាទពួកគាត់ ក៏ធ្លាប់​ស្នើសុំកិច្ចអន្តរាគមន៍ទៅ សមត្ថកិច្ចនិងអាជ្ញាធរឃុំថ្មស ជាពិសេសមន្ត្រីជំនាញ​រដ្ឋបាលជលផល ខេត្តកោះកុង ឱ្យជួយ​ទប់ស្កាត់ជាបន្ត​បន្ទាប់​ ប៉ុន្តែមិនទទួលបានលទ្ធផល​ទេ។ ហើយបុគ្គល ឬឈ្មួញ​នេសាទ ​ប្រើ​​ទូកធំៗបំពាក់ឧបករណ៍នេសាទខុសច្បាប់ទាំងនោះ បានបន្តចូលមកនេសាទតំបន់ទឹករាក់ ក្នុងមូលដ្ឋាននេះ បន្តកើតមានជារៀងរាល់យប់។

ត្រង់ចំណុចនេះ អ្នកនេសាទ ហម ធឿន លើកជាចម្ងល់ថា៖ «តើមានមូលហេតុអ្វី ​បានជាមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ លើការងារ​ចុះ​បង្ក្រាបបទល្មើស បំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះបាតសមុទ្រ ជាពិសេសមច្ឆាសមុទ្រគ្រប់ប្រភេទ មិនព្រមចុះបង្ក្រាប​ទូកនេសាទធំៗ ប្រើឧបករណ៍ខុសច្បាប់ទាំងនោះ ហើយបែរជាទុកឲ្យធ្វើសកម្មភាព ក្នុងដែនសមុទ្រនៅឆកសមុទ្រកំពង់សោម និងតំបន់ថ្មស រហូត​មកដល់ពេលនេះ ទៅវិញ?»

ទាក់ទិនបញ្ហានេះ លោក តេង ហាន់ ប្រធានសហគមន៍នេសាទ តំបន់ឆ្នេរឃុំថ្មស ស្រុកបូទុមសាគរ ទទួលស្គាល់ថា ពិតជាមានករណីទូកនេសាទធំៗប្រើឧបករណ៍ខុសច្បាប់ ចូលមក​នេសាទ​ ក្នុងមូលដ្ឋានឃុំថ្មស ពិតមែន។ លោកបញ្ជាក់ថា៖ «កន្លងមកធ្លាប់ឃើញមន្ត្រីជំនាញពាក់ព័ន្ធ មានកម្លាំងនគរបាលការពារព្រំដែនទឹក , មន្ត្រីផ្នែកជលផលបូទុមសាគរ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ជាដើម បានចុះបង្ក្រាបបទល្មើសទាំងនោះ ជាបន្តបន្ទាប់ដែរ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព​ទេ ខ្ញុំ ក៏ឆ្ងល់ដែរ»

ប្រធានសហគមន៍នេសាទរូបនេះ ហាក់មានការរារែកមិនចង់ធ្វើអត្ថាធិប្បាយច្រើនទេជុំវិញបទល្មើសនេសាទនេះ រួចក៏បង្វែសំណួរ របស់អ្នកសារព័ត៌មាន ឲ្យ​សួរទៅ កម្លាំងសមត្ថកិច្ច ​​វរៈសេនាតូចនគរបាលការពារព្រំដែនទឹក​ លេខ​២៦៩ ​និងមន្ត្រីជំនាញ​ជលផលជំនួសវិញ ព្រោះ​​ស្ថាប័នទាំងនេះ មានទីស្នាក់ការ​ប្រចាំការ នៅឃុំថ្មស ស្រុកបូទុមសាគរ ជិតទីតាំងកើតមានបទល្មើស​ស្រាប់។

ទាក់ទិនបញ្ហានេះ មេឃុំថ្មស លោក អ៊ិក កួន មានប្រសាសន៍ថា ពិតជាមានបទល្មើសនេសាទខុសច្បាប់ ​ចូលមកនេសាទ​ក្នុងភូមិសាស្ត្រស្រុកបូទុមសាគរពិតមែន។ ហើយករណីនេះ គឺជាកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ដែលមានរបរជាអ្នកនេសាទសមុទ្រ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។ លោកថាករណីនេះ មន្ត្រីជំនាញពាក់ព័ន្ធ ក៏ធ្លាប់បានជួបប្រជុំគ្នា ​ដើម្បីរិះរកវិធីដោះស្រាយ ជាបន្តបន្ទាប់ដែរ ប៉ុន្តែបទល្មើសនេះនៅតែបន្តកើតមានដដែល។

លោកមេឃុំថ្មស បន្ថែមថា ៖ «មិនដឹងជាសមត្ថកិច្ចជំនាញនីមួយៗ ពិសេសខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង សហការគ្នាធ្វើការយ៉ាងម៉េចទេ ​ទើបបានជា ទូកអូសគូ ទូកលបប្រើសមុខ១០០ និងទូកមងហោះជាដើម​ ​លុបបំបាត់មិនបាន និងបន្តកើតមានរហូតមកដល់សព្វថ្ងៃ​។ ​ករណីនេះ ខាងអាជ្ញាធរឃុំ គ្មានលទ្ធភាពចុះទៅបង្ក្រាបនៅលើលម្ហសមុទ្រទេ គឺមានតែជំនាញជលផលហ្នឹងឯង»

លោកមេឃុំថ្មស សំណូមពរថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលទទួលខុសត្រូវលើការងារបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះបាតសមុទ្រ ជាពិសេសមច្ឆាសមុទ្រ គួរពង្រឹង​ការងារល្បាតចុះបង្ក្រាបបទល្មើស​ប្រើឧបករណ៍នេសាទខុសច្បាប់ ដែលកំពុងធ្វើសកម្ម​ក្នុងដែនសមុទ្រ នាមូលដ្ឋានស្រុកបូទុមសាគរ ឳ្យបានម៉ឺងម៉ាត់ ទើបទទួលជោគជ័យ។

យ៉ាងណាក្តី លោក វ៉ាន់ ថុង មន្ត្រីខណ្ឌរដ្ឋបាលជលផល ខេត្តកោះកុង ​ទទួលស្គាល់ថា ពិតជា​បទល្មើសនេសាទ បានចូលមកធ្វើសកម្មភាពក្នុង​ដែនសមុទ្រ នាមូលដ្ឋានឃុំថ្មស ស្រុកបូទុមសាគរពិតមែន ប៉ុន្តែបទល្មើសនេះ មន្ត្រីជំនាញជលផល បានសហការណ៍ចុះបង្ក្រាប និងឃាត់ចាប់ទូកនេសាទខុសច្បាប់ទាំងនោះ បាន​ជា​ច្រើនករណី​​។ ជាក់ស្តែងកាលពីថ្ងៃទី​២៧ ខែកក្កដា មន្ត្រីខណ្ឌជលផល ​បានចុះបង្ក្រាបនិងឃាត់​ទូកនេសាទប្រើ​ឧបករណ៍ខុសច្បាប់ចំនួនពីរគ្រឿង និងរឹបអូសយកលប​ប្រើសមុខ១០០​ ជាង ៣០០ដៃ យកទៅរក្សាទុក និងតម្រូវឲ្យ​ម្ចាស់ទូកនេសាទខុសច្បាប់នោះ ធ្វើកិច្ចសន្យាបញ្ឈប់​ប្រើឧបករណ៍ខុសច្បាប់​នេះតទៅទៀត។

​​​លោក វ៉ាន់ ថុង បញ្ជាក់ថា៖ «មន្ត្រីជំនាញរបស់លោកមានគ្នាតិច ត្រឹមតែពីបីនាក់ ហើយការងារត្រូវចុះអនុវត្តមានច្រើន។ ជាពិសេសមិនមាន​មធ្យោបាយគ្រប់គ្រាន់ សម្រាប់ចុះបង្ក្រាបបទល្មើសឲ្យបានទាន់ចិត្តទេ ពេល​មានបទល្មើសកំពុងធ្វើសកម្មភាពនៅលើលម្ហសមុទ្រ​»

​​​លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មា​ធិការជាតិសន្តិសុខលម្ហសមុទ្រ មិនធ្វើអត្ថាធិប្បាយជុំវិញបទល្មើសនេសាទកំពុងកើតមាន នៅក្នុងមូលដ្ឋានស្រុក​បូទុមសាគរនេះទេ ដោយបានណែនាំឳ្យ «កម្ពុជាថ្ងៃនេះ» ទាក់ទងទៅ លោកវរៈសេនីយត្រី ផាន់ កណ្ណារ៉ាត់ អនុប្រធាននាយក​ដ្ឋាននគរបាលការពារព្រំដែនទឹក និង​លោកវរៈសេនីយឯក ស៊ិន ដារ៉ូ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនទឹក លេខ២៦៩ ​​ប្រចាំការនៅឃុំថ្មស ស្រុកបូទុមសាគរ ដើម្បីផ្តល់ព័ត៌​មានជុំវិញ។ ប៉ុន្តែលោក​ថា នឹង​ពិនិត្យតាមដានលើករណី បទល្មើសនេសាទនេសាទ កំពុងធ្វើសកម្មភាពនៅ​​ឃុំថ្មស ដែលពលរដ្ឋក្នុងមូលដ្ឋាននេះ បានស្នើសុំកិច្ចអន្តរាគមន៍ចុះបង្ក្រាប នៅពេលក្រោយ​។

ទោះជាបែបនេះក្តី លោកវរៈសេនីយត្រី ផាន់ កណ្ណារ៉ាត់ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ទទួលបន្ទុក​ វរៈសេនាតូចនគរ​បាលការពារព្រំដែនទឹក​ លេខ​២៦៩ មានមូលដ្ឋាន​នៅឃុំថ្មស ស្រុកបូទុមសាគរ ​មិនធ្វើអត្ថាធិប្បាយ​ទេ ជុំវិញបទល្មើស​នេសាទប្រើឧបករណ៍ខុសច្បាប់ កំពុងធ្វើសកម្មភាព​ក្នុងឆកសមុទ្រកំពង់សោម និងតំបន់ឃុំថ្មសនេះ​​។ លោក​ចាត់ទុកបទល្មើសនេះ ជារឿងរបស់សហគមន៍​នេសាទ។ រីឯ លោកវរៈសេនីយឯក ស៊ិន ដារ៉ូ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនទឹក លេខ២៦៩ ប្រចាំស្រុកបូទុមសាគរ ​​ក៏មិនធ្វើអត្ថាធិប្បាយដែរ ព្រោះកំពុងទៅសម្រាកព្យាបាលជំងឺនៅប្រទេសថៃ។

នាយរងផ្នែកជលផលបូទុមសាគរ ​លោក ប៉ រ៉ានី ថ្លែងថា ចំពោះការងារបង្ក្រាប​បទល្មើសនេសាទនៅឃុំថ្មស ខាងមន្ត្រីជំនាញជលផល បានបន្តសហការជាមួយ អាជ្ញាធរមូលដ្ឋាន និង​សមត្ថកិច្ចជំនាញដទៃទៀត ចុះបង្ក្រាបជាប្រចាំ និងឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធឳ្យធ្វើកិច្ចសន្យា​ និងដកហូត​ឧបករណ៍នេសាទខុសច្បាប់ទាំងនោះ យកទៅរក្សាទុក បានជាច្រើនករណី​។ យ៉ាងណាលោកថា ក្នុងរយៈពេលចុងក្រោយនេះ តំបន់សមុទ្រនៅតំបន់ថ្មស ស្រុកបូទុមសាគរ មានភ្លៀងធ្លាក់ជាប់រហូត ដែលបង្កផលវិបាកដល់ការ​ងារចុះល្បាត បង្ក្រាបបទល្មើសផ្សេងៗ។ ​

«​កម្ពុជាថ្ងៃនេះ» មិនទាន់អាចទាក់ទង លោកស្រី អែម សុធារ៉ា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ដើម្បីបញ្ជាក់ជុំវិញ គម្រោងដាក់ញតិ របស់ប្រជានេសាទ រស់នៅឃុំថ្មស បានទេតាមទូរស័ព្ទ កាលពីថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ​២០២៤ ព្រោះលោកស្រីជាប់រវល់ប្រជុំ។​

​អ្នកសម្របសម្រួលអង្គការលីកាដូ ខេត្តកោះកុង ​លោក ហ៊ួរ អ៊ីន បានឲ្យដឹងដែរថា រូបលោកក៏បានទទួលព័ត៌មាន ជុំវិញ​ករណី​បទ​ល្មើសនេសាទ​ប្រើឧបករណ៍ខុសច្បាប់ ចូលមកនេសាទ ក្នុងដែនសមុទ្រ​ខេត្តកោះកុង ​ត្រង់ចំណុចមូលដ្ឋានឃុំថ្មស ស្រុកបូទុមសាគរនេះ​ដែរ។ ហើយករណីនេះ ប្រជានេសាទទាំងនោះ ក៏កំពុងផ្តិតស្នាមមេដៃ ដើម្បីត្រៀមដាក់ញតិ ជូនថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង និងមន្ត្រីកសិកម្មខេត្តផង​ ដើម្បីស្នើឲ្យជួយអន្តរាគមន៍បញ្ឈប់ទូកនេសាទធំៗ ប្រើឧបករណ៍ទំនើបៗខុសច្បាប់ទាំងនោះ ឳ្យ​មានប្រសិទ្ធភាព ព្រោះ​បានប៉ះពាល់ដល់ការធ្វើរបរនេសាទជាលក្ខណៈគ្រួសារ ​របស់ពួកគាត់​។

​លោកបន្ថែមថា ៖ «អាជ្ញាធរខេត្តកោះកុង គួរខិតខំរកដំណោះស្រាយ ដើម្បីឲ្យប្រជាពលរដ្ឋ អាចធ្វើនេសាទឲ្យដូចដើមឡើងវិញ ព្រោះ ពលរដ្ឋរស់នៅតំបន់នោះ គឺ​ពឹងផ្អែកតែទៅលើការធ្វើរបរនេសាទ​តែមួយមុខទេ។ អញ្ចឹងបើកាលណា ធ្វើនេសាទមិនបានផល នឹងប៉ះពាល់ដល់ជីវៈភាពប្រចាំថ្ងៃ របស់ពួកគាត់ធ្ងន់ធ្ងរ ដែល​ពលរដ្ឋភាគច្រើន បានខ្ចីលុយ​ធនាគារ មកបង្កើតមុខរបររកស៊ី»

​យ៉ាង​ណាក៏ដោយចុះ ​ប្រជាពលរដ្ឋរស់នៅឃុំថ្មស ស្រុកបូទុមសាគរ ដែលបានផ្តិតស្នាមមេដៃប្រមាណជិត ១៥០នាក់ មានជំនឿថា ​នៅពេលញតិរបស់ពួកគាត់ បានទៅដល់ដៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង ដែលគ្រោងដាក់ជូននៅខែសីហាខាងមុខនេះ​ នឹង​ត្រូវបានលើកយកពិនិត្យដោះស្រាយ និង​ឈានទៅលុបបំបាត់​បទល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់ ដែលកំពុងធ្វើសកម្មភាពនៅឆកកំពង់សោម និងតំបន់ថ្មស ឳ្យបានជាស្ថាពរ ​ខណៈបទល្មើសនេះ ​បានអូសបន្លាយ​ជាង ៤ឆ្លាំកន្លងមកហើយៗ កម្លាំងសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ ហាក់មិនសូវរវល់អើពើពីកង្វល់ របស់ប្រជានេសាទពួកគាត់ទេ៕ ដោយ ៖ ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង