ស្ត្រីម្នាក់តូចចិត្តប្តីសុំលែងលះ បីកូនតូចឡើងលើអគារខ្ពស់ ប៉ងលោតសម្លាប់ខ្លួន ផ្អើលក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ បានបីកូនតូច របស់ខ្លួន ឡើងលើសំណង់អគារមួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីប៉ងលោតសម្លាប់ខ្លួន នៅម៉ោងជាង ០៤ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មានទីតាំងស្ថិតនៅផ្លូវកែង LV ក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា ស្ត្រីម្នាក់ ដែលបីកូនតូច ឡើងលើអគារមួយកន្លែងបម្រុងលោតធ្វើអត្តឃាតរូបនេះ ដោយសារតូចចិត្តប្ដី របស់គាត់ សុំលែងលះ ឬចែកផ្លូវគ្នា។
សមត្ថកិច្ច បញ្ជាក់បន្តថា ស្ត្រីខាងលើមានកូនចំនួន ០៣នាក់ ស្រី០២នាក់ និងប្រុស ០១នាក់ ហើយបានខឹងប្ដី របស់គាត់ សុំលែង ទើបគាត់សម្រេចចិត្តបីកូនតូច ដែលទើបតែអាយុប្រមាណជាង ០១ឆ្នាំ ឡើងទៅលើអគារខ្ពស់សង់មិនទាន់ហើយ ដែលត្រូវម្ចាស់ទុកចោលកន្លែង ដើម្បីធ្វើប៉ងអត្តឃាត អង្កឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ រស់នៅទីតាំងកើតហេតុ។
តាមការបញ្ជាក់ពី ប្រជាពលរដ្ឋ រស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងមក ស្ត្រីរូបនេះ បានចាយលុយខ្ជះខ្ជាយ និងយកគ្រឿងអលង្ការផ្សេងៗ ដែលប្តីគាត់ទិញឲ្យ យកទៅលក់ចាយវាយអស់គ្មានសល់ ហើយប្ដី របស់គាត់ មានការអាក់អន់ចិត្តខ្លាំង ដោយសារតែប្រពន្ធ របស់គាត់ចាយលុយមិនចេះគិត រួចក៏សុំប្រពន្ធលែងលះគ្នា ហើយក្រោយមក ក៏ស្រាប់តែស្ត្រីជាភរិយា បានបីកូន ឡើងលើអគារសង់ទុកចោលមួយកន្លែង ប៉ងលោតសម្លាប់ខ្លួន។ ប៉ុនែ្តត្រូវបានប្រជាពលរដ្ឋ ផ្តល់ព័ត៌មានទៅកម្លាំងសមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៍ ដោយមានទាំងវត្តមាន លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ , លោកស្រី ឈុន ដារី អភិបាលរងក្រុង និងលោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ ផងដែរ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយសម្របសម្រួល..។
នាឱកាសនោះ សមត្ថកិច្ច ក៏បានហៅឲ្យប្តីរបស់ស្ត្រីរូបនោះ ទៅលួងលោម ប្រពន្ធ របស់គាត់ កុំឲ្យលោតសម្លាប់ខ្លួនអី ហើយក្រោយមក ក៏បានឃាត់ស្ត្រីរូបនោះបានទាន់ពេល..។
សមត្ថកិច្ច បន្តថា ក្រោយកើតហេតុ ស្ត្រីខាងលើ ក៏បានដួលសន្លប់ ហើយត្រូវបានក្រុមគ្រួសារ ដឹកយកទៅកាន់ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីពិនិត្យព្យាបាល៕