លោក នី ណាក់ អ្នកជំនាញកសិកម្ម និងធ្លាប់រិះគន់មន្ត្រីកសិកម្មខ្លាំងៗ ត្រូវជនមិនស្គាល់មុខ១ក្រុម ព្រួតវាយឱ្យរបួសធ្ងន់
លោកស្រី សុខ ស៊ីណែត ជាភរិយាលោក នី ណាក់ បានឱ្យដឹងថា កាលពីរសៀលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានជនមិនស្គាល់មុខ បានជិះម៉ូតូបុកម៉ូតូប្តីលោកស្រីពីក្រោយ ខណៈពេលលោកស្រី និងប្ដី ធ្វើដំណើរចេញពីម្ដុំវត្តចំពុះក្អែក ក្នុងគោលសំដៅទៅផ្ទះ។
ក្រោយម៉ូតូដួល ឃើញមានមនុស្សប្រុសមួយក្រុម ស្លៀកពាក់ខ្មៅ មានពាក់មួកឃ្លុបបិទមុខជិត ដៃកាន់ដំបងដែក សម្រុកវាយសន្ធាប់លើក្បាល ប្តី របស់គាត់ (លោក នី ណាក់) បណ្តាលឱ្យបែកក្បាលជាច្រើនកន្លែង ឈាមហូរស្រោចខ្លួន និងសន្លប់ នៅនឹងកន្លែងកើតហេតុ។
លោកស្រីបន្តថា ក្រោយកើតហេតុប៉ូលិសនៅក្នុងមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ ហើយក៏ បានធ្វើកំណត់ហេតុ និងពិនិត្យកាមេរ៉ាសុវត្ថិភាព ព្រមទាំងសន្យាថា នឹងជួយស្រាវជ្រាវរកជនប្រព្រឹត្ត។
ក្រោយការវាយប្រហារ លោក នី ណាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ និងមានការអះអាងពីភរិយារបស់លោកថា បានឆ្លងផុតគ្រោះថ្នាក់មួយដំណាក់កាលហើយ ប៉ុន្តែត្រូវរង់ចាំគ្រូពេទ្យ ថតស្កេន ដើម្បីពិនិត្យស្ថានភាពខួរក្បាលជាបន្តទៀត៕