សមត្ថកិច្ច បង្ក្រាបគ្រឿងញៀន១៤៥គីឡូ និងឃាត់ខ្លួនជនបរទេស៥នាក់ នៅខណ្ឌជ្រោយចង្វា

រាជធានីភ្នំពេញ ៖ កម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ ដោយ រឹបអូសវត្ថុតាងថ្នាំញៀនចំនួន ១៤៥គីឡូក្រាម និងឃាត់ខ្លួនពួកឧក្រិដ្ឋជន បរទេសចំនួន ៥នាក់។

ថ្លែងក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បាន
ឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងកាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅ ខណ្ឌជ្រោយចង្វា ភ្នំពេញ។

លោកបន្តថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា របស់ នាយឧត្តមសេនីយ៍
ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ ឧក្រិដ្ឋជន
ទាំង ៥នាក់ ដែលសមត្ថកិច្ចបង្ក្រាបបាន ម្នាក់ជាជប៉ុន និង៤នាក់ទៀតជាចិនតៃវ៉ាន់។

លោកបញ្ជាក់ពីការតាមដានក្រុមក្រិដ្ឋជនថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃទៅលើមុខសញ្ញាជនជាតិ
ចិនតៃវ៉ាន់មួយក្រុម កំពុងធ្វើសកម្មភាពជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុង រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយ
ចំនួន។ លុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២០និង៣០នាទី កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន បាន
សហការជាមួយកម្លាំងនគរបាល ខណ្ឌជ្រោយចង្វា ក៏បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តទៀតថា កម្លាំងជំនាញ បានឃាត់ខ្លួនចិនតៃវ៉ាន់ម្នាក់ ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ ២៦ឆ្នាំ នៅចំណុចក្នុងបុរីមួយ
កន្លែង ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ដកហូតវត្ថុតាងថ្នាំញៀនប្រភេទកេតាមីន ចំនួន៣ដុំស្មើនឹង ៣គីឡូក្រាម។ បន្ទាប់មក
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង១០នាទី ប៉ូលិសបន្តស្រាវជ្រាវបង្ក្រាបបក្ខពួកជនសង្ស័យចំនួន ៤នាក់ទៀត។

ក្នុងនោះមានចិនតៃវ៉ាន់ ៣នាក់ និងជប៉ុនម្នាក់ នៅចំណុច បុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រួមមាន៖
ទី១. ឈ្មោះ ស៊ូ ឈិនហៅ អាយុ ២៣ឆ្នាំ។ ទី២. ឈ្មោះ ហ័ង ហឺជៀន អាយុ ៣៥ឆ្នាំ។ ទី៣. ឈ្មោះ ហ្វាង ចឹងជីន អាយុ ២០ឆ្នាំ និងទី៤.
ឈ្មោះ ណូមូរ៉ា សូគីជី អាយុ ៧៦ឆ្នាំ។

លោកអគ្គស្នងការរងបន្តថា ប៉ូលិសបានឆែកឆេរទីតាំងស្នាក់នៅ និងទីតាំងស្តុកគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជនជួញដូរ
គ្រឿងញៀន ចំនួន ៣ទីតាំងផ្សេងគ្នា ជាលទ្ធផលរកឃើញ ថ្នាំញៀនប្រភេទកេតាមីន ចំនួន ១៤២ដុំ ស្មើនឹង ១៤២គីឡូក្រាម។ ម្សៅ
សារធាតុផ្សំគ្រឿងញៀនចំនួន ២គីឡូក្រាម។ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣។ ឧបករណ៍សម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន
និងសម្បកកញ្ចប់ថង់រូបតែ សម្រាប់ច្រកថ្នាំញៀន (ខ្នាត១គីឡូក្រាម) ចំនួន២០០កញ្ចប់។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួន ចិនតៃវ៉ាន់ ៤នាក់ និងជប៉ុនម្នាក់ ដកហូតថ្នាំញៀនប្រភេទកេតាមីនសរុបទម្ងន់
១៤៥គីឡូក្រាម។

ចំពោះករណីនេះ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងកសាងសំណុំរឿងបញ្ជូន ក្រុមឧក្រិដ្ឋទាំង ៥នាក់ និងវត្ថុតាងគ្រឿង
ញៀននៅកាន់ សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង