អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា៖ ការថតរូបភាពនិងវីដេអូ អនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំតម្រូវឲ្យសុំច្បាប់ជាមុនទេ

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា៖ ការថតរូបភាព និងវីដេអូ អនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានតម្រូវការសុំច្បាប់ ជាមុននោះទេ..!

ខេត្តសៀមរាប ៖ លោក ឡុង កុសល  អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការថតរូបភាព និងវីដេអូ អនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានការតម្រូវឲ្យសុំការអនុញ្ញាតច្បាប់ ជាមុននោះទេ។ ដោយឡែក ចំពោះការថត នូវសម្លៀកបំពាក់ប្រពៃណី ការថតរូបភាពមុនអាពាហ៍ពិពាហ៍ ថត YouTube ការថតផ្សាយផ្ទាល់ជាលក្ខណៈមគ្គុទ្ទេសក៍ ការថតខ្សែភាពយន្ត ការថតចម្រៀងកាយវិការ និងការថតរូប ក្នុងគោលបំណងអាជីវកម្មផ្សេងៗ ចាំបាច់ត្រូវមានការអនុញ្ញាតជាមុន។

ភាពចាំបាច់ នៃការតម្រូវឲ្យមានការអនុញ្ញាតជាមុន ពីព្រោះត្រូវប្រតិបត្តិ នូវគោលការណ៍គតិយុត្ត ដែលមានជាធរមានផង និងដើម្បីឲ្យផ្នែកជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជា អាជ្ញាធរជាតិអប្សរា អាចជួយកែតម្រូវ ឬផ្តល់យោបល់កែលម្អ នូវខ្លឹមសារផ្សេងៗដូចជា ប្រវត្តិសាស្រ្ត ទម្រង់សិល្បៈ ឲ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងនូវមតិរិះគន់ពី សាធារណជន នៅពេលរូបភាព ឬខ្លឹមសាររឿងទាំងនោះចេញផ្សាយជាសាធារណៈ។

យោងតាមអនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត បានតម្រូវឲ្យផលិតករ សុំការអនុញ្ញាតទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុន។ លក្ខខណ្ឌសំខាន់ ក្នុងការស្នើសុំ គឺការផ្តល់អត្ថបទនិពន្ធ នៃស្នាដៃ ដើម្បីផ្តល់លទ្ធភាពឲ្យអ្នកជំនាញពិនិត្យលើខ្លឹមសារ។

ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានផ្សព្វផ្សាយអំពីគោលការណ៍ នៃការប្រើប្រាស់រូបភាពអង្គរតាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ដើម្បីចូលរួមចំណែក ក្នុងការជំរុញសេដ្ឋកិច្ចសង្គម ព្រមទាំងថែរក្សា ការពារ លើកតម្កើង និងអភិវឌ្ឍន៍វប្បធម៌ជាតិ ជាពិសេសបញ្ចៀសនូវផលប៉ះពាល់ខ្លាំង ដល់តម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ។

លោកអគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបន្ថែមថា សម្រាប់យើងជាខ្មែរ អត្ថន័យ របស់អង្គរពិតជាធំធេងណាស់ លើសពីអាយុជីវិតទៅទៀត ពីព្រោះអង្គរជាដួងព្រលឹង និងវប្បធម៌ជាតិ។ ដូច្នេះប្រសិនបើមានការប្រើប្រាស់រូបភាពអង្គរមិនត្រឹមត្រូវ ឬក៏ការប្រព្រឹត្ត នូវកាយវិការមិនស្របណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃរមណីយដ្ឋានអង្គរ នោះសាធារណជនពិតជាមិនអាចទទួលយកបាននោះទេ។ ក្នុងន័យដើម្បីបញ្ចៀសឲ្យបាន នូវកំហុសឆ្គងអចេតនាណាមួយ ដែលបណ្តាលមកពីការប្រើប្រាស់រូបភាពអង្គរ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានភាពចាំបាច់ត្រូវការត្រួតពិនិត្យជាមុន នូវគោលបំណង នៃការប្រើប្រាស់រូបភាពអង្គរជាសាធារណៈទាំងអស់។ ដូច្នេះសូមសាធារណជន ជាលក្ខណៈក្រុមហ៊ុន ឬឯកជន ដែលជាម្ចាស់ផលិតកម្ម ឬអាជីវកម្មនានា យោគយល់និងចូលរួមប្រតិបត្តិស្របតាមគោលការណ៍ច្បាប់ដែលមានជាធរមាន។

ជាមួយគ្នានេះដែរ លោក ឡុង កុសល  ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរជាតិអប្សរា នឹងធ្វើការកែសម្រួលអំពី យន្តការពាក់ព័ន្ ធនឹងការកាត់បន្ថយពេលវេលា នៃការស្នើសុំ កាត់បន្ថយដំណើរការនីតិវិធីស្នើសុំ  ដើម្បីធ្វើយ៉ាងណាឲ្យសាធារណជន មានការងាយស្រួល និងបង្កើនប្រសិទ្ធភាពការងារ បានកាន់តែងាយស្រួល និងរលូនជាងមុន។

អាជ្ញាធរជាតិអប្សរា ក៏នឹងរៀបចំឲ្យមាន Call Center  និងបង្កើតប្រព័ន្ធស្នើសុំ Online ដើម្បីសាធារណជនអាចស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យាបានយ៉ាងឆាប់រហ័ស និងចំណេញពេលវេលា៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

អត្ថបទដែលជាប់ទាក់ទង