រថយន្តម៉ាក BMW បើកបរដោយជនជាតិចិន បុករនាំងផ្លូវល្បឿនលឿន ក្រឡាប់ស្លាប់ម្នាក់ និងរបួស៣នាក់


ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បានអោយដឹងថា កាលពីម៉ោងជិត ១១យប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង នៅលើផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៦-៩៧ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

ហេតុការណ៍នេះ កើតឡើងដោយរថយន្ត ១គ្រឿង ម៉ាក BMW ពាក់ផ្លាកលេខ ភ្នំពេញ 2BE 6806 អ្នកបើកបរដោយបុរស ជនជាតិចិន មិនទាន់ស្គាល់ឈ្មោះ សរុបមានបុរសជនជាតិចិន ៤នាក់ បានរួមដំណើរជាមួយគ្នា។

រថយន្តនេះ បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ លុះដល់ចំណុចកើតហេតុ រថយន្ត ក៏បានរេចង្កូតទៅខាងស្តាំដៃ បុកប៉ះបង្គោលសុវត្ថិភាព ហើយជ្រុលទៅបុកគំនរដីចញ្ចើមផ្លូវថែមទៀត បណ្តាលឲ្យអ្នករួមដំណើរ ជាជនជាតិចិនម្នាក់ធ្លាក់ផ្លោងចេញពីរថយន្ត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណើរជាមួយ ០៣នាក់ទៀត បានរងរបួសស្រាល។

ករណីនេះ សមត្ថកិច្ចជំនាញ កំពុងបន្តដោះស្រាយតាមនីតិវិធី។ ចំពោះវត្ថុតាងរថយន្ត ០១គ្រឿង ត្រូវសមត្ថកិច្ច ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីរង់ចាំរកដំណោះស្រាយ នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង