សម្តេច ហ៊ុន សែន ប្រកាសចាកចេញពីតំណែង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយប្រគល់តំណែងជូន ឯកឧត្តម ហ៊ុន ម៉ាណែត

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានថ្លែងសារពិសេស ពាក់ព័ន្ធដំណើរការរៀបចំគណៈរដ្ឋមន្រ្តីថ្មី..។

សម្តេច ហ៊ុន សែន ក៏បានប្រកាសចាកចេញពីតំណែងនាយករដ្ឋមន្រ្តី នៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣ ហើយប្រគល់ជូន ឯកឧត្តម ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន នឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ខាងក្រោមជាប្រសាសន៍សំខាន់ៗសម្តេចឱកាសថ្លែងសារពិសេស ពាក់ព័ន្ធដំណើរការរៀបចំគណៈរដ្ឋមន្រ្តីថ្មី៖

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈការផ្សាយផ្ទាល់នៅរសៀលថ្ងៃនេះ។

* សម្តេចតេជោ បានថ្លែងថា ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ក៏នឹងត្រូវត្រាស់បង្គាប់តែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនជ្រៀតជ្រែកការងាររបស់លោក ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀតប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំ ដើម្បីធានាសេចក្តីសុខសាន្តរបស់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលាឈប់នេះ គឺជាការអនុវត្តន៍តាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការផ្ទេរព្រះរាជបល្ល័ង្ក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រ នឹងចាត់តាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៅថ្ងៃទី៧ ខែសីហា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋសភានីតិកាលទី៧ នឹងកោះប្រជុំលើកដំបូងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅល្ងាចថ្ងៃទី២១ ខែសីហា សមាជិកសភាចូលស្បថនៅព្រះបរមរាជវាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២២ ខែសីហា សភានឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់ព្រឹទ្ធបុរស ហើយពេលល្ងាចគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែង។

* សម្តេចតេជោ ហ៊ុន សែន អាឡោះអាល័យសម្តីរដ្ឋមន្ត្រីក្រសួងវប្បធម៌ពាក្យមួយឃ្លាថា «ជួបប្អូនប្រុសជារឿងសប្បាយ បែកពីឪពុកជារឿងដ៏លំបាក»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងបញ្ចប់តំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើរាប់ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ធ្វើជានាយករដ្ឋមន្ត្រី ២០១៤សប្តាហ៍ ស្មើនឹង ២៦៣ខែ ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើរាប់ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ធ្វើជានាយករដ្ឋមន្ត្រី ២០១៤សប្តាហ៍ ស្មើនឹង ២៦៣ខែ ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ ស្មើនឹង ១៤០៩៩ថ្ងៃ។

* សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា គិតចាប់ពីថ្ងៃទី៨ ខែមករា ១៩៧៩ ដល់ ២២ ខែសីហា ឆ្នាំ២០២៣ សម្តេចបានបំពេញការងារក្នុងរដ្ឋាភិបាល/រាជរដ្ឋាភិបាល ២៣២៨សប្តាហ៍ ស្មើនឹង ១៦២៩៧ថ្ងៃ, ៥៣៥ខែ, ៤៤ឆ្នាំ ៧ខែ និង៤ថ្ងៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគិតចាប់ពីថ្ងៃដែលសម្តេចយកជីវិតធ្វើដើមទន់ដើម្បីរំដោះជាតិ ២០ មិថុនា ១៩៧៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ បានបំពេញការងារដើម្បីបុព្វហេតុជាតិ ៤៦ឆ្នាំ ២ខែ ២ថ្ងៃ ត្រូវជា ៥៥៤ខែ ត្រូវជា ២៤០៩សប្តាហ៍ ១៩៨៦៤ថ្ងៃ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី របស់លោក ហ៊ុន ម៉ាណែត មិនតម្រូវឱ្យមានការគាំទ្រពីបរទេសណាមួយនោះឡើយ គឺត្រឹមតែប្រជាពលរដ្ឋគាំទ្រគ្រប់គ្រាន់ហើយ។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា លោក ហ៊ុន ម៉ាណែត នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការក្លាយទៅជានាយករដ្ឋមន្ត្រី របស់លោក ហ៊ុន ម៉ាណែត យ៉ាងហោចណាស់ឆ្លងកាត់៤ដំណាក់កាល គឺការឯកភាពផ្ទៃក្នុងបក្ស, ត្រូវតែជាប់ជាសមាជិកសភាតាមរយៈការបោះឆ្នោតសកល, ទទួលការតែងតាំងពីព្រះមហាក្សត្រឱ្យរៀបចំរាជរដ្ឋាភិបាល និង ឆ្លងកាត់ការអនុម័តដោយសភាជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីទាំងឡាយដែលមិនអាចបន្តតំណែង សូមមេត្តាយោគយល់ ហើយត្រូវតែមានការលះបង់មួយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ក្រុមប្រឆាំង ដែលប្រឹងជេរសម្តេច និងលោក ហ៊ុន ម៉ាណែត រហូតធ្វើឱ្យបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋរហូតដល់ទៅជាង ៨២ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តបរទេសតែងតែបន្ទោសបង្អាប់រាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១៨ តែពួកគេនៅតែធ្វើការជាមួយសម្តេច រាប់ទាំងកិច្ចប្រជុំកំពូលអាស៊ានផងដែរ៕ ប្រភព ៖ fresh News

អត្ថបទដែលជាប់ទាក់ទង