សម្រស់ថ្ងៃរះនៅអង្គរវត្ត នៅតែជាមន្តស្នេហ៍ ទាក់ទាញភ្ញៀវទេសចរ
ខេត្តសៀមរាប ៖ សម្រស់ថ្ងៃរះ នាពេលព្រឹកព្រលឹម នៅតែជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលទៅទស្សនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ឥតដាច់ជារៀងរាល់ថ្ងៃ។
បើទោះបីបច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរ បានថយចុះបន្តិច ក្នុងការចូលទៅទស្សនា តំបន់រមណីយដ្ឋានអង្គរក៏ដោយ ក៏ប៉ុន្តែសម្រស់ថ្ងៃរះ នាពេលអរុណោទ័យ នៅប្រាសាទអង្គរវត្ត នៅតែជាមន្តស្នេហ៍ ទាក់ទាញធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនអាចបំភ្លេច និងខកខានចូលទៅទស្សនាបានឡើយ។
ជាក់ស្តែង ជារៀងរាល់ព្រឹក នៅតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំនួនរាប់រយនាក់ តែងនាំគ្នា ចូលទៅទស្សនានិងថតយករូបភាព អនុស្សាវរីយ៍ ពេលថ្ងៃរះ នៅប្រាសាទអង្គរវត្ត អំពីសម្រស់ដ៏ត្រកាលនេះ មិនដែលអាក់ខានឡើយ។
គោលដៅមួយចំនួនដែល កំពុងក្លាយជាមន្តស្នេហ៍ ទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ ឱ្យចង់គយគន់ និងថតយករូបភាព មិនអាចខកខានរាល់ថ្ងៃនេះ គឺសម្រស់ប្រាសាទអង្គរវត្ត នៅពេលថ្ងៃរះ នាព្រឹកព្រលឹម, ទី២គឺទិដ្ឋភាពពេលថ្ងៃរះ នៅស្រះស្រង់មុខប្រាសាទបន្ទាយក្តី និងពេលថ្ងៃរៀបលិច នៅលើកំពូលប្រាសាទភ្នំបាខែង៕