អាជ្ញាធរជាតិអប្សរា កាត់មែកឈើមួយចំនួន នៅបរិវេណប្រាសាទបាយ័ន ដើម្បីបញ្ចៀសពីហានិភ័យ
ខេត្តសៀមរាប ៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានកាត់ដក និងក្រីមែកឈើ គឺដើមឈើទាលមួយចំនួន ដែលអាចបង្កហានិភ័យខ្ពស់ដល់ ភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់មកទស្សនាប្រាសាទ នានា ក្នុងរមណីយដ្ឋានអង្គរ។
លោក យិន សុវ៉ាត ទីប្រឹក្សា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ថា ការកាត់ដក ក្រីមែកឈើ ដែលងាប់នេះ គឺដោយសារតែ មែក និងគល់របស់វាពុកផុយជាអន្លើៗ។ ហើយថា ការកាត់ដក និងកាត់ក្រីមែកឈើ គឺក្នុងគោលបំណង ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ ជួយសម្រាលទម្ងន់ដើមឈើ ជៀសវាងបាក់ធ្លាក់ ឬដួលរលំជាយថាហេតុផ្សេងៗ បណ្តាលឱ្យប៉ះពាល់ និងអាចបាក់ធ្លាក់បង្កហានិភ័យចំពោះ ភ្ញៀវដើរឆ្លងកាត់ចេញចូលប្រាសាទ។
លោកបន្តថា ការកាត់ដក និងកាត់ក្រីមែកឈើ នៅតាមទីតាំងនានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោក យិន សុវ៉ាត បន្ថែមថា ក្នុងអំឡុងពេល ចុះអនុវត្តកិច្ចការងារនេះ ក្រុមការងារក៏បានរៀបចំផ្លូវវាង ដើម្បីសម្រួលដល់ភ្ញៀវ ឆ្លងកាត់ និងបញ្ចៀស នូវគ្រោះថ្នាក់ផ្សេងៗកំពុងបំពេញការងារ។
លោកបញ្ជាក់ថា នេះជាការងារប្រចាំថ្ងៃ របស់អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាពវប្បធម៌ ក៏ដូចជាថែរក្សាបរិស្ថាន ក្នុងរមណីយដ្ឋានអង្គរ។
ព្រមជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ និងចូលរួមសហការ ដើម្បីឱ្យការអនុវត្តការងារនេះ បានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា៕ ប្រភព ៖ KK