ជប៉ុនបន្តផ្តល់ជំនួយបច្ចេកវិទ្យា និងសម្ភារៈក្នុងការងារជួសជុល និងអភិរក្សរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក

ខេត្តសៀមរាប ៖  គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO កំពុងបើកកិច្ចប្រជុំពេញអង្គ លើកទី៣០ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។

កិច្ចប្រជុំពេញអង្គ ដឹកនាំដោយសហប្រធានឯកអគ្គរដ្ឋទូតបារាំង និងជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាទៅលើសេចក្តីប្រកាសរួម របស់អន្តររដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ UNESCO ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ស្ដីពីរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ដោយផ្តោតទៅលើយុទ្ធសាស្ត្រ ជាច្រើនសម្រាប់ការងារអភរិក្ស និងអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងវប្បធម៌ បង្កើនប្រាក់ចំណូលផ្នែកកសិកម្ម សិប្បកម្ម តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ក្នុងរយៈពេល ១០ឆ្នាំតទៅមុខទៀត។

សហប្រធានបារាំង លោក Piere PELLET ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនោះថា ការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ពិតជាមានបញ្ហាប្រឈមមិនតិចតួចឡើយ ក៏ប៉ុន្តែអ្នកគ្រប់គ្នាបានប្រឹងប្រែងជម្នះបញ្ហាទាំងនេះ រហូតដល់បានជោគជ័យ។

លោក PELLET បញ្ជាក់ទៀតថា យុទ្ធសាស្រ្តសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក រយៈពេល ១០ឆ្នាំទៅមុខទៀត គឺផ្ដោតលើចំណុចសំខាន់ៗមួយចំនួន ដូចជា ៖ បង្កើនការអភិវឌ្ឍន៍ ប្រកបដោយចិរភាព នៃរមណីយដ្ឋានអង្គរ នៅតែបន្តការពារអភិរក្សតម្លៃលេចធ្លោជាសាកល ដោយយកចិត្តទុកដាក់លើបំរែបំរួលអាកាសធាតុ ការការពារបរិស្ថាន ទេសភាពវប្បធម៌ ការថែរក្សាធនធានធម្មជាតិ (ទឹកនិងព្រៃឈើ) ។

ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន លើកកម្ពស់ការថែរក្សាប្រាង្គប្រាសាទ និងសកម្មភាពទេសចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវ ។

បង្កើនសមត្ថភាពអ្នកជំនាញខ្មែរ ដើម្បីឆ្លើយតប និងតម្រូវការពហុជំនាញ នៃការគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាល សិក្ខាសាលា អាហារូបករណ៍នៅបរទេស ការងារនៅតាមកន្លែង ការបំពេញភារកិច្ចជាក្រុមនិងការគ្រប់គ្រងស្ថាប័ន ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និង វិធីសាស្ត្រថ្មីៗ។

ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលជាយន្តការ គំរូដោយផ្តោតការយកចិត្តទុកដាក់ទៅលើ ការផ្ទេរ នូវចំណេះដឹងជំនាញនិងបទពិសោធន៍ពីអ្នកជំនាញ អន្តរជាតិមកអ្នកជំនាញខ្មែរជាដើម។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាតំណាងរាស្ត្រជប៉ុន លោក Masahiro Komura បានថ្លែងដែរថា ការអភិរក្សអង្គរ គឺជាសេចក្តីប្រាថ្នារបស់យើង ដែលត្រូវចែករំលែកធ្វើការរួមគ្នា ដូច្នេះការពង្រឹងធនធានមនុស្ស សម្រាប់ការងារអភិរក្ស និងអភិវឌ្ឍន៍ គឺជាការចែករំលែករួមគ្នាដើម្បីជួយដល់បេតិកភណ្ឌ ដែលជាសម្បត្តិរបស់មនុស្សជាតិ។

លោក Masahiro Komura ថ្លែងទៀតថា ជប៉ុននឹងបន្តផ្តល់ជំនួយដោយផ្អែកលើកម្លាំង របស់យើង។ ជំនួយទាំងនេះរួមបញ្ចូលទាំងការសម្របសម្រួល ការផ្ទេរជំនាញ ចំណេះដឹង និងបច្ចេកវិទ្យា រវាងអ្នកជំនាញរបស់យើង និងសមភាគីក្នុងស្រុក។

នៅក្នុងដំណើរការនេះ ប្រទេសជប៉ុនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូដែលមានតាំងពីយូរមកហើយ រួមមាន ៖ អង្គការយូណេស្កូ(UNESCO) អាជ្ញាធរជាតិអប្សរា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាល

បារាំងជាដើម៕

អត្ថបទដែលជាប់ទាក់ទង