ខឹងដឹកស្រាមកឲ្យយឺត ជនបរទេសម្នាក់ ចាប់ក្បាលបុរសអ្នកដឹកអីវ៉ាន់ បោកផ្ទប់កញ្ចក់រថយន្តបែកក្បាល
រាជធានីភ្នំពេញ ៖ សមត្ថកិច្ច បានឲ្យដឹងថា បុរសជនជាតិបទេសម្នាក់ បានកុម្មង់ស្រាមួយដប ហើយដោយសារតែ អ្នកដឹកអីវ៉ាន់តាមអនឡាញម្នាក់ ដឹកយកមកឲ្យយឺត ២នាទី បង្កទៅជាជម្លោះប្រតាយប្រតប់គ្នា ដោយជនបរទេសរូបនោះ បានចាប់ក្បាលបុរសអ្នកដឹកអីវ៉ាន់ បោកផ្ទប់នឹងកញ្ចក់រថយន្តមួយគ្រឿង បណ្តាលឱ្យបែកកញ្ចក់ និងបែកក្បាលហូរឈាមពេញមុខ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៩និង២០នាទី យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខខុនដូមួយកន្លែង ស្ថិតនៅតាមបណ្តាយផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បុរសរងគ្រោះ ដែលជាអ្នកដឹកអីវ៉ាន់តាមអនឡាញ ឱ្យក្រុមហ៊ុនឈ្មោះ (ញ៉ាម) បានរៀបរាប់ថា មុនពេលកើតហេតុ មានបុរសជនបរទេសម្នាក់ ដែលជាជនបង្ក បានកុម្មង់ស្រាមួយដប ឱ្យដឹកយកទៅឱ្យនៅខុនដូមួយកន្លែង ក្នុងខណ្ឌបឹងកេងកង។ ក្រោយមកបុរសរងគ្រោះ ក៏បានដឹកស្រាមួយដបនោះយកទៅដល់មុខខុនដូនោះ។
បន្ទាប់មកបុរសជនបរទេសរូបនោះ ក៏បានចុះមកស្រែកឡូឡាដោយចោទទៅលើអ្នកដឹកអីវ៉ាន់តាមអនឡាញថា ដឹកមកយឺត ២នាទី ក្រោយមកក៏កើតជាជម្លោះប្រតាយប្រតប់គ្នា ធ្វើឱ្យបុរសជនបរទេស ចាប់បុរសអ្នកដឹកអីវ៉ាន់ បោកក្បាលផ្ទប់ទៅនឹងកញ្ចក់រថយន្តមួយគ្រឿង ដែលចតនៅក្បែរកន្លែងកើតហេតុ បណ្តាលឱ្យបែកកញ្ចក់។ ចំណែកឯអ្នកដឹកអីវ៉ាន់អនឡាញវិញ បានបែកក្បាលហូរឈាម និងបន្តវាយប្រតាយប្រតប់គ្នាពេញផ្លូវ ផ្អើលដល់សមត្ថកិច្ចខណ្ឌបឹងកេងកង ចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។
អំឡុងពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកឃាត់ខ្លួនបុរសជនបរទេស និងនាំអ្នកដឹកអីវ៉ាន់អនឡាញ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី១ ដើម្បីសាកសួរបន្ត។ ក្រោយពីសាកសួររួច បុរសជនបរទេស ជាអ្នកបង្កក៏ព្រមសងថ្លៃការខូចខាត និងមើលរបួសអ្នករងគ្រោះ ដើម្បីបញ្ចប់រឿង៕