ពិព័រណ៍សៀវភៅនៅលើកប៉ាល់ MV Doulos Hop ចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពីធីបើកជាផ្លូវការ ពិព័រណ៍សៀវភៅកប៉ាល់ MV Doulos Hop នៅលើកប៉ាល់ MV Doulos Hop ដែលមានសៀវភៅជាងពីរពាន់ក្បាល ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

ពិព័រណ៍​សៀវនេះ បានបើកឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលទស្សនា និងអានសៀវភៅនៅលើកប៉ាល់ ដោយសេរីផងដែរ។

លោក ណាថាន ឆ្មុត (Nathan Schmutz) នាយកគម្រោង របស់កប៉ាល់ MV Doulos Hop បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងភ្ញៀវកតិ្តយសនានា ដែលបានទទួលស្វាគមន៍នៅលើនាវា និងបានជួបជាមួយសហគមន៍គ្រួសារ បំរើការងារនៅលើកប៉ាល់។

លោកបន្តថា ការធ្វើដំណើរមកកម្ពុជា ពេលនេះ សង្កេតឃើញប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់ និងបានឃើញទីក្រុងដ៏ស្អាត និងមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ហើយក្រុមការងាររបស់កប៉ាល់នេះ នឹងស្នាក់នៅខេត្តព្រះសីហនុ រហូតដល់ឆ្លងឆ្នាំសកល។ ហើយ ពួកយើងនឹងប្រារព្ធពិធីឆ្លងឆ្នាំសកល នៅខេត្តព្រះសីហនុ ពិតជាមានភាពសប្បាយរីករាយជាមួយ ប្រជាជនកម្ពុជា។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះការចូលចតកប៉ាល់ពិព័រណ៍សៀវភៅ (MV Doulos Hope) ដែលបានចុះបញ្ជីនៅប្រទេស អាឡឺម៉ង់ និងផ្ទុកសៀវភៅប្រមាណ ២.០០០ចំណងជើងផ្សេងៗគ្នា ហើយចូលចតជាលើកទី៣ នៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។

លោកបន្តថា ការចូលចតកប៉ាល់ នាពេលនេះ មានសារៈសំខាន់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជា ក្នុងការជំរុញចំណាប់អារម្មណ៍ ទៅលើការអានសៀវភៅ បង្កើនចំណេះដឹងថ្មីៗ ចំណេះដឹងទូទៅ បច្ចេកវិទ្យា ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី ជាមួយប្រជាជាតិប្រមាណ ៣០ចំរុះជាតិសាសន៍ នៅលើពិភពលោក ដែលកប៉ាល់នេះ នាំមកកាន់ប្រទេសកម្ពុជា ពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង