សត្វផ្សោតមួយក្បាលទៀត បានស្លាប់នៅចំណុចកោះព្រះ ស្រុកសៀមបូក
ខេត្តស្ទឹងត្រែង ៖ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី វិចិត្រ បានឱ្យដឹងកាលពីរសៀលថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣ថា៖ កម្លាំងមន្ត្រីជលផល និងអង្គការ WWF បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ លេីសត្វផ្សោតមួយក្បាល ដែលកម្លាំងឆ្មាំទន្លេប៉ុស្តិ៍កោះជ្រឹម បានប្រទះឃើញសត្វផ្សោតស្លាប់ នៅចំណុចកោះព្រះ ដោយមិនឃើញមានជាប់មង ឬសន្ទូចរនងនោះទេ។ ប៉ុន្តែមានស្នាមឆ្នូតនៅត្រង់ពោះ របស់វា។
មន្ត្រីរូបនេះ បញ្ជាក់ថា សត្វផ្សោត ដែលអណ្តែតទឹកស្លាប់នេះ គេបានប្រទះឃើញនៅព្រឹកមិញ វេលាម៉ោង ៦និង ៣០នាទី ទេីបខាងរដ្ឋបាលជលផល បានយកសពសត្វផ្សោតនោះ មករក្សាទុក ដើម្បីធ្វើកោសល្យវិច័យ ពីអង្គការ WWF ដើម្បីដឹងថា សត្វផ្សោតមួយក្បាលនោះ ស្លាប់ ដោយសារអ្វីពិតប្រាកដ?។
លោក ស្រី វិចិត្រ បន្ថែមថា សត្វផ្សោត ១ក្បាលនេះ មានទំងន់ជាង ១៩០គីឡូក្រាម តែមិនទាន់ដឹងថា រស់នៅក្នុងអន្លង់ផ្សោតណាពិតប្រាដកនោះទេ។ លុះត្រាតែខាងអង្គការ WWF ពិនិត្យច្បាស់លាស់ ទើបដឹងថា វារស់នៅក្នុងអន្លង់មួយណា?។
លោកថា ចំណុចដែលសត្វផ្សោតងាប់នេះ គឺនៅក្បែរអន្លង់ត្បូងខ្លា ដែលមានព្រំប្រទល់ រវាងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
បន្ថែមពីនេះ លោកនាយខណ្ឌរដ្ឋបាលជលផល បញ្ជាក់ថា ខេត្តស្ទឹងត្រែង មានអន្លង់ត្រីមេពូជ មានឈ្មោះថា អន្លង់ឈើទាល អន្លង់កោះសន្ទក់ អន្លង់កោះកូនសត្វ និងអន្លង់ត្បូងខ្លា ដែលជាអន្លង់ទឹកជ្រៅ និងបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្សធនធានជលផល និងជីវៈចម្រុះ..៕