អភិបាលខេត្តកណ្ដាលថ្មី ចុះជួបសំណេះសំណាល មន្ត្រីរាជការ នៃរដ្ឋបាលក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលថ្មី បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលក្រុងតាខ្មៅ ត្រូវអនុវត្តតួនាទីភារកិច្ច របស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេស ការផ្តល់សេវាសាធារណៈ គឺធ្វើឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។
ការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការក្រុងតាខ្មៅ នេះធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ នៃរដ្ឋបាលក្រុងតាខ្មៅ ក្រោមអធិបតីភាព លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាក្រុងតាខ្មៅ។
នាឱកាសនោះ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បញ្ជាក់ថា ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងការកែលម្អស្ថាប័នសាធារណៈ នៅថ្នាក់ក្រុង សង្កាត់ ឱ្យក្លាយជា រដ្ឋបាលទំនើប ស្អាតស្អំ និងមានសមត្ថភាព ដែលស័ក្តិសមជា រដ្ឋបាល បម្រើផលប្រយោជន៍ពិតប្រាកដ របស់ប្រជាជន។
លោកបន្តថា រដ្ឋបាលក្រុង សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការ គោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនានា នៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការបំពេញមុខងារ និងកាតព្វកិច្ច របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ឱ្យបានរហ័ស ហើយក៏ត្រូវដាក់ទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈ រូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋ តាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់”។
ជាមួយនេះដែរ លោក អភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុងតាខ្មៅ ត្រូវពង្រឹងរបៀបរបបធ្វើការងារ, ទំនាក់ទំនងការងារ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ត្រូវធ្វើជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃ ក្នុងរដ្ឋបាល របស់ខ្លួន ហើយថ្នាក់ដឹកនាំនៅតាមអង្គភាពនីមួយៗ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងរបៀបរបបធ្វើការឱ្យបានល្អ, គោរពឋានានុក្រម វិន័យ ការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។
ទន្ទឹមគ្នានេះ ក៏ត្រូវបង្កើនទំនាក់ទំនង និងសហការគ្នា ឱ្យបានល្អិតល្មួតក្នុងការបំពេញការងារ និងការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឱ្យបានរឹងមាំ។
បន្ថែមលើនេះ លោក អភិបាលខេត្ត បានណែនាំដល់ គណៈបញ្ចាការឯកភាពរដ្ឋបាលក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត ប្រយោជន៍ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេស សកម្មភាព លួច, ឆក់, ប្លន់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យផងដែរ៕