លោក សៅ សុខា ចាត់ក្រុមអធិការកិច្ចចុះស្រាវជ្រាវ ករណីមេបញ្ជាការរង អាវុធហត្ថខេត្តប៉ៃលិន លោក ស ប៊ុនសឿង មានជម្លោះជាមួយ អ្នករត់តាក់ស៊ី រឿងលុយ២ម៉ឺនរៀល

រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេស បានចាត់ឱ្យក្រុមអធិការកិច្ចចុះស្រាវជ្រាវ ករណីមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន គឺលោកវរសេនីយ៍ឯក ស ប៊ុនសឿង ដែលមានជម្លោះជាមួយ អ្នករត់តាក់ស៊ី ត្រឹមលុយចំនួន ២ម៉ឺនរៀល។

លោក សៅ សុខា បានប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ថា «យើងកំពុងធ្វើការពិនិត្យករណីនេះ ហើយបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក្រោយទទួលបានព័ត៌មាននេះ យើងបានចាត់តាំង អធិការកិច្ច ចុះទៅធ្វើអធិការកិច្ចករណីនេះរួចហើយ។ ពេលនេះ យើងកំពុងរង់ចាំលទ្ធផលការធ្វើអធិការកិច្ច ដើម្បីមានដំណោះស្រាយពាក់ព័ន្ធទៅនឹងករណីនេះ»។

សូមបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ មានការចែកចាយខ្លាំងនៅលើបណ្តាញករណីជម្លោះ រវាងអ្នករត់តាក់ស៊ីម្នាក់ និងមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន លោក ស ប៊ុនសឿង ដែលធ្វើឲ្យមានការរិះគន់ និងទទូចឱ្យថ្នាក់ដឹកនាំចាត់ វិធានការ ចំពោះមេបញ្ជាការរងរូបនេះ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ស ប៊ុនសឿង ត្រូវបានគេស្គាល់ថា ជាមេបញ្ជាការរងអាវុធហត្ថ ខេត្តប៉ៃលិន ត្រូវបានបុរសអ្នករត់តាក់ស៊ីម្នាក់ ចោទប្រកាន់ថា នាំកូនចៅទៅចាប់ក្របួចគាត់នៅផ្សារព្រំ ព្រោះតែរឿងលុយ ២ម៉ឺនរៀល។

លោក ហួរ ទ្រី បានអះអាងថា ខ្លួនជាអ្នករត់តាក់ស៉ីដឹកមនុស្ស និងឥវ៉ាន់។

លោកបន្តថា លោក ស ប៊ុនសឿង បានជួលឡានលោក ដឹកកង់ហាត់ប្រាណដោយឲ្យតម្លៃ ៦០០០០រៀល តែគាត់ប្រកែកថាយក ៨០០០០រៀល ទើប លោក ស ប៊ុនសឿង ខឹងខ្លាំង ហើយនាំកូនចៅទៅចាប់ដល់ផ្ទះតែម្ដង។

ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកថា «ប្រតិកម្មរបស់អ្នកដទៃ វាមិនមានអីខុសទេ ព្រោះជាសេរីភាព ក្នុងការបញ្ចេញមតិ ប៉ុន្តែយើងត្រូវស្រាវជ្រាវរកការពិតសិន ព្រោះយើងមិនអាចទៅដោះស្រាយបញ្ហា ដែលយើងអត់បានដឹងពីដំណើរដើមទងទេ។ ហើយយើង ក៏មិនកាន់ជើងអ្នកណា ដែលរំលោភច្បាប់ណាដែរ»។

ជាមួយថ្មីម្តងទៀត នាយឧត្តមសេនីយ៍ សៅ សុខា បានក្រើនរម្លឹកទិសស្លោករបស់លោកគឺ «ប្រទេស ត្រូវតែការពារ ប្រជា ត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» និងទិសស្លោកមួយទៀត «ជួយគិត ជួយធ្វើ រួមគ្នា ទទួលខុសត្រូវ»។

ទាក់ទិនបញ្ហានេះដែរ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញដឹកនាំក្រុមការងារជួបជាមួយម្ចាស់ឡានតាក់ស៊ី និងមេភូមិ ដើម្បីពន្យល់អំពីនីតិវិធីយន្តការច្បាប់ និងស្វែងរកដំណោះស្រាយករណីខាងលើនេះ។

លោកស្រី បាន ស្រីមុំ បានឱ្យដឹងថា «បញ្ហានេះ អាចជាករណីបន្ទាប់បន្សំ ខ្ញុំធានាយកចំណុចឈ្នះឈ្នះដោះស្រាយ តែចំពោះការអនុវត្តន៍ច្បាប់ នៃក្រមវិន័យ នៃមន្រ្តីរាជការ ខ្ញុំប្រគល់ជូន ថ្នាក់ដឹកនាំពិនិត្យសម្រេចតាមច្បាប់ស្មើ ភាពចំពោះមន្រ្តីគ្រប់រូប»។

ក្រោយមានបាតុភាពនេះកើតឡើង សម្រាប់តែមានព័ត៌មាន និងការចុះផ្សាយថា លោក ស ប៊ុនសឿង ធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធនឹងប្រើហិង្សាធ្វើឱ្យជនសង្ស័យស្លាប់ ក្នុងទីតាំងឃុំឃាំងបណ្ដោះអាសន្ន នៅខេត្តបន្ទាយមានជ័យ ហើយធ្លាប់ត្រូវតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ប៉ុន្តែក្រោយមកក៏ស្រាប់តែ បានធ្វើជាមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិនទៅវិញ។

ទោះជាយ៉ាងនេះក្តី ក្រោមបទបញ្ជាក្តៅ របស់ នាយឧត្តមសេនីយ៍ សៅ សុខា បញ្ហាទាំងនេះ នឹងត្រូវរកឃើញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ជាក់ជាមិនខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង