ភ្ញៀវទេសចរមកកម្សាន្ត ខេត្តព្រះសីហនុ ក្នុងពិធីឆ្លងឆ្នាំសកល២០២៤ មានជិត៥០ម៉ឺននាក់

ខេត្តព្រះសីហនុ ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ដ នៅតាមតំបន់ឆ្នេរសមុទ្រ តាមបណ្ដាកោះ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ សរុបចំនួន ៤៧២.៦៩៧នាក់ កើនឡើង ២១,២៤%។ ក្នុងនោះ ភ្ញៀវជាតិ ៤៦៤.១០០នាក់ កើនឡើង ២១,០៥ និងភ្ញៀវបរទេស ៨.៥៩៧នាក់ ថយចុះ១,៩៦%។

លោកបន្តថា នៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ គឺចាប់ពីឆ្នេរអូឈើទាល រហូតដល់ដើមឈើចាំស្នេហ៍ មានភ្ញៀវទេសចរ ច្រើនកុះករ បាននាំគ្នាបោះតង់ ក្រាលកន្ទេលរង់ចាំ ឆ្លងឆ្នាំសកល ២០២៣-២០២៤ យ៉ាងសប្បាយរីករាយ។

តាមរបាយការណ៍ពី ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បញ្ជាក់ថា
បុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ មានភ្ញៀវ ចូលតាមព្រលានយន្ត ហោះអន្តរជាតិ ០៦ជើង មានភ្ញៀវសរុប ៥៣០នាក់ ក្នុងនោះ ភ្ញៀវជាតិ ០៦នាក់ និងភ្ញៀវអន្តរជាតិ ៥២៤នាក់ ។
ចំណែក ភ្ញៀវទេសចរ ដែលចេញទៅកម្សាន្តតាម កោះនានា សរុប ៣.៥៧៨នាក់ កើនឡើង ១២៩,៩៥%។ ក្នុងនោះ ភ្ញៀវជាតិ ១.៨៥៨នាក់ កើនឡើង ៦៤,៤២% និងភ្ញៀវបរទេស ១.៧២០នាក់ កើនឡើង ៣០៣,៧៦%។

ដោយឡែក ភ្ញៀវ ចេញទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានា សរុប ៤៦៥.៨៩៣នាក់ កើនឡើង២០,០១%។ ក្នុងនោះ ភ្ញៀវជាតិ ៤៥៩.៥៤០នាក់ កើនឡើង ២០,២១% និងភ្ញៀវបរទេស ៦.៣៥៣នាក់ កើនឡើង៦,៩០%។

ងាកទៅការងារថែរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរវិញ គឺគណៈបញ្ជាការឯកភាព ខេត្ត ព្រះសីហនុ បានដាក់ចេញ នូវវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយមាន កម្លាំងសមត្ថកិច្ច ប្រចាំការចេញល្បាត និងឈរជើង នៅតាមចំណុចគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាការពារសុខសុវត្ថិភាពជូន ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ នៅតាមបណ្តោយឆ្នេរសមុទ្រ និងទីសាធារណៈនានា ប្រកបដោយការទទួលខុសខ្ពស់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង