បុរសចិនម្នាក់ ធ្លាក់ពីលើអគារស្លាប់ ក្នុងក្រុងព្រះសីហនុ ដោយមិនដឹងមូលហេតុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បានទទួលព័ត៌មានថា មានករណីមនុស្សប្រុស ០១នាក់ បានធ្លាក់ពីអាគារ របួសធ្ងន់ ហើយត្រូវបានរថយន្តមន្ទីរពេទ្យថុងជិ ដឹកយកមកសង្រ្គោះ នៅមន្ទីរថុងជិ ស្ថិតនៅក្រុម១២ ភូមិ០៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ប៉ុន្តែ ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានឱ្យជនរងគ្រោះសម្រាក នៅបន្ទប់លេខ#610 ជាន់ទី6 តែម្នាក់ឯង ហើយសមត្ថកិច្ចបានដាក់កម្លាំង ដើម្បីអង្គុយយាម នៅខាងក្រៅមាត់ទ្វារបន្ទប់ ដើម្បីរង់ចាំសាកសួរជនរងគ្រោះ។

សមត្ថកិច្ច បញ្ជាក់ថា ក្នុងអំឡុងពេលជនរងគ្រោះ សម្រាកនៅមន្ទីរ ជនរងគ្រោះ មិនព្រមឱ្យក្រុមគ្រូពេទ្យ ពិនិត្យព្យាបាលលាងរបួសទេ។

លុះដល់ម៉ោងប្រហែល ១៩និង៥០នាទីយប់ ថ្ងៃដដែល ក៏មានជនជាតិចិន ម្នាក់ ឈ្មោះ Chen Xiao Qiang ភេទ ប្រុស ប្រាប់ថា ត្រូវជាមិត្តភក្តិ ជនរងគ្រោះ បានមកដល់បន្ទប់សម្រាក របស់ជនរងគ្រោះ ហើយពេលនោះ មានគ្រូពេទ្យចូលទៅលាងរបួស ប៉ុន្តែជនរងគ្រោះមិនព្រមឱ្យលាងរបួសទេ និងសូម្បីតែឈ្មោះ Chen Xiao Qiang បាននិយាយលួងលោមយ៉ាងណា ក៏មិនព្រមស្តាប់ ទើបឈ្មោះ Chen Xiao Qiang បានដើរចេញមកក្រៅអង្គុយលេងជាមួយ សមត្ថកិច្ចវិញ បន្តិចក្រោយមកសមត្ថកិច្ច ដែលយាមកាមនៅទីនោះ បានចូលទៅក្នុងបន្ទប់មើលជនរងគ្រោះ ស្រាប់តែមិនឃើញនៅលើគ្រែ និងឃើញបង្អួចបើកចំហរ រួចក៏អឺតមើលទៅក្រោម ឃើញជនរងគ្រោះ ដេកលើដីមានស្មៅ ខាងក្រោម ទើបនាំគ្នាផ្អើលឆោលឡោតែម្តង។

សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ សព មានឈ្មោះ KE YITAO ភេទប្រុស សញ្ជាតិចិន មានមុខរបរ បុគ្គលិកជំនាញកំព្យូទ័រ។

ឆ្លងតាមការពិនិត្យ និងធ្វើកោសល្យពីមន្ត្រីការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ “លោតពីលើទីខ្ពស់បណ្ដាលឱ្យបែកសរីរាង្គ ខាងក្នុងធ្ងន់ធ្ងរស្លាប់…”។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានរក្សាទុកបណ្ដោះអាសន្ន នៅសាលតម្កល់សព នៃមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង