រដ្ឋបាល​ខេត្តព្រះសីហនុ រៀបចំពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ៧ថ្ងៃ ពីថ្ងៃទី២៤-៣០ ខែមីនា

ខេត្តព្រះសីហនុ ៖ រដ្ឋបាល​ខេត្តព្រះសីហនុ ត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់៣០ ខែមីនា ឆ្នាំ២០២៤ ដោយមានស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨ស្តង់ និងមានប្រទេសចំនួនបី ដែលមានឆ្នេរ​សមុទ្រជាប់ខេត្តព្រះសីហនុ ចូលរួម។

ព្រឹត្តិការណ៍នេះ ក៏មានរៀបចំកម្មវិធីរត់ប្រណាំង ដើម្បីមិត្តភាព និងផ្សព្វផ្សាយលើកកម្ពស់ អនាម័យបរិស្ថាន ក្រោមប្រធានបទ៖  «តំបន់ឆ្នេរគ្មានសំណល់ផ្លាស្ទីក» និង «បរិស្ថានអនាម័យ បរិស្ថានឆ្នេរល្អ ទេសចររីករាយ»។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំកិច្ចប្រជុំ នៃការរៀបចំព្រឹត្តិការណ៍ខាងលើ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ប្រសាសន៍ថា ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្នុងខេត្តព្រះសីហនុ នឹងនាំមក នូវផលប្រយោជន៍រួមមាន​ចំនួន មានដូចជា៖

១. បង្កើនការទាក់ទាញទេសចរ ឲ្យចូលមកសម្រាកកម្សាន្ត ក្នុងខេត្តព្រះសីហនុ។

២. ជម្រុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ។

៣. ជម្រុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ។

៤. ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម។

ពិធីនេះ លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរ អង្គភាព  សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ជួយគាំទ្រការរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ឆ្នាំ២០២៤ ដើម្បីកិត្តិយស របស់ប្រទេសកម្ពុជា ពិសេស ជម្រុញភ្ញៀវទេសចរ ឲ្យចូលមកទស្សនា ខេត្តព្រះសីហនុ ឲ្យបានច្រើនកុះករថែមទៀត។

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ខាងលើនេះ មានការចូលរួមពីខេត្តជាប់ឆ្នេរ មានដូចជា៖ប្រទេសវៀតណាម ប្រទេសថៃ និងកម្ពុជា ដើម្បីផ្សព្វផ្សាយជម្រុញលំហូរភ្ញៀវទេសចរ សម្រាប់ឆ្នាំ២០២៤ ក្នុងនោះជម្រុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងខេត្តតំបន់ឆ្នេរ នៃប្រទេសទាំង ៣ ក្នុងតំបន់អាស៊ាន ជម្រុញការវិនិយោគទេសចរណ៍តំបន់ឆ្នេរ នៃប្រទេសកម្ពុជា វៀតណាម ថៃ (ជម្រុញបន្តក្របខ័ណ្ឌ CVTEC)៕

អត្ថបទដែលជាប់ទាក់ទង