អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងខឿនជណ្ដើរ នៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលពង្រឹងខឿនជណ្ដើរ នៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។

បុរាណវិទូ លោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងថា ការជួសជុលនេះ ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរ ឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរ នៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្តនេះ មានសភាពហែកញែក ចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងថ្មខ្លះទៀត ក៏បម្រុងនឹងធ្លាក់ ក្នុងស្ថានភាពបែបនេះហើយ ក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យថែរក្សា និងពង្រឹងខឿន ឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។

លោកស្រី វិជ្ជាសច្ចរ៉ា មានប្រសាសន៍ទៀតថា កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងកត្តាធម្មជាតិ ដែលធ្វើឱ្យរលុះរចនាសម្ព័ន្ធគ្រឹះខូចរូបរាង។

ក្រុមការងារ បានចាប់ផ្ដើមកិច្ចការដំបូង គឺសិក្សាទៅលើសម្រង់ប្លង់ ចុះបញ្ជីលេខ ស្វែងរកថ្ម ការផ្គុំថ្ម ថាតើថ្មចេញពីប្រភពណា? បន្ទាប់ពីផ្គុំចេញរូបរាងរួចហើយ ទើបក្រុមការងារសិក្សា ទៅលើគ្រឹះ ថាតើគួរជុសជុស ឬគួររើ គួរពង្រឹងដើម្បីយកទៅដាក់កន្លែងដើមវិញ ឬក៏យ៉ាងណា? ក្រៅពីនេះក្រុមការងារបានធ្វើការទល់ទ្រដំបូលកណ្ដាលកុំឱ្យរលុះធ្លាក់ថែមទៀតផង៕

អត្ថបទ និងរូបភាព: លោកជា ស្រស់

អត្ថបទដែលជាប់ទាក់ទង