គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្សរាល់ថ្ងៃ នៅខេត្តព្រះសីហនុ មន្ត្រីនគរបាល អំពាវនាវឳ្យអ្នកបើកបរ ​គោរពច្បាប់​

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបានទេសចរណ៍ខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឳ្យបានទាំងអស់គ្នា ប្រយោជន៍ដើម្បីឈានទៅកាត់បន្ថយអត្រាស្លាប់ និងរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

មន្ត្រីនគរបាលជំនាញ បានអះអាងថា ស្ទើរជារៀងរាល់ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅក្នុងក្រុងទេសចរណ៍មួយនេះ បណ្តាលឳ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។

ជាក់ស្តែង សមត្ថកិច្ចនគរបាលចរាចរណ៍ បានឳ្យដឹងថា នៅម៉ោងប្រមាណ ៥ជិតភ្លឺ ឈានចូលថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៤នេះ មានបុរសម្នាក់ បានស្លា​ប់​ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះ​ថ្នាក់ចរាចរណ៍ បើកម៉ូតូបុកដើមល្មើ ដែលដាំតាមសួនកណ្តាលទ្រូងផ្លូវ​ ដោយខ្លួនឯង  ​នៅម្តុំជិតសាខាពន្ធដាខេត្តព្រះសីហនុ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ចំណែក គ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត ​បាន​កើតឡើង រវាង រថយន្ត និងម៉ូតូ បានបុកប៉ះគ្នា បណ្តាល​ឳ្យស្រ្តី ២នាក់ រងរបួសធ្ងន់ និងស្រាល នៅផ្លូវបំបែកស្តុបជាងលីមចាស់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

គ្រោះថ្នាក់ទាំងនេះ សមត្ថកិច្ចនគរបាល ចរាចរណ៍​ បញ្ជាក់ថា កើតឡើងដោយសារតែអ្នកបើកបរធ្វេសប្រហែស និងមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឳ្យបានត្រឹមត្រូវទេ៕​ ​សំ រ៉ា

អត្ថបទដែលជាប់ទាក់ទង