ព្រះវិហារចំណាស់ អាយុជាង១០០ឆ្នាំ ក្នុងវត្តដំណាក់ ជាសម្បត្តិបេតិកភណ្ឌជាតិ កំពុងជួសជុលអភិរក្ស 

ខេត្តសៀមរាប ៖ ទីអារាមព្រះពុទ្ធសាសនាមួយនេះ ស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សំណង់ព្រះវិហារនៃអារាមនេះ តាមរយៈភស្តុតាងចារិកនៅលើជញ្ជាំងនៃសំណង់ក៏ដូចជាថេរដីកាព្រះគ្រូចៅអធិការបានបញ្ជាក់ថា ព.ស ២៤៦២ ដែលអាចជាឆ្នាំនៃការកសាង។ ពុទ្ធសាសនិកជំនាន់មុនបានក៏សាងឡើងសម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថាព្រះជីគង់ជាអធិបតី។

ព្រះវិហារ ត្រូវបានសាងសង់ឡើង នៅលើខឿនមួយជាន់ និងមានទទឹង១៥.៤ម៉ែត្រ បណ្តោយ៣៧ម៉ែត្រ ដែលសង់អំពីបេតុង និងឈើ។ ដោយហេតុអាយុកាល និងបញ្ហាមួយចំនួនទៀត ធ្វើឱ្យដំបូលនៃព្រះវិហារមានការខូចខាតធ្លុះធ្លាយដោយអន្លើ ដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ពន្ធនានា គ្រឿងបង្គំដំបូល សរសរ គ្រឹះក៏ចាស់មួយចំនួនទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។ ជាហេតុពេលនេះ អាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ទាំងបច្ចេកទេស និងថវិកាដើម្បីជួសជុលសំណង់ពិសិដ្ឋមួយនេះ ដោយគម្រោងជួសជុលបានចាប់ផ្តើមដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។

ការជួសជុលនេះ នឹងរួមចំណែកថែរក្សាកេរដំណែលនិងតម្លៃគ្រប់យ៉ាង នៃស្ថាបត្យកម្មដ៏ចំណាស់នេះ បានបំពេញតួនាទីរបស់ខ្លួនជាបន្ត និងសម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យកុសល្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចក្នុងវត្តតទៅ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍

អត្ថបទដែលជាប់ទាក់ទង