ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយ របស់យុវជនខ្មែរ ទាំងបុរសទាំងស្រ្ដី
រាជធានីភ្នំពេញ ៖ ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្ដី ។ ល្បែងនេះគេលេងដោយប្រើកំលាំង ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន។
ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺ ពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។
គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។
គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់ ដោយគេយក់ថាស្រ្តីមានកំលាំខ្សោយជាងបុរស។
“ល្បែងទាញព្រ័ត្រ” ចូលក្នុងបញ្ជីនៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្ស ជាតិ កាលពី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅ ទីក្រុងវិនឌុក ប្រទេសណាមីប៊ី៕
( អត្ថបទ និងរូបភាពពីតេឡេក្រាម CambodiaMyHome )