ពន្ធដាររំលឹកពីការបង់ពន្ធលើ អចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ព្រោះនឹងផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ដោយរំលឹកពីការបង់ពន្ធលើ អចលនទ្រព្យ និងពន្ធលើដីធ្លី មិនបានប្រើប្រាស់ ខណៈនឹងផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

នេះបើយោងតាម ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីជូនដំណឹង ស្តីពីការរំលឹកលើកទី៣ ពីការប្រកាស បង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ ក៏បានបញ្ចាក់ថា ចំពោះការខកខាន មិនបានដាក់លិខិតប្រកាស និង បង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យនឹងត្រូវរង នូវទណ្ឌកម្មរដ្ឋបាលតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន។

រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់ បានបំពេញកាតព្វកិច្ច ប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាង នូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយ ប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច បង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារបានកត់សម្គាល់ឃើញថា ចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះ សម្រាប់រយៈពេល៨ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះអចលនទ្រព្យ ថយចុះ ៩,០៦% ការសាងសង់ថយចុះ ២,១៥% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធឬសិទ្ធកាន់កាប់អចលនទ្រព្យ ថយចុះ ២៦,៧៦%៕

អត្ថបទដែលជាប់ទាក់ទង