ឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះស្ត្រីឈឺពោះឆ្លងទន្លេម្នាក់ រស់នៅលើកោះរ៉ុងសន្លឹម ដោយជោគជ័យ
ខេត្តព្រះសីហនុ ៖ ស្វាមីស្ត្រីឈឺពោះឆ្លងទន្លេម្នាក់ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានថ្លែងអំណអរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារអូប័រល្បឿនលឿន ជីធីវីស៊ី (GTVC) ដែលបានបញ្ជូនអូប័រពេទ្យ មកទទួលយកក្រុមគ្រួសារ ក៏ដូចជាប្រពន្ធ របស់គាត់ ដែលឈឺពោះឆ្លងទន្លេ ទៅសង្គ្រោះនៅមន្ទីពេទ្យ នាក្រុងព្រះសីហនុ ទាន់ពេល។
លោក សុខ ពិសី ត្រូវជាប្តីស្ត្រីឈឺពោះឆ្លងទន្លេ បានបួងសួងសុំទេវតាឆ្នាំថ្មីប្រសិទ្ធពរជ័យជូនដល់ លោកឧកញ៉ា ទៀ វិចិត្រ និង ក្រុមគ្រួសារ ក្រុមការងារ សូមជួប តែសេចក្តីសុខសប្បាយ សុខភាពល្អ កំលាំងមាំមួន ប្រកបកិច្ចការងារ អ្វីៗអោយបានសម្រេចដូចបំណងប្រាថ្នា និងជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបី ឃ្លាតឡើយ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង ០៤:៣០នាទីទាបភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជីធីវីស៊ី (GTVC) ឲ្យទៅទទួលយកស្ត្រីឈឺពោះឆ្លងទន្លេម្នាក់ រស់នៅក្រុងកោះរ៉ុង ដែលរូបគាត់ឈឺពោះខ្លាំងបម្រុងឆ្លងទន្លេ បញ្ជូនយកមកកាន់ដីគោក នាក្រុងព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះឈ្មោះ ដាញ់ ឌី អាយុ ២៩ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ លោកបន្តថា ក្រោយរូបលោកទទួលដំណឹងភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រីរងគ្រោះរូបនេះភ្លាមៗ ដឹកមកកាន់មន្ទីរពេទ្យ នាក្រុងព្រះសីហនុ ទាំងយប់។
បច្ចុប្បន្ន ស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយត្រូវក្រុមការងារក្រុមហ៊ុន ជីធីវីស៊ី របស់លោកឧកញ៉ា ទៀ វិចិត្រ ដឹកបន្តតាមរថយន្តសង្គ្រោះ របស់របស់ក្រុមហ៊ុននេះ ដើម្បីយកទៅសង្គ្នៅមន្ទីរពេទ្យ ដោយជោគជ័យ៕