ជនបរទេសម្នាក់ ដែលធ្វើសកម្មភាពបន្លំលួចលុយ នៅផ្ទះវ៉ីងវេរលុយ ក្នុងរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ
រាជធានីភ្នំពេញ ៖ កាលពីរសៀលម៉ិង ១២ និង២០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាជនបរទេសម្នាក់ ដែលសកម្មភាពក្នុងការបន្លំលួចលុយ របស់ប្រជាពលរដ្ឋ នៅផ្ទះវ៉ីងវេរលុយ អស់ទឹកប្រាក់ចំនួន៥០០$ (ប្រាំរយដុល្លារអាមេរិច) នៅចំណុចលើដងផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ក្រុមទី៧៤ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើស នៅចំណុចកន្លែងវ៉ីងវេរលុយ ស្ថិតនៅលេខ ៣BC ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
ជនសង្ស័យរូបនេះ ឈ្មោះ PAHANGEH MORTEZA ភេទប្រុស ជនជាតិអឺរ៉ង់ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
វត្ថុតាងចាប់យកបានរួមមាន ៖ កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ ក្នុងកាបូបមាន ប័ណ្ណបើកបររថយន្ត មួយច្បាប់, ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខ្មៅ, លុយខ្មែរ ចំនួន១០,០០០,០០០៛ (ដប់លានរៀល) , លុយដុល្លារ ចំនួន ៣៥៤០$ (បីពាន់ប្រាំរយសែសិបដុល្លារសហរដ្ឋអាមេរិច), លុយឥណ្ឌូនេស៊ី ចំនួន ៣៥៥រៀល និងលុយសាំងហ្គាពួរ ២ដុល្លារ ជា របស់ជនសង្ស័យ។
ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់លុយចំនួន ៥០០$ ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីចុបាប់៕