អាជ្ញាធរក្រុងព្រះសីហនុ រឹបអូសយកយានជំនិះ ដែលម្ចាស់ចតឬជិះលើកម្រាលក្រានីត សម្រាប់ថ្មើរជើង នៅតាមតំបន់ឆ្នេរ
ខេត្តព្រះសីហនុ ៖ អភិបាលក្រុងព្រះសីហនុ លោក សរ កក្កដា ព្រមានផាកពិន័យ ចំពោះម្ចាស់យានយន្តគ្រប់ប្រភេទ ដែលយកយានជំនិះ របស់ខ្លួន ទៅចត ឬបើកបរនៅលើកម្លរាលក្រានីត សម្រាប់ថ្មើរជើង នៅតាមតំបន់ឆ្នេរ ដើម្បីជាការព្រមាន ដោយមិនព្រមចូលរួមសហការជាមួយការណែនាំ ឬការជូនដំណឹង របស់រដ្ឋបាលក្រុង។
ជាក់ស្តែងក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ សមត្ថកិច្ច ក្រុងព្រះសីហនុ បានចុះរឹបអូស ឬនាំយកម៉ូតូមួយចំនួន ដែលម្ចាស់ជិះលើកម្រាលក្រានីត សម្រាប់ថ្មើរជើង នៅតាមតំបន់ឆ្នេរ យកទៅរក្សាទុកបណ្តោះអាសន្ន នៅសាលាក្រុង ដើម្បីជាការព្រមានដល់ម្ចាស់ម៉ូតូទាំងនោះ។
លោក សរ កក្កដា សង្កត់ធ្ងន់ថា វិធានការនេះ ធ្វើឡើងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងព្រះសីហនុ ដែលហាមឃាត់ការឈប់ចត ឬការបើកបរយានយន្តគ្រប់ប្រភេទ នៅលើកម្រាលក្រានីត និងលើដីឆ្នេរសាធារណៈ៕