ការសម្អាតរុក្ខជាតិ តាមប្រាសាទ ក្នុងតំបន់អង្គរ របស់អាជ្ញាធរជាតិអប្សរា កាន់តែមមាញឹកក្នុងរដូវវស្សា

ខេត្តសៀមរាប ៖ អ្នកគ្រប់គ្រងការងារសម្អាត រុក្ខជាតិតាមប្រាសាទ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នាដើមរដូវវស្សាឆ្នាំនេះ ក្រុមការងារសម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា កាន់តែមមាញឹក ក្នុងសកម្មភាពចុះកាត់សម្អាតដើមរុក្ខជាតិ ឬស្មៅ ដែលដុះ នៅតាមប្រាសាទទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីកាត់បន្ថយហានិភ័យដល់ ប្រាង្គប្រាសាទ។

លោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាត រុក្ខជាតិតាមប្រាសាទ បានឱ្យដឹងក្នុងពេលដឹកនាំ ក្រុមការងារចុះសម្អាតនៅប្រាសាទតាកែវថា ការកាត់សម្អាតរុក្ខជាតិ និងស្មៅនៅតាមប្រាសាទ គឺដើម្បីចៀសវាងកុំឱ្យវាបង្កផលប៉ះពាល់ដល់រចនាសម្ពន្ធ របស់ប្រាសាទ ទាំងប្រាសាទថ្មភក់ និងប្រាសាទឥដ្ឋ។ ជាពិសេសរដូវវស្សា គឺក្រុមការងារកាន់តែមមាញឹកសម្អាតនៅគ្រប់ប្រាសាទទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរាទាំងក្នុង និងក្រៅតំបន់អង្គរ។

លោក ងិន ធី បន្តថា ក្នុងឆ្នាំនេះ ថ្វីត្បិតតែអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យស្មៅមិនសូវមានដុះ ក៏ប៉ុន្តែចំពោះរុក្ខជាតិនៅតែដុះលូតលាស់ធម្មតា និងដុះកាន់តែច្រើននៅពេលរដូវភ្លៀង។ លោកថា ចំពោះបញ្ហានេះ ទាមទារឱ្យមានការសម្អាតជាប្រចាំ ដើម្បីសោភ័ណភាព របស់ប្រាសាទបុរាណផង និងជៀសវាងការប៉ះពាល់ដល់ប្រាង្គប្រាសាទ និងរចនាសម្ពន្ធផ្សេងៗ របស់ប្រាសាទផង។

លោក ងិន ធី បញ្ជាក់ថា ការងារសម្អាតនេះ អាចរំខានដល់ភ្ញៀវទេសចរ ក្នុងរយៈពេលខ្លី ហើយលោកក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទស្សនាប្រាសាទនានា ស្របពេលក្រុមការងារសម្អាតកំពុងបំពេញការងារ មេត្តាកុំចូលទៅជិត ចៀសវាងគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយជាយថាហេតុ។

ម្យ៉ាងទៀត សូមចូលថែរក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ ទាំងអស់គ្នា ដើម្បីលើកម្ពស់បរិស្ថាន និងតម្លៃជាសកល របស់បេតិកភណ្ឌពិភពលោក៕

អត្ថបទ: លោក យី សុថា

រូបភាព: លោក ភោគ ជា/ លោក ស៊ុំ សុមេធ/ លោក ងិន ធី

អត្ថបទដែលជាប់ទាក់ទង