អាជ្ញាធរជាតិអប្សរា កំពុងជួសជុលចម្លាក់តោថ្ម នៅប្រាសាទភ្នំក្រោម

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា  កំពុងជួសជុលចម្លាក់តោថ្ម ចំនួនមួយមានកម្ពស់ ១.៣៧ម៉ែត្រ ទទឹង ៤៦សង់ទីម៉ែត្រ បែកបាក់បួនបំណែក និងបាត់បង់ជើងទាំង៤ ដែលចម្លាក់តោនេះ មានទីតាំងនៅខាងស្តាំនៃជណ្តើរខាងលិច តួប៉មកណ្តាលប្រាសាទភ្នំក្រោម ដោយត្រូវប្រើពេលប្រមាណ ៦ខែ។

អ្នកជំនាញអភិរក្សថ្ម លោក ទ្រី ប៊ុនលី បានឱ្យដឹងថា ចម្លាក់តោនេះ បានរងការខូចខាតអស់ពេល ជាយូរមកហើយដោយកត្តាផ្សេងៗ។

លោកបន្តថា បំណែកតោនៅសេសសល់បួនបំណែក មានក្បាលដងខ្លួន និងភ្លៅមុខខាងស្តាំ រួមទាំងជើងទម្រផង។ ហើយបច្ចុប្បន្ន ក្រុមការងារ បានយកបំណែកចម្លាក់តោមកសម្អាតស្ងួត សម្អាតសើម និងសម្អាតបែបគីមី រួចហើយពង្រឹងថ្ម និងផ្គុំតភ្ជាប់ឡើងវិញនោះ។ រីឯ ជើងទាំង៤ ដែលបាត់បង់ត្រូវបន្ថែមថ្មថ្មី ដើម្បីឱ្យចម្លាក់តោ មានជំហររឹងមាំឡើងវិញ។

ចំណែក លោក អៀន ធី និងលោក យក់ ក្រូច អ្នកអភិរក្សថ្ម បានឱ្យដឹងថា ការងារជួសជុលចម្លាក់តោនេះ បានសហការគ្នាជាក្រុម តាំងពីចាប់ផ្តើមរហូតពេលដាប់ឆ្លាក់ថ្មថ្មីតភ្ជាប់ដងខ្លួនតោឡើងវិញ។ ឆ្លងកាត់ការសិក្សា និងមុនឈានដល់ការដាប់ថ្មថ្មីជំនួសជើងទាំងបួន ដែលបាត់បង់ឱ្យត្រូវតាមទម្រង់ដើម អ្នកជំនាញបានធ្វើពុម្ពដីឥដ្ឋ ឱ្យចេញជារូបរាងតាមទម្រង់ និងកម្ពស់ដើម បន្ទាប់មកដាប់ឆ្លាក់ថ្មថ្មីជាទម្រង់ជើងតភ្ជាប់ឡើងវិញ។ ចម្លាក់តោនេះ នឹងត្រូវតម្កល់នៅទីតាំងដើម ក្រោយពេលបញ្ចប់ការជួសជុល៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា/ ក្រុមការងារអភិរក្សថ្ម

អត្ថបទដែលជាប់ទាក់ទង