“បើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងបើកឱ្យប្រើប្រាស់ផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង
ខេត្តព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី២២ ធ្នូ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវកា រគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន” ។
គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រនេះ នឹងបង្កើនសមត្ថភាពផែដល់ ៤៥០ ០០០ TEUs/ឆ្នាំ និងនាំឱ្យសមត្ថភាពផែសរុបកើនដល់ ១ ២៥០ ០០០ TEUs/ឆ្នាំ ដោយអនុញ្ញាតឱ្យនាវា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ ៩៣ភាគរយ ចូលចតបាន ដើម្បីបង្កើនការប្រកួតប្រជែង។ កម្ពុជា គ្រោងនឹងបន្តការពង្រីកនៃគម្រោងផែកុងតឺន័រថ្មី-ជំហានទី២ (ឆ្នាំ២០២៥-២០២៨) និងជំហានទី៣ (ឆ្នាំ២០២៦-២០២៩) ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅ កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍ របស់ប្រទេសជាតិ។ បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានការកើនទ្បើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូល របស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូល របស់ជាតិមានការកើនទ្បើងជាលំដាប់ ។
ជាក់ស្តែង ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណជាង ៧លានតោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាមេរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ។
បន្ថែមពីនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។ លទ្ធផលនេះបានចូលរួមចំណែក ក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយចីរភាពក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយមុនការផ្ទុះទ្បើងនៃជំងឺកូវីដ-១៩ និងវិបត្តិសាកល និងក្រោយមកក៏នៅបន្តមានកំណើនក្នុងអត្រា ៥,៦% ក្នុងឆ្នាំ ២០២៣ និង ៦,៦% ក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ត្រូវបានព្យាករណ៍ថា នឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់ ៧,៩% ក្នុងឆ្នាំ ២០២៣ និង៨% ក្នុងឆ្នាំ ២០២៤ ដោយសារការបន្តនិន្នាការកើនទ្បើង នៃសកម្មភាពដឹកជញ្ជូន និងគមនាគមន៍៕