សង្គមសុីវិល ក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធ រួមគ្នារៀបចំកម្មវិធីចែករំលែក ក្តីស្រឡាញ់ និងស្នាមញញឹមលើកទី១៤ ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

រាជធានីភ្នំពេញ ៖  ក្រសួងបរិស្ថានដោយមានការចង្អុលបង្ហាញ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនោះវត្តមាន លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានសហការជាមួយ សមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល រដ្ឋបាលស្រុកកញ្ជ្រៀច លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាកញ្ជ្រៀច អាព្យាបាលសិស្សានុសិស្ស នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានរៀបចំកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៤ ក្រោម ប្រធានបទ «បរិស្ថានស្អាត ខ្មែរធ្វើបាន» នៅ សាលាបឋមសិក្សាកញ្ជ្រៀច ស្ថិតក្នុងភូមិប្រស្រែមុខ ឃុំ កញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល រួមនឹងអាជ្ញាធរខេត្ត លោក សឿង សុជាតិ អភិបាលនៃគណៈអភិបាស្រុកកញ្ជៀច លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សសរុបប្រមាណ ៥០០នាក់។

ក្នុងឱកាសនោះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ទិសដៅការងារ ជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួម របស់ប្រជាពលរដ្ឋ សំដៅ ផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅ ក្នុងភាពស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន។

ជាមួយគ្នានេះ លោក បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង អង្គការដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយ ពិធីដាំកូនឈើ នៅតាមសាលារៀន ជាពិសេសជាមួយ សិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជាពិសេស បានចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបាន បង្កើតឡើង ដោយមានការណែនាំ ដ៏ ខ្ពង់ខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ដែលផ្តោតសំខាន់លើមុំយុទ្ធសាស្រ្ត បី សំខាន់ ភាពស្អាត  ភាពបៃតង និងចីរភាព។

នៅក្នុងឱកាសនោះ លោក ខ្វៃ អាទិត្យា ក៏បានលើកឡើង ពីយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក នៅ កម្ពុជា ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ពិតជាមានសារៈសំខាន់ និង បានបំផុសនៅ ចលនា ចូលរួមរបស់ក្មេងៗ ជំនាន់ក្រោយនៅតាមសាលរៀនទូទាំងប្រទេស ប្រមាណជាង ៣លាន ៤ សែន នាក់ ឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈតំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ ថង់ប្លាស្ទិក និងមានភាពបៃតង មានដើមឈើ មានម្លប់ និងមានខ្យល់អាកាសល្អ ហើយ បាន ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និង មានគម្របព្រៃ ៦០% នៅឆ្នាំ២០៥០៕

 

អត្ថបទដែលជាប់ទាក់ទង