សម្តេចធិបតី ផ្តល់អនុសាសន៍ដល់ គណៈកម្មការអន្តរក្រសួង ឱ្យទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប

“សម្តេចធិបតី ផ្តល់អនុសាសន៍ដល់ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្ត និងសហការ ឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ស្កាត់រាល់ការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន និងបទល្មើសធនធានធម្មជាតិដទៃទៀត ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ ចំពោះការផលិត ការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង”

សម្តេចធិបតី មានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងពិធីលែងត្រីប្រមាណ ១,៥លានក្បាល ក្នុង “ទិវាមច្ឆជាតិ” លើកទី១៩ នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល អាណតិ្តទី៧ នៅតែបន្តចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាន នូវតុល្យភាព រវាងការអភិរក្ស និងការអភិវឌ្ឍ។

ជាក់ស្តែង  វិស័យកសិកម្មកម្ពុជា បន្តរក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ដល់ការបន្ធូរបន្ថយផលប៉ះពាល់ ជាអវិជ្ជមានលើសេដ្ឋកិច្ចកម្ពុជា ជាពិសេស ធានាសន្តិសុខស្បៀង បញ្ចៀសបាន នូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរ​ណា នៃតម្លៃស្បៀង ក្នុងប្រទេស ទោះបីក្នុងស្ថានភាព ដែលពិភពលោកជួបប្រទះ នូវវិបត្តិជាបន្តបន្ទាប់ក្តី​។

រាជរដ្ឋាភិបាល អាណតិ្តទី ៧ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បន្តអនុវត្តគោលការណ៍លើកលែងពន្ធ ដោយមិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផល និងមុខទំនិញ ដែលជា​អាហារមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ រហូតដល់ចុងឆ្នាំ២០២៨ ព្រមទំាងការលើកទឹកចិត្តផ្នែកពន្ធដារចំនួន ២ឆ្នាំ បន្ថែមទៀត ចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និង ជ័រកៅស៊ូ។

បន្ថែមលើនេះ កសិផលចំនួន ៥មុខ ដែលកំពុងមានសក្តានុពល រួមមាន៖ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ដោយអនុវត្តយន្តការលើកទឹកចិត្តដូចគ្នា។

ជាមួយគ្នានេះ ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្ម និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាកសិករ រាជរដ្ឋាភិបាល បានដាក់ចេញ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមាន៖ ការលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ជាក់ស្តែង ក្នុងឆ្នាំ២០២៣ កម្ពុជា បាននាំចេញផលិតផលកសិកម្មជាង ៨.៨២ លានតោន ទៅកាន់គោលដៅចំនួន ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ។

នៅក្នុងឱកាសនោះ ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍ​ធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ សម្តេចធិបតី បានផ្តល់អនុសាសន៍ដល់ គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្ត និងសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ស្កាត់រាល់ការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប ការនេសាទខុសច្បាប់ ជាពិសេស ក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន និងបទល្មើសធនធានធម្មជាតិដទៃទៀត ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ ចំពោះការផលិត ការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជា៖ ឧបករណ៍ឆក់ និងស្បៃមុង ជាដើម។

ទន្ទឹមនេះ បង្កើនការផ្សព្វផ្សាយ ការអប់រំ និងការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងការអភិរក្ស និងធានានិរន្តរភាពធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។

ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសេីរ​ និងអរគុណ ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ និងវិស័យ​ឯកជន ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលកម្ពុជា ប្រកបដោយនិរន្តរភាព សំដៅរួមចំណែកធានាសន្តិសុខស្បៀង ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាន នូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យក ថ្ងៃទី១ ខែកក្កដា ជាទិវាមច្ឆជាតិ និងតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ក្នុងរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សធនធានជលផល ដែលជាធនធានធម្មជាតិដ៏មានតម្លៃ របស់យើង និងដើម្បីឱ្យត្រីមេពូជទាំងឡាយ បន្តពូជ ពងកូន និងរីកធំធាត់ ៕

អត្ថបទដែលជាប់ទាក់ទង