ប្រទះឃើញបទល្មើស កាប់រុករានដីព្រៃរដ្ឋប្រមាណ២ហិកតា ក្នុងតំបន់អភិរក្ស ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្រ្តីការិយាល័យ ដែនជម្រកសត្វព្រៃកែវសីមា បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចទួលអូរឆ្លូង បានប្រទះឃើញបទល្មើស កាប់គាស់ រុករានដីព្រៃរដ្ឋ ០១កន្លែង អាចទំហំប្រហែល ២ហិកតា ដោយមានដាំដើមស្វាយចន្ទីរ ប្រមាណ ២០ដើម អាយុជិត ១ឆ្នាំ ដើមដំឡូងមី ត្រៀមទុកដាំ ក្នុងតំបន់អភិរក្ស និងតំបន់ប្រើប្រាស់ ប្រកបដោយចីរភាព ស្ថិតនៅក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវសាវតា របស់ជនសង្ស័យ ដើម្បីបន្តតាមនីតិវិធី។

នៅថ្ងៃដដែលនេះ មន្រ្តីការិយាល័យ ដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ក៏បានចុះល្បាត ទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ ដល់ចំណុច អូរមហោះនិយាមកា ៦៩៣៣៦៦.១៤០៤៨៣៤ ហើយបានដកហូត រណាយន្តស្ទីល ០៧០ មួយគ្រឿង(០១) ដោយជនសង្ស័យទុកចោលនៅគល់សុក្រមគ្រាក់ ក្នុងតំបន់អភិរក្ស ស្ថិតនៅភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។​ ហេីយនៅចំណុចអូររបោះក្រង់គុយនិយាមកា ៦៩១៨៨២.១៤០៨៧២៤ សមត្ថកិច្ចក៏បានប្រទះឃើញកាំភ្លើងកែឆ្នៃ (ឆ្នុកដូង) ចំនួន ០៤ដើម (បួនដើម) មានមួយដើម មានកាណុងភ្លោះ២ និងមានគ្រាប់បណ្តាង ចំនួន ២៥គ្រាប់ រំសេវកន្លះកូនដប ស្ថិតនៅក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។​

បច្ចុប្ប្នន វត្ថុតាងខាងលើត្រូវសមត្ថកិច្ច នាំយកទៅរក្សាទុក នៅស្នាក់ការមេម៉ង់៕ ដោយ ៖ តាស្រុះ

អត្ថបទដែលជាប់ទាក់ទង