អាជ្ញាធរជាតិអប្សរា ជួសជុលកំពង់ទឹក ប្រាសាទព្រះខ័ន ដំណាក់កាលទី២
ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុល កំពង់ទឹក ដែលស្ថិតនៅលើច្រាំង នៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើត របស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ម៉ែត្រ គុណ ១៥.២០ម៉ែត្រ ជាដំណាក់កាលទី២ ដោយនឹងត្រូវចំណាយពេលមួយឆ្នាំ ចាប់ផ្តើមពីដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ។
បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋាន កំពង់ទឹកប្រាសាទព្រះខ័ន លោក ជា សារិទ្ធ ឱ្យដឹងថា ខឿនកំពង់ទឹក នាទិសខាងកើត របស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ១៥.២០ម៉ែត្រ គុណ ១៥.២០ម៉ែត្រ ដែលមានកាំជណ្តើរចំនួន ៥កាំ។ មុននឹងឈានដល់ការជួសជុល ក្រុមការងារ បានស្វែងរកឯកសារចាស់ៗមកសិក្សា ព្រមទាំងកំណាយបុរាណវិទ្យា សម្អាតកំណកដី ធ្វើសម្រង់ប្លង់ ការកត់ត្រា ការថតរូប ដើម្បីបង្ហាញពីស្ថានភាពអភិរក្សមុនពេលជួសជុល ដោយប្រៀបធៀបស្ថានភាព ក្រោយពេលជួសជុលផង។
លោក ជា សារិទ្ធ ឱ្យដឹងទៀតថា បច្ចេកទេស នៃការជួសជុលកំពង់ទឹកផ្នែកខាងកើតនេះ អ្វីដែលបានសិក្សារកឃើញនៅទីនេះ គឺត្រូវយកមកប្រើ ក្នុងវិធីសាស្ត្រជួសជុលពង្រឹងខឿននេះទាំងស្រុង គឺជួសជុលតាមបច្ចេកទេសបុរាណ។
បច្ចុប្បន្ននេះ សម្រេចបានចន្លោះពី ៣០ទៅ៤០ភាគរយហើយ ដោយបានបញ្ចប់ការរៀបចំផ្គុំកាំជណ្តើរផ្នែកខាងជើង និងខឿនជាន់ទី១ ហើយបន្តទៅខឿន ជាន់ទី២។
រីឯ ជណ្តើរខាងកើត ក្រុមការងារកំពុងរៀបចំបាន ៥០ភាគរយ ដោយបានរៀបចំបានជណ្ដើរចំនួន ៤កាំ នៅសល់កាំទី៥ និងខឿនជាន់ទី១ និងទី២ប៉ុណ្ណោះ។
កាលពីឆ្នាំ២០២២កន្លងទៅ ក្រុមអ្នកជំនាញធ្លាប់ បានជួសជុលខឿនកណ្តាល មានទំហំបណ្តោយប្រវែង ២១.៦០ម៉ែត្រ គុណ ២១.៦០ម៉ែត្រ និងរចនាសម្ពន្ធកាំជណ្តើរចុះទៅកាន់ប្រាសាទព្រះខ័ន ក្នុងដំណាក់កាលទី១។
កំពង់ទឹកផ្នែកខាងកើត នៃប្រាសាទព្រះខ័ន មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារខឿនផ្នែកនេះ កាលពីសម័យសាងសង់ក្នុងដំណាក់កាលទី១ ប្រហាក់ប្រហែលគ្នា និងសម័យកាល នៃការកសាងប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងប្រាសាទតាសោមនោះ ដោយការរៀបចំរាជធានីជ័យស្រី មានប្រព័ន្ធធារាសាស្រ្ត ដែលកសាង ក្នុងដំណាក់កាលជាមួយគ្នា ហើយខឿនជណ្តើរ នៃតួកំពង់ទឹក ធ្វើអំពីថ្មភក់ បិទជាជញ្ជាំងពីខាងក្រៅមានឆ្លាក់ចម្លាក់ជាសត្វហង្ស និងនាគស្រដៀងគ្នា ទៅនិងស្ពានហាលឆ្លងកាត់ ទៅកាន់ប្រាសាទព្រះខ័ន។ ប៉ុន្តែ ក្រោយពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ ផ្នែកខ្លះនៃកំពុងទឹកនេះ ត្រូវបានគេដកយកថ្មភក់ ទៅប្រើនៅកន្លែងផ្សេង។
ក្រុមអ្នកបុរាណវិទូ បានសិក្សាឃើញថា ការប្រើប្រាស់ថ្មចាស់ ឬក៏ថ្មបុរាណ ឃើញមានជាហូរហែរាប់ចាប់តាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ រហូតមកដល់សម័យអង្គរ។ ដូច្នេះ ក្រោយពីការដកយកថ្មភក់ជញ្ជាំងជុំវិញ របស់ខឿនខាងកើតចេញធ្វើឱ្យខឿនផ្នែកនេះ រងនូវការបាក់ស្រុត ដោយសារទឹកហូរច្រោះដីខាងក្នុងធ្វើឱ្យថ្មបាយក្រៀម ដែលនៅសល់ បានស្រុតចុះក្រោមស្ទើរតែបាត់រូបរាងទាំងស្រុង។
នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ កំពង់ទឹកនេះ ធ្លាប់មានការកែប្រែម្តងរួចមកហើយ បន្ទាប់ពីការសាងសង់ហើយភ្លាមៗ នៅក្នុងរាជ្យរបស់ព្រះអង្គ។
យោងទៅតាមព័ត៌មាន នៅលើសិលាចារឹកប្រាសាទព្រះខ័ន ឱ្យដឹងថា ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងបារាយជ័យតដាក ត្រូវបានកែប្រែ នៅក្នុងដំណាក់កាលទី២ មានន័យថាបារាយ ត្រូវបានគេលើកឱ្យខ្ពស់ជាងមុន ដើម្បីបន្ថែមបរិមាណទឹកឱ្យបានច្រើន សម្រាប់យកទៅប្រើប្រាស់ ក្នុងវិស័យកសិកម្ម និងជីវភាពប្រចាំថ្ងៃនៅរាជធានី។ ខឿននៃកំពង់ទឹកនេះ ក៏ត្រូវបានគេលើកឱ្យខ្ពស់ជាងមុនដែរ ដើម្បីជៀសផុតពីជំនន់ ពីព្រោះទឹកបារាយ ត្រូវបានគេបន្ថែមឱ្យច្រើន ហើយខឿននេះប្រហែលមានការជួសជុល ឬកែប្រែធ្វើឱ្យខ្ពស់ជាងដំណាក់កាលទី១។ ក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៧ កំពង់ទឹកនេះ ត្រូវបានទុកចោលមួយអន្លើរ ហើយប្រហែលជា នៅក្រោយសម័យអង្គរ ឬមុននេះបន្តិច ឃើញមានស្លាកស្នាមជួសជុលដើម្បីប្រើប្រាស់បន្ត។
អ្នកគ្រប់គ្រងការដ្ឋានជួសជុលកំពង់ទឹកនាទិសខាងកើត របស់ប្រាសាទព្រះខ័ន ឱ្យដឹងទៀតថា ការជួសជុលកំពង់ទឹកនេះ គឺជួសជុលអន្តរាគមន៍ ក្នុងកម្រិតមួយអតិបរមា ធ្វើយ៉ាងណារៀបចំជណ្តើរ រៀបចំថ្មកម្រាល រៀបចំជញ្ជាំងនៃខឿន ឱ្យរឹងឡើងវិញ ដើម្បីបង្ហាញអំពីតួនាទីរបស់កំពង់ទឹក និងទំនាក់ទំនងរវាងប្រាសាទព្រះខ័ន ជាមួយបារាយជ័យតដាក និងប្រាសាទនាគព័ន្ធ។ គោលបំណង នៃការជួសជុល គឺពង្រឹងតែផ្នែកខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំ ដើម្បីបង្ហាញឱ្យឃើញ នូវគ្រប់ស្រទាប់ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ: យី សុថា
រូបភាព: សាលាបារាំងចុងបូព៌ា. ជា សារិទ្ធ. យី សុថា