ឈ្មួញ​លួចនាំចូល ជ្រូកកណ្តុរអត់ច្បាប់ ​ពីប្រទេស​វៀតណាម ចូលមកកម្ពុជា តាមច្រករបៀង នៅតែបន្តកើតមាន

ខេត្តត្បូងឃ្មុំ ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ កាលពីវេលម៉ោង១០ និង៣០នាទីព្រឹក ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានចុះស្ទាក់ចាប់រថយន្ត ០១គ្រឿង ម៉ាក Ssangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាក់ស្លាកលេខភ្នំពេញ ២N-៣៥០១ សង្ស័យ​ដឹកសត្វជ្រូករស់អស់ច្បាប់អនុញ្ញាតចំនួន ៧៣ក្បាល (ទម្ងន់ចន្លោះពី ១០ទៅ ១៨គីឡូក្រាម)។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា រថយន្តដឹកជ្រូក​ខាងលើនេះ បាននាំចូលពីប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុង​នឹងយកទៅចែកចាយនៅរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារ បានឃាត់រថយន្តដឹកជ្រូករស់ឆ្លងដែនពីប្រទេសវៀតណាមនេះ នៅក្នុងភូមិស្ទឹងកាច់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបម្រុងយកទៅចែកចាយនៅរាជធានីភ្នំពេញ។ ហើយបច្ចុប្បន្ន ក្រុមការងារ បាននាំយកបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការបន្ត​នីតិវិធីច្បាប់៕ 
អត្ថបទដែលជាប់ទាក់ទង