រដូវត្រជាក់ឆ្នាំនេះទាក់ទាញ ភ្ញៀវទេសចរច្រើនកុះករ ឱ្យចូលទៅកម្សាន្ត ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គិតរហូតមកដល់ចុងធ្នូនេះ អាកាសធាតុត្រជាក់ នៃរដូវរងារ បានគ្រប់ដណ្ដប់ខេត្តមណ្ឌលគិរី ជាង ១ខែមកហើយ ប៉ុន្តែទើបមួយសប្ដាហ៍ចុងក្រោយនេះ អាកាសធាតុ បានធ្លាក់ត្រជាក់ ក្នុងកម្រិតទាប ថែមទាំងមានខ្យល់បក់បោកខ្លាំងផង។

បរិយាកាសត្រជាក់ រួមផ្សំជាមួយខ្យល់បក់បោក និងវាលស្មៅពណ៌មាសលាងសន្ធឹងលើកំពូលភ្នំ គឺជាផ្នែកមួយទាក់ទាញខ្លាំង សម្រាប់អ្នកទេសចរ ឱ្យចូលមកកម្សាន្ត នាឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ។

 

ជាក់ស្តែង នៅថ្ងៃទី២៣ ខែធ្នូនេះ គេសង្កេតឃើញថា សម្រាប់ក្រុងសែនមនោរម្យ នៅតែមានខ្យល់បក់បោកខ្លាំង ចំណែកបរិយាកាសត្រជាក់ គឺនៅត្រឹម ១៨អង្សាពេលយប់ ហើយពេលថ្ងៃត្រង់សីតុណ្ហភាពក៏ឡើងមិនលើសពី ២៣ ទៅ ២៤អង្សានោះដែរ។ ហើយអ្វីដែលជាភាពទាក់ទាញមួយទៀត អំឡុងពេលចុងឆ្នាំ ក្រោយរដូវវស្សាបញ្ចប់ទៅ គេអាចសង្កេតឃើញវាលស្មៅប្រែទៅជាពណ៌មាស គ្រប់ដណ្ដប់តាមកំពូលភ្នំ ដែលមើលទៅពិតជាប្លែកភ្នែក ថែមទាំងរួមផ្សំជាមួយខ្យល់បក់បោក លាយឡំដោយអាកាសធាតុ ចុះទាបទៀតនោះ ធ្វើឲ្យអ្នកទេសចរ មិនអាចបំភ្លេចនូវបរិកាសបែបនេះបានទេ។

ប្រជាពលរដ្ឋ រស់នៅខេត្តមណ្ឌលគិរីលើកឡើងថា ជាទូទៅរាល់រដូវរងារគ្មានអ្វីក្រៅពីត្រៀមខោអាវក្រាស់ៗ សម្រាប់ស្លៀកពាក់ ការពារភាពត្រជាក់ និងថែសុខភាព ហើយចំពោះគាត់ផ្ទាល់ ដល់រដូវរងារចូលមកដល់ម្ដងៗ នឹងប្រឈមបញ្ហាសុខភាព ដូចជា ៖ ផ្ដាសាយជាដើម …។

ប្រជាពលរដ្ឋ ដដែលបន្តថា អាកាសធាតុរបស់ខេត្តមណ្ឌលគិរី អំឡុង ២០ឆ្នាំមុន ត្រជាក់ខ្លាំងជាង ពេលបច្ចុប្បន្ននេះ ច្រើនណាស់។

គួររម្លឹកដែរថា រដូវរងារនៅខេត្តមណ្ឌលគិរី អាចមានរយៈពេល ៣ ទៅ៤ខែ ដោយឆ្នាំខ្លះ អាកាសធាតុ បានចុះត្រជាក់តាំងពីអំឡុងខែតុលា និងអូសបន្លាយដល់ ខែមករា ប៉ុន្តែសម្រាប់ឆ្នាំនេះអាកាសធាតុ បានធ្លាក់ត្រជាក់ នៅពាក់កណ្ដាលវិច្ឆិកា ដែលហាក់បីដូចជាយឺតបន្តិច សម្រាប់រដូវរងារឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង