ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំភ្លឺព័ត៌មានករណីស្ត្រីជនជាតិឡាវ លោតពីលើអគារ
ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨និង ៣០នាទីព្រឹក មានករណីស្ត្រីជនបរទេសម្នាក់ ប៉ុនប៉ងលោតពីលើអគារផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ហើយ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ជួយសង្គ្រោះ ទាន់ពេល ដោយមិនមានការរងរបួសអ្វីទេ។
ជនបរទេសនោះឈ្មោះ DOUANGMALA PIK ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរ មិនពិតប្រាកដ។ បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់លិខិតឆ្លងដែនលេខ P2563131 ។
តាមការសួរនាំ និងស្រាវជ្រាវ គឺឈ្មោះ DOUANGMALA PIK ប៉ុនប៉ងលោតពីលើអគារ គឺដោយសារខ្លួនមានជំងឺបាក់ទឹកចិត្ត ហើយគាត់បានប្រើថ្នាំរំងាប់អារម្មណ៍ច្រើនហួសកំរិត ទើបធ្វើឱ្យគាត់បាត់បង់ស្មារតី បាត់បង់សតិ គ្រប់គ្រងខ្លួនឯងមិនបាន គឺបានឡើងលើបង្អួចបន្ទប់របស់ខ្លួន លេខ៨៧០៣ ជាន់ទី៧ ចុះតាមខ្សែទុយោម៉ាស៊ីត្រជាក់ លោតចុះទើរលើដំបូលផ្ទះ ប្រជាពលរដ្ឋ ។
ស្ត្រីរងគ្រោះ បញ្ជាក់ថា រូបគាត់ពុំមានបំណងចង់លេបថ្នាំ និងចង់ប៉ុនប៉ងលោតពីលើអគារ សម្លាប់ខ្លួននោះទេ ដោយសារខ្លួនបាត់បង់ស្មាតី គ្រប់គ្រងខ្លួនឯងពុំបាន ។
ក្រោយសាកសួររួច សមត្ថកិច្ច ក៏បានធ្វើតេស្តស្វែករកសារធាតុញៀន លើស្ត្រីខាងលើ ហើយបានរកឃើញវិជ្ជមានសារធាតុញៀន។ ហើយ បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តនីតិវិធី ៕